ជាតិ
រដ្ឋាភិបាល ​បង្កើតគណៈកម្មការសាស្ត្រាស្លឹករឹត ​ដើម្បី​​អភិរក្ស និងផ្សព្វផ្សាយសាស្ត្រាស្លឹករឹត
23, Feb 2024 , 8:19 pm        
រូបភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការសាស្ត្រាស្លឹករឹត(គ.ស.រ) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារថែរក្សា ការពារ និងផ្សព្វផ្សាយសាស្ត្រាស្លឹករឹត​។ នេះបើយោងតាមអនុក្រឹតចុះហត្ថលេខាដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

 
យោងតាមអនុក្រឹតដដែល គ.ស.រ មានសមាសភាពរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាប្រ​ធាន ហើយ​តួនាទី និងភារកិច្ចនៃគណៈកម្មការនេះមានដូចជា ពិនិត្យសម្រេច​លើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើការងារប្រមូល ចងក្រង ការពារ ថែរក្សាសាស្ត្រាស្លឹករឹតទាំងអស់នៅ​កម្ពុជា។ គណៈកម្មការសាស្ត្រាស្លឹករឹត ក៏ជាអ្នកវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រទាំងនោះដែរ។ 
 
គណៈកម្មការនេះ ក៏ជាអ្នករៀបចំក្របខណ្ឌគតិយុត្តពាក់ព័ន្ធការថែរក្សា ការការពារ និងការផ្សព្វផ្សាយសាស្ត្រាស្លឹករឹត និង​សហការ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ​ ក្នុងការបញ្ជូន​សាស្ត្រាស្លឹករឹតត្រឡប់មក​កម្ពុជាវិញ។ 
 


​គណៈកម្មការសាស្ត្រាស្លឹករឹត ក៏ជាអ្នកដឹកនាំការងារផ្សព្វផ្សាយសាស្ត្រាស្លឹករឹត ព្រមទាំងលើក​សំណើ និងចាត់វិធានការដោះស្រាយបញ្ហានានា ​ពាក់ព័ន្ធការប្រមូល ការការពារ ការថែរក្សា និងការផ្សព្វផ្សាយសាស្ត្រាស្លឹករឹត ស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។ 
 
លើសពីនេះទៀត គណៈកម្មការសាស្ត្រាស្លឹករឹត អាចលើកសំណើសុំអនុសាសន៍ គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធការថែរក្សា ការការពារ និងការអភិវឌ្ឍសាស្ត្រាស្លឹករឹតពីប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យតាមការចាំបាច់។ 



ការសិក្សារៀបចំបង្កើតបណ្ណាល័យ ឬសារមន្ទីរសាស្ត្រាស្លឹករឹត សម្រាប់ជាកន្លែងអភិរក្សនិងស្រាវជ្រាវ អំពីសាស្ត្រាស្លឹករឹត ក៏ស្ថិតក្រោមដែនតួនាទី និងភារកិច្ចរបស់គណៈកម្មការសាស្ត្រាស្លឹករឹតនេះដែរ។
 
សូមជម្រាបថា ពាក្យ សាស្ត្រាស្លឹករឹត ក្នុងអនុក្រឹតនេះ សំដៅដល់ឯកសារសរសេរ ឬចារលើស្លឹកទ្រាំង ឬស្លឹកត្នោតជាដើម ដែលកត់ត្រាពីក្បួន ច្បាប់ អក្សរសិស្បិ៍ ធម៌វិន័យ ប្រវត្តិសាស្ត្រ ឬរឿងរ៉ាវពីបុរាណ៕ 
 


Tag:
 ស្លឹករឹត
© រក្សាសិទ្ធិដោយ thmeythmey.com