ជាតិ
សាលាបឋម, អនុវិទ្យាល័យ និងមណ្ឌលសុខភាពចំនួន៣០ ជាគំរូផ្នែកផ្តល់សេវាសាធារណៈប្រចាំឆ្នាំ២០២៣
22, Feb 2024 , 9:58 am        
រូបភាព
តំណាង​ជ័យលាភីចំណាត់ថ្នាក់លេខ​១​នៃ​វិស័យនីមួយៗឡើង​ទទួល​ពាន និង​ប្រាក់រង្វាន់ ក្នុងកម្មវិធី​ដែល​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
តំណាង​ជ័យលាភីចំណាត់ថ្នាក់លេខ​១​នៃ​វិស័យនីមួយៗឡើង​ទទួល​ពាន និង​ប្រាក់រង្វាន់ ក្នុងកម្មវិធី​ដែល​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ប្រចាំឆ្នាំ២០២៣។



អនុក្រឹត្យចុះកាលពីថ្ងៃទី១៩ ខែកុម្ភៈ បង្ហាញថា អនុវិទ្យាល័យភ្នំយ៉ាត នៅខេត្តប៉ៃលិន ជាប់លេខ១ ក្នុងចំណោមអនុវិទ្យាល័យដែលផ្តល់សេវាសាធារណៈគំរូទាំង១០ ប្រចាំឆ្នាំ២០២៣។ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា(សៀមរាប) ជាប់លេខ២, អនុវិទ្យាល័យសង្គមថ្មី (ព្រះវិហារ) បានលេខ៣, អនុវិទ្យាល័យពោធិ៍សាត់ (ពោធិ៍សាត់) ឈរចំណាត់ថ្នាក់​លេខ​៤ និងអនុវិទ្យាល័យទីរួមខេត្ត (កំពង់ស្ពឺ) ស្ថិតនៅលេខ៥។

នៅខេត្តកំពង់ចាម អនុវិទ្យាល័យអន្លង់អក និងអនុវិទ្យាល័យទួលថ្ម ទទួលបានចំណាត់ថ្នាក់លេខ៦ និងលេខ៧ ដោយនាំមុខអនុវិទ្យាល័យលង្វែក (កំពង់ឆ្នាំង), អនុវិទ្យាល័យហ៊ុន សែនពោធិ៍ចិនតុង (ភ្នំពេញ) និងអនុវិទ្យាល័យបាក់អំបែក (បាត់ដំបង)។

ក្នុងវិស័យអប់រំដដែល សាលាបឋមសិក្សាស្វាយជ្រំ (ស្វាយរៀង) និងសាលាបឋមសិក្សាសម្ដេចជាស៊ីម (បាត់ដំបង) ទទួលបានចំណាត់ថ្នាក់លេខ១ស្ទួន សម្រាប់ជ័យលាភីសាលាបឋមសិក្សា ខណៈសាលាបឋមសិក្សាវត្តបូព៌ (សៀមរាប) បានលេខ៣, សាលាបឋមសិក្សាចតុមុខ (ភ្នំពេញ) ជាប់លេខ៤, សាលាបឋមសិក្សាគិរីសុវណ្ណវង្ស (កំពង់ឆ្នាំង) ឈរនៅចំណាត់ថ្នាក់លេខ៥។

សាលាបឋមសិក្សាក្រវ៉ាន់ (សៀមរាប) ជាប់លេខ៦ ដោយឈរពីលើសាលាបឋមសិក្សាវត្តចែង (បាត់ដំបង), សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ (កំពង់ធំ), សាលាបឋមសិក្សាសំរោង (ឧត្តរមានជ័យ) និងសាលាបឋមសិក្សាអង្គជុំ (កំពត) នៃតារាងជ័យលាភីទាំង១០។

សម្រាប់វិស័យសុខាភិបាលវិញ មណ្ឌលសុខភាព សំរោង (ពោធិ៍សាត់) ជាម្ចាស់ជ័យលាភីលេខ១, មណ្ឌលសុខភាព គោកចក (សៀមរាប) ទទួលលេខ២, មណ្ឌលសុខភាពបឹងបតកណ្ដោល (ពោធិ៍សាត់) លេខ៣, មណ្ឌលសុខភាព ព្រៃព្នៅ (ព្រៃវែង) លេខ៤ និងមណ្ឌលសុខភាព ពេជចង្វារ (កំពង់ឆ្នាំង) លេខ៥។

មណ្ឌលសុខភាព៥ទៀតដែលស្ថិតក្នុងចំណោមជ័យលាភីទាំង១០ រួមមាន មណ្ឌលសុខភាពថ្មគ្រែ (ក្រចេះ), មណ្ឌលសុខភាព អង្គភ្នំតូច (កំពត), មណ្ឌលសុខភាព តានី (កំពត), មណ្ឌលសុខភាព ស្ពឺ (កំពង់ចាម) និងមណ្ឌលសុខភាពបុស្បូវ (បន្ទាយមានជ័យ) លេខ១០។

ជ័យលាភីលេខ១ ទទួលបានថវិកា ២០០ លានរៀល, លេខ២ បាន១៥០ លានរៀល, លេខ៣ បាន១០០លានរៀល, លេខ៤ បាន៨០លានរៀល, លេខ៥ បាន៦០លានរៀល ហើយចាប់ពីលេខ៦ ដល់លេខ១០ ទទួលបាន ៤០លានរៀល។

ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ជាការជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ សម្រាប់រដ្ឋាភិបាល នេះជាការឆ្លើយតបយ៉ាងល្អប្រសើរ ទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៕



© រក្សាសិទ្ធិដោយ thmeythmey.com