កីឡាជាតិ
ជាតិ
«ពហុកីឡដ្ឋានជាតិ» ជា​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល ដែលអាច​ផ្តល់​សេវាកម្ម និងរៀបចំ​ព្រឹត្តិការណ៍ផ្សេងៗ
23, Feb 2024 , 3:39 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាល បានសម្រេច​បង្កើត​ «ពហុកីឡដ្ឋានជាតិ» (ព.ក.ជ​.) ជាគ្រឹះស្ថាន​សាធារណៈរដ្ឋបាល។ តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយសម្តេច ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ព.ក.ជ. ដែលមានឈ្មោះជាភាសាអង់គ្លេសថា «National Sports Complex» (NSC) មាន​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ជាអង្គភាព​ក្រោមឱវាទ ហើយ​ស្ថិតក្រោមក្រសួងអប់រំ យុវជន និង​កីឡា ជាអាណាព្យបាល​បច្ចេកទេស និង​ក្រោមក្រោមអាណាព្យាបាល ហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
តាម​មាត្រា២​នៃអនុក្រឹត្យ ព.ក.ជ. ជានីតិបុគ្គល នៃនីតិសាធារណៈ និងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពី​មានពហុកីឡដ្ឋានជាតិមរតកតេជោ ជាអង្គភាពក្រោមឪវាទ ការបញ្ចូលពហុកីឡដ្ឋាន ឬកីឡដ្ឋាន ដទៃទៀតឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព.ក.ជ. ត្រូវធ្វើឡើងដោយអនុក្រឹត្យតាមសំណើរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
«ពហុកីឡដ្ឋានជាតិ»  មានអាសយដ្ឋានទីស្នាក់ការកណ្តាលបច្ចុប្បន្នស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពោល​គឺ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយ​គ្រឹះស្ថាន​សាធារណៈរដ្ឋបាលនេះ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍពហុកីឡដ្ឋានជាតិ។


 
មុខងារ និងភារកិច្ច ដែល ព.ក.ជ. ត្រូវបំពេញ មានដូចជា ការ​គ្រប់គ្រង ថែទាំ ជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ពហុកីឡដ្ឋានជាតិ, ការ​ផ្តល់សេវាកម្មលើសកម្មភាព និងព្រឹត្តិការណ៍កីឡា សិល្បៈ វប្បធម៌ ពាណិជ្ជកម្ម នានាគ្រប់កម្រិត និងគ្រប់ប្រភេទ, ការគ្រប់គ្រងឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ និង​រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យ ក្នុងពហុកីឡដ្ឋានជាតិ។
 
បន្ថែមពីលើនេះ ព.ក.ជ. ជាស្ថាប័ន​ផ្តល់ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធដល់មន្ត្រី បុគ្គលិកគ្រប់កម្រិតរបស់ពហុកីឡដ្ឋានជាតិ, ស្វែងរក និងកៀរគរមូលនិធិ តាមរយៈចលនូបត្ថម្ភ ទីផ្សារ កីឡា និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការ ការថែទាំ និងការជួសជុលពហុកីឡដ្ឋានជាតិ ព្រមទាំងការវិនិយោគបន្ថែម, គ្រប់គ្រង ផលិត និងផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ, គ្រប់គ្រង និងរៀបចំមុខតំណែង ប្រាក់បៀវត្ស និងប្រព័ន្ធលាភការផ្សេងៗទៀតសម្រាប់មន្ត្រី បុគ្គលិកគ្រប់កម្រិតរបស់ពហុកីឡដ្ឋានជាតិ។
 


ជាគ្រឹះស្ថាន​សាធារណៈរដ្ឋបាល ព.ក.ជ​. ក៏មានតួនាទី​អនុវត្តគោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ វិស័យកីឡា រួម​ទាំង​កិច្ច​សហការជាមួយសហព័ន្ធកីឡាជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ នានានៅពហុកីឡដ្ឋានជាតិ។
 
អនុក្រឹត្យ​បាន​កំណត់​ថា ព.ក.ជ. មាន​សមាជិក​ក្រុម​ប្រឹក្សាភិបាល​៩​រូប ដែល​ដឹកនាំ​ដោយ​តំណាង​ពីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដោយ​អនុប្រធាន២រូប ​ជាតំណាងពីក្រសួងអប់រំ យុវជននិងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សមាជិក​ផ្សេងទៀត មានសមាសភាពមកពី​ក្រសួងសេដ្ឋកិច្ច, ក្រសួងទេសចរណ៍, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, រដ្ឋបាល​រាជធានីភ្នំពេញ, នាយក ព.ក.ជ. និង​តំណាងបុគ្គលិក ព.ក.ជ.។
 
នាយកនាយក​ប្រតិបត្តិនៃគ្រឹះស្ថាននេះ មាន​តួនាទីជានាយកប្រតិបត្តិ ដោយសមាសភាពជាមន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ដែល​ត្រូវ​តែងតាំង និង​បញ្ចប់មុខ​តំណែង​ដោយព្រះរាជក្រឹត្យ រីឯ​បុគ្គលិក​អចិន្ត្រៃយ៍ គឺជាមន្ត្រីរាជការ​ក្របខណ្ឌ​មុខងារសាធារណៈ៕

Tag:
 ពហុកីឡដ្ឋានជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com