ជាតិ
គណៈសង្ឃធ្លាប់ប្រាប់វត្តឱ្យដាក់ក្រុមយាមល្បាត មិនឱ្យជនឆ្លៀតឱកាស យកទីអារាមសេពគ្រឿងញៀន
23, Feb 2024 , 4:39 pm        
រូបភាព
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក
ភ្នំពេញ៖ កន្លងទៅគណៈសង្ឃនាយក បានសង្កេតឃើញថា មានជនឆ្លៀតឱកាសមួយចំនួន បានឆ្លៀតឱកាស យកទីតាំងវត្តអារាម ដើម្បីសេពគ្រឿងញៀន។ ប៉ុន្តែក្រោយព្រះសង្ឃ បង្កើតក្រុមយាមល្បាតតាមវត្ត សកម្មភាពទាំងនោះ បានថយចុះគួរឱ្យកត់សម្គាល់។



សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថេរដីកា ប្រាប់សារព័ត៌មានថ្មីៗថា ព្រះសង្ឃមិន​មានអាជ្ញាអ្វី ដាក់ទៅលើអ្នកយកទីតាំងវត្តអារាម ដើម្បីសេពគ្រឿងញៀនឡើយ ដោយព្រះសង្ឃអាចត្រឹមតែប្រាប់ និងពន្យល់ជនទាំងនោះប៉ុណ្ណោះ។ 
 
ព្រះអង្គក៏បានដឹងដែរថា កន្លងទៅ មានជនឆ្លៀតឱកាស រួមទាំងព្រះសង្ឃមួយចំនួនតូចផង បានយកវត្តអារាម ជាកន្លែងសេពគ្រឿងញៀន។ ប៉ុន្តែក្រោយពីគណៈសង្ឃនាយក ដាក់ចេញវិធានការគ្រប់វត្តអារាមទាំងអស់ ឱ្យបង្កើតក្រុមយាមល្បាតនៅតាមវត្តមក ឃើញថាស្ថានភាពអនាធិបតេយ្យទាំងនោះ កាត់បន្ថយគួរឱ្យកត់សម្គាល់។
 
ព្រះអង្គ ឃឹម សន អះអាង៖«លោកសង្ឃ ពុំមានអាជ្ញាទេ ដូច្នេះយើងអាចត្រឹមតែប្រាប់ កុំឱ្យមានផឹក កុំឱ្យមានប្រើ។ នៅវត្តធ្លាប់មាន សូម្បីអ្នកបួសហើយហ្នឹងក៏មាន អ្នកខ្លះញៀនស្រាប់ហើយ ក៏ចូលមកបួស។ ពីមុនមកបានដាក់វេនល្បាតដែរ ហើយជាលទ្ធផលឃើញថា បានល្អប្រសើរ ដោយវត្តនៅតាមទីក្រុង និងរាជធានីមិនមានការចូលទៅប្រើគ្រឿងញៀនទៀតទេ។ ដោយឡែក នៅខាងក្រៅរបងវត្ត ដែលមានព្រៃ អាចនៅមានខ្លះ»។
 
សម្ដេចព្រះពុទ្ធជ័យមុនី បន្ថែមថា ព្រះសង្ឃតាមវត្តនានា ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ លើករណីជនអនាធិបតេយ្យមួយចំនួន បានយកទីតាំងរបងវត្ត នៅផ្នែកខាងក្រៅ ធ្វើជាកន្លែងសេពគ្រឿងញៀនដែរ។ ព្រះអង្គ ឃឹម សន បានអំពាវនាវដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់រូប ជួយផ្ដល់ព័ត៌មាន​ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីឃើញមានអ្នកសេពគ្រឿងញៀន នៅខាងក្រៅរបងវត្ត។
 
«ក្នុងនាមជាព្រះសង្ឃក៏មានតួនាទី គ្រប់បែបយ៉ាងទាំងអស់។ អ្វីដែលអាចជួយទប់ស្កាត់បាន នឹងខំប្រឹងប្រែងចូលរួមទប់ស្កាត់»។ នេះជាការអះអាង របស់ព្រះអង្គ ឃឹម សន៕

Tag:
 វត្ត
  គ្រឿងញៀន
  វត្ត
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com