កីឡាជាតិ
ជាតិ
កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ រៀបចំព្រឹត្តិការណ៍កីឡាប៊ីយ៉ាកម្រិតអន្តរជាតិ
23, Feb 2024 , 6:59 pm        
រូបភាព
លោក ម៉ារ៉ា សុជាតិ ផ្ដល់វិញ្ញាប័ណ្ណប័ត្រ ដល់សិក្ខាកាម
លោក ម៉ារ៉ា សុជាតិ ផ្ដល់វិញ្ញាប័ណ្ណប័ត្រ ដល់សិក្ខាកាម
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ជឿជាក់ថា មន្ដ្រីបច្ចកទេស អាជ្ញាកណ្ដាល ចៅក្រមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ រៀបចំការប្រកួតកីឡាប៊ីយ៉ាកម្រិតអន្ដរជាតិធំៗ។ អគ្គលេខាធិការរូបនេះ អះអាងដូច្នេះ ក្រោយពេលបិទវគ្គបណ្ដុះបណ្ដាល មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាលប៊ីយ៉ា ថ្នាក់ជាតិ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែកុម្ភៈ នៅក្លិបប៊ីយ៉ា Champion Snooker។



លោក ម៉ារ៉ា សុជាតិ ដែលត្រូវបានគេស្គាល់ថា លោក មួន ម៉ារ៉ា តារាចម្រៀងទសវត្សរ៍ទី២០ បាននិយាយថា សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា តែងរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីជំនាញ អាជ្ញាកណ្ដាល និងចៅក្រម ដើម្បីឲ្យអ្នកទាំងនោះមានសមត្ថភាពគ្រប់គ្រាន់ អាចជួយដល់សហព័ន្ធក្នុងការរៀបចំការប្រកួតនានា។ នេះ គឺជាលើកទី៣ ដែលសហព័ន្ធ បានរៀបចំវគ្គបណ្ដុះបណ្ដាល ដល់មន្ដ្រី និងអ្នកដែលធ្វើការពាក់ព័ន្ធក្នុងវិស័យកីឡានេះ។
 
អគ្គលេខាធិការរូបនេះ អះអាងថា បច្ចុប្បន្នសហព័ន្ធ មានធនធានមន្ដ្រីជំនាញ អាចរៀបចំព្រឹត្តិការណ៍អន្ដរជាតិបាន ដោយកន្លងមក អ្នកទាំងនោះ មានបទពិសោធនរៀបចំ ជាពិសេសទៀតគឺការទទួលជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។
  
«ខ្ញុំ ដឹងច្បាស់ថាមន្ដ្រីបច្ចេកទេសរបស់យើង នឹងអាជ្ញាកណ្ដាលរបស់យើង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតអន្ដរជាតិ ព្រោះកន្លងមកយើងធ្លាប់រៀបចំការប្រកួតហើយដែរ ដូចជាព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ កីឡាជាតិ និងប្រកួតអន្ដរជាតិដោយសេរី (Open Games) ដែលមានអន្ដរជាតិអាចចូលរួមប្រកួតដោយសេរី។ សមិទ្ធផល ដ៏ធំបំផុតនោះ គឺមន្ដ្រីបច្ចេកទេសរបស់យើង បានរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ខ្ញុំ ជឿជាក់ ១០០ភាគរយ ថាមន្ដ្រីបច្ចេកទេសរបស់យើង អាជ្ញាកណ្ដាល ចៅក្រមទាំងអស់នេះ អាចកាត់ក្ដីបានយ៉ាងល្អ ក្នុងការប្រកួតប៊ីយ៉ារបស់យើង។»។ លោក ម៉ារ៉ា សុជាតិ និយាយប្រាប់ដូច្នេះ។
 
សិក្ខាកាមប៊ីយ៉ាកម្ពុជា ថតរូបជុំគ្នា
 
លោក សុជាតិ ក៏បានបង្ហើបថា ការបង្កើតធនធានកីឡាករ និងមន្ដ្រីបច្ចេកទេស ដែលមានសមត្ថភាព គឺជារឿងលំបាកសម្រាប់សហព័ន្ធ ព្រោះត្រូវការអ្នកមានទេព្យកោសល្យ និងមានចំណង់ចំណូលចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងស្រឡាញ់កីឡានេះ។ ប៉ុន្ដែលោក សុជាតិ ក៏បញ្ជាក់ផងដែរ ថាធនធានខ្លះ គឺស្រួលក្នុងការបណ្ដុះបណ្ដាល ដោយសារអ្នកទាំងនោះ គឺជាមន្ដ្រី ឬបុគ្គលិកនៅក្នុងក្លិបប៊ីយ៉ាស្រាប់ ហើយពួកគេចង់អភិវឌ្ឍខ្លួនបន្ថែម ដូច្នេះ បានស្ម័គ្រចិត្តមកសិក្សាជាមួយសហព័ន្ធ។ នេះ ដូចគ្នាទៅហ្នឹងកីឡាករ ដែលចង់រីកចម្រើន បានប្រឹងប្រែងរហូតជាប់ជាជម្រើសជាតិ ហ្វឹកហាត់ជាមួយសហព័ន្ធ។
 
«មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម មានស្រួលខ្លះ និងពិបាកខ្លះ។ ចំណុច ដែលស្រួលនោះ គឺអ្នកទាំងនោះ ជាបុគ្គលិក នៅតាមបណ្ដាលក្លិបប៊ីយ៉ា។ អ៊ីចឹង គាត់យល់ នៅការងារនេះ។ យើងយកគាត់មកតាមការស្ម័គ្រចិត្ត តាមការស្រឡាញ់កីឡានេះ បន្ដទៅមុខទៀត។ អ៊ីចឹងពួកគាត់ចូលមករៀនវគ្គបន្ថែមជាមួយសហព័ន្ធជាតិ ដើម្បីធ្វើការជាមួយវិស័យកីឡានេះឯង។ ចំណែកកីឡាករវិញ បច្ចុប្បន្ន ធនធានរបស់យើង មិនជាច្រើនទេ។ អ៊ីចឹងហើយ បានជាយើងបង្កើតការប្រកួតថ្នាក់ជាតិ ដើម្បីជ្រើសរើស និងចម្រាញយក កីឡាករ ដែលមានសមត្ថភាព និងយកកីឡាករថ្មី ដែលគាត់ស្រឡាញ់លើវិស័យនេះ ចង់អភិវឌ្ឍខ្លួន មកធ្វើជាកីឡាករជម្រើសជាតិកម្ពុជាយើង ដែលយើងនឹងបង្កើតការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងពេលឆាប់ៗខាងមុខ។»។ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបញ្ជាក់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាល មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាលកីឡាប៊ីយ៉ា ត្រូវបានធ្វើចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្លិប Champion Snooker ដោយមានសិក្ខាកាម១៦នាក់ ក្នុងនោះស្ដ្រី៨នាក់។ លោក ម៉ារ៉ា សុជាតិ វាយតម្លៃថាសិក្ខាកាមទាំងអស់ បានយល់ដឹងច្រើន​ ហើយអាចប្រើប្រាស់អ្វី ដែលបានរៀននោះយកទៅអនុវត្តជាផ្លូវការ តាមរយៈការចូលរួមរៀបចំការប្រកួតព្រឹត្តិការណ៍នានា៕

Tag:
 ម៉ារ៉ា សុជាតិ
  ប៊ីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com