ជាតិ
សេដ្ឋកិច្ច
ខែដំបូង ពន្ធដារប្រមូលចំណូលឱ្យជាតិបានជិត៣០០លានដុលា្លរ
22, Feb 2024 , 11:29 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖​ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖​ GDT
ក្នុងខែមករា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលថវិកាចូលជាតិបាន ១ ២០៩,១៤ ពាន់លានរៀល ឬស្មើនឹងប្រមាណ២៩៨លានដុល្លារអាម៉េរិក។ ចំណូលនេះ​ ស្មើនឹង ៧,១៧ ភាគរយនៃផែនការកំណត់ដោយច្បាប់ស្តីពីគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤​។

 
បើតាមប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ​​ទើបចេញផ្សាយនាថ្ងៃទី២០កុម្ភៈ ចំណូលជាតិជិត៣០០លានដុល្លារ ដែលប្រមូលបានពន្ធដារ-អាករគ្រប់ប្រភេទនេះ គឺបានធ្លាក់ចុះក្នុងអត្រា០,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។​  ដើម្បីសម្រេចនូវផែនការប្រចាំឆ្នាំ២០២៤ ពន្ធដារនឹងពង្រឹងគុណភាពនៃការផ្តល់សេវា​ ដោយមន្ត្រីផ្តល់សេវាត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន។
 
ក្នុងពេលឆាប់ៗនេះ អគ្គនាយកដ្ឋានពន្ធដារ​ នឹងដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលផ្តល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្ត លើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗ មកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែម ពីលើជម្រើសនៃការអញ្ជើញមកផ្ទាល់ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។
 
កាលឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ៣ ៦១២,១២លានដុល្លារ ស្មើនឹង ១០១,១៣ភាគរយ ​នៃផែនការ៕
 
 
 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com