កីឡាជាតិ
ជាតិ
ពានសម្តេច៖ បឹងកេត ទម្លាក់ដង្កោសែនជ័យឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ ខណៈការតវ៉ាលើសលុប អ្នកគាំទ្ររត់ចូលទីលាន តែត្រូវកីឡាករ និងមន្ដ្រី ចាប់ឃាត់
× បឹងកេតដែលសល់គ្នា១០នាក់ ទម្លាក់ អាយ អេស អាយ ដង្កោសែនជ័យ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្ដេច ហ៊ុន សែន លើកទី១៧ ក្រោយបន្តរកបានជ័យជម្នះ ៤-២ នៅជើងទី២ នៅកីឡដ្ឋាន AIA KMH Park ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបដ៏តានតឹងរវាងក្រុមទាំងពីរ ធ្វើឲ្យការប្រកួតហាក់បីដូចជាឡើងកម្ដៅ ព្រោះការបញ្ចេញអស់ពីសមត្ថភាពរៀងខ្លួន ទាំងអ្នកគាំទ្រ និងកីឡាករលើទីលាន។
ការប្រកួតរវាងបឹងកេត និង អាយ អេស អាយ ដង្កោសែនជ័យទាក់ទាញយ៉ាងខ្លាំង ដោយសារការវាយបកគ្នាទៅវិញទៅមកលឿន ហើយលាយឡំជាមួយសម្រែកពីអ្នកគាំទ្រទាំងសងខាង ក្នុងកីឡដ្ឋាន AIA KMH Park។ កីឡាករ TAKAHASHI Mahiro ជួយបឹងកេតរកបានគ្រាប់នាំមុខ អាយ អេស អាយ ដង្កោសែនជ័យ ១-០ នៅនាទី៣២ មុនពេល សំអុល ទីណា តែតបញ្ចូលទី វាយបក១គ្រាប់វិញឱ្យ ដង្កោសែនជ័យ តាមស្មើ ១-១ នៅនាទី៤៥+២។
៣នាទី ដែលនៅសល់ក្នុងការថែម៥នាទី នៃតង់ទី១ ធ្វើឱ្យកីឡដ្ឋាន AIA KMH Park កាន់តែឡើងកម្ដៅ ទាំងកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំង២ក្រុម។ ដោយដង្កោសែនជ័យ បានចាញ់បឹងកេតជើងទី១ ក្នុងលទ្ធផល៤-២ នៅកីឡដ្ឋានអូឡាំពិក ដូច្នេះ ម្ចាស់ផ្ទះនេះ មិនបន្ធូរហើយប្រឹងធ្វើយ៉ាងណា អាចរកគ្រាប់បាល់តាមស្មើក្នុងជើងទី២ បើទោះជាត្រូវប៉ះទង្គិចគ្នាជាច្រើនលើក ក៏ដោយ។ រីឯ បឹងកេត ក៏ដូចគ្នា មិនបន្ធូរ ហើយកាន់តែដាក់សម្ពាធបន្ថែមទៅកាន់ម្ចាស់ផ្ទះ។ កីឡាករកាន់តែប្រឹង សម្រែកអ្នកគាំទ្រកាន់តែខ្លាំង។
កីឡាករបឹងកេត អបអរគ្រាប់បាល់ជាមួយអ្នកគាំទ្រ រូបពីពានសម្ដេចហ៊ុន សែន
លុះចូលដល់នាទី៤៥+៤ លោក ហុង ផេង គ្រូបង្វឹកបឹងកេត និង លី រ៉ាវី ជំនួយការគ្រូបង្វឹកបឹងកេត ទទួលបានកាតក្រហម ដោយសារការស្រែកតវ៉ាពីខាងក្រៅទីលាន។ អ្នកគាំទ្របឹងកេតខ្លះ បានស្រែកបន្ទោសអាជ្ញាកណ្ដាល ចំពោះការកាត់សេចក្ដីនេះ។ ១នាទីបន្ទាប់ ជា វេសលី របស់បឹងកេត ទទួលបានកាតលឿង១ បន្ទាប់ពីតវ៉ារកបាល់ហ្វ្រីឃីក ក្រោយពីមានការប៉ះទង្គិចជាមួយ ក្រុមម្ចាស់ផ្ទះ នៅតំបន់ប្រយុទ្ធ។ លោក ជា សាមឌី អាជ្ញាកណ្ដាលក្នុងទីលាន មិនឲ្យបាល់ហ្វ្រីឃី ប៉ុន្ដែឲ្យកាតលឿងទៅជា វេសលី វិញ។ កីឡាករបឹងកេតនេះ តវ៉ាម្ដងហើយម្ដងទៀត រហូតលោក ជា សាមឌី ឈានដល់ការដកកាតលឿងទី២ និងកាតក្រហម។ អ្នកគាំទ្រខ្លះមិនអស់ចិត្ត ក៏ស្រែកជេរម្ដងទៀត ហើយក៏មានមួយចំនួនតូចរត់ចូលទីលាន សំដៅទៅអាជ្ញាកណ្ដាល ប៉ុន្ដែត្រូវកីឡាករ និងមន្ដ្រីក្នុងកីឡដ្ឋានឃាត់ទាន់។ ចប់តង់ទី១ បឹងកេត ស្មើជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ១-១។
ក្នុងតង់ទី២ បឹងកេត មានសមាសភាពកីឡាករ ត្រឹមតែ១០នាក់ប៉ុណ្ណោះ។ លទ្ធផលស្មើ និងសមាសភាពកីឡាករត្រឹមតែ១០នាក់ អ្នកគាំទ្របឹងកេត ប្រឹងស្រែកខ្លាំងៗ ដើម្បីលើកទឹកចិត្តកីឡាករ ហើយក៏មានការស្រែកជេរអាជ្ញាកណ្ដាលខ្លះៗដែរ។
ផ្ទុយទៅវិញក្នុងតង់ទី២នេះ បឹងកេត លេងបានល្អជាង តង់ទី១ ដោយរកបាន៣គ្រាប់បន្ថែម។ ៣គ្រាប់នោះ រកបានដោយ ម៉ាត់ ណូរុន ២គ្រាប់ (នៅនាទី៥៤ និង៥៧) និងកីឡាករ Yoshihama Ryohei នៅនាទី៧៥។ លទ្ធផល ៤-១ នាំមុខម្ចាស់ផ្ទះ បានធ្វើឲ្យអ្នកគាំទ្រ ឈប់ជេរអាជ្ញាកណ្ដាល ប៉ុន្ដែសម្រែកច្រៀងគាំទ្រកាន់តែខ្លាំងឡើង។ ចូលដល់នាទី៧៧ អៀម រតនា របស់អាយ អេស អាយ ដង្កោសែនជ័យវាយបកបាន១គ្រាប់ លទ្ធផល ៤-២។ បញ្ចប់ការប្រកួត បឹងកេតឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងជើងទី២ លទ្ធផល ៤-២។
ក្រៅពីបឹងកេត ដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង និងវិសាខា ក៏បានឡើងទៅដែរ។ ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល ៦-០ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈ វិសាខា ស្មើជាមួយព្រៃវែង នៅកីឡដ្ឋានព្រីនស៍ ប៉ុន្ដែវិសាខា មានគ្រាប់បាល់ចំណេញ១រួចជាស្រេច ព្រោះបានយកឈ្នះព្រៃវែង ១-០ ក្នុងជើងទី១។ ចំណែក ១ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវរង់ចាំការប្រកួតរវាង ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN។ ការប្រកួតជើងទី១ ភ្នំពេញក្រោន បានឈ្នះគិរីវង់សុខសែនជ័យ ២-០៕
Tag:
បាល់ទាត់
ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com