ទីក្រុងមូស្គូហាក់នៅតែអាចទប់ទល់និងទណ្ឌកម្មរបស់លោកខាងលិចបាន ទោះជាមានការខ្វះខាតកម្លាំងពលកម្ម អតិផរណាខ្ពស់ និងផ្លាស់ប្តូរទិសដៅលក់ប្រេងក៏ដោយ។ នេះជាអ្វីដែលកំពុងកើតឡើងនៅរុស្ស៊ីដែលរងទណ្ឌកម្មជុំជិតក្រោយការឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។
នៅចុងខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ប្រទេសលោកខាងលិចបានឆ្លើយតបភ្លាមៗ ជាមួយនិងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកលើប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី។
តួយ៉ាងអាម៉េរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដាបានដកធនាគាររុស្ស៊ីជាបន្តបន្ទាប់ចេញពីប្រព័ន្ធទូទាត់សកល (SWIFT) ។ ពាក់កណ្តាលនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារកណ្តាលរុស្ស៊ីនៅបរទេសដែលស្មើនឹងប្រហែល ៣០០ពាន់លានដុល្លារត្រូវបានបង្កក។
ប្រេងឆៅ ដែលជាប្រភពចំណូលសំខាន់សម្រាប់ថវិការបស់រុស្ស៊ី ក៏រងផលប៉ះពាល់ដែរ។ នៅខែធ្នូ ឆ្នាំ២០២២ ក្រុមប្រទេសរីកចម្រើនទាំង៧ (G7) បានហាមប្រាមក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងក្នុងប្រទេសសមាជិកមិនអោយផ្តល់សេវាកម្មសម្រាប់ការនាំចេញប្រេងរុស្ស៊ី ប្រសិនបើតម្លៃលក់លើសពី ៦០ដុល្លារក្នុងមួយបារ៉ែល។ ការហាមឃាត់ស្រដៀងគ្នានេះ ក៏ត្រូវបានដាក់លើផលិតផលប្រេងរបស់រុស្ស៊ីចាប់ពីខែកុម្ភៈឆ្នាំ ២០២៣ ។
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានបន្តអនុម័តទណ្ឌកម្មលើកទី១៣ លើរុស្ស៊ី។ នៅក្រោមកញ្ចប់ទណ្ឌកម្មថ្មីនេះ ក្រុមហ៊ុន និងបុគ្គលជិត ២០០នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយរុស្ស៊ីក្នុងការទិញសព្វាវុធ ឬជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនកុមារអ៊ុយក្រែន នឹងត្រូវហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ឬចូលទៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប។ បុគ្គល និងក្រុមហ៊ុនទាំងនេះក៏ប្រឈមនឹងហានិភ័យនៃការបង្កកទ្រព្យសម្បត្តិផផងដែរ។
លោកខាងលិចរំពឹងថា ទណ្ឌកម្មនឹងបង្កឱ្យមានផលវិបាកចំពោះសេដ្ឋកិច្ចរុស្ស៊ី។ យ៉ាងណាមិញ បន្ទាប់ពីរយៈពេល ២ឆ្នាំចាប់តាំងពីសង្គ្រាមផ្ទុះឡើង រឿងតែមួយគត់ដែលសេដ្ឋវិទូយល់ស្របនោះគឺថា ទីក្រុងម៉ូស្គូមិនបានដួលរលំដូចដែលពួកគេព្យាករនោះទេ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា GDP របស់រុស្ស៊ីនឹងកើនឡើង ២,៦ភាគរយនៅឆ្នាំនេះ។ កំណើននេះ ខ្ពស់ជាងការព្យាករក្នុងខែតុលា កាលពីឆ្នាំមុនថា សេដ្ឋកិច្ចរុស្ស៊ីកើនឡើង ៣,៦ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass ។
ប្រាក់ចំណូលប្រេង របស់រុស្ស៊ីក៏កើនឡើងខ្ពស់ដែរ។ យោងតាមច្បាប់ថវិកាដែលបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងខែវិច្ឆិកាឆ្នាំមុន ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូនៅឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ៣៥ទ្រីលានរូប្លិ៍ (ជិត ៣៩៤ពាន់លានដុល្លារ)។ តួលេខព្យាករសម្រាប់ឆ្នាំ២០២៥ មានចំនួនជិត ៣៧៧ពាន់លានដុល្លារ ហើយសម្រាប់ឆ្នាំ២០២៦ មានចំនួនជាង ៣៨២ពាន់លានដុល្លារ។
នេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយពីប្រទេសនេះបានកត់ត្រាចំណូលថវិកាចំនួនត្រឹម ៣២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ទោះបីជាត្រូវចំណាយយ៉ាងច្រើនលើវិស័យការពារជាតិដើម្បីបម្រើសង្រ្គាមនៅអ៊ុយក្រែន និងទប់ទល់នឹងទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកពីប្រទេសលោកខាងលិចក៏ដោយ។ ប្រាក់ចំណូលភាគច្រើនរបស់រុស្ស៊ីកាលពីឆ្នាំមុនបានមកពីការនាំចេញប្រេង។
អត្រាគ្មានការងារធ្វើបច្ចុប្បន្នក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ។ រដ្ឋបាលស្ថិតិសហព័ន្ធរុស្ស៊ី (Rosstat) បាននិយាយថាតួលេខនេះមានអត្រាតែ ៣,២ភាគរយក្នុងឆ្នាំ២០២៣។
ហេតុអ្វីបានសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ ?
លោកស្រី Elina Ribakova សេដ្ឋវិទូនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានពន្យល់តាមទូរទស្សន៍ DW ថាមានហេតុផលសំខាន់ៗចំនួន៣ ដែលសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ។ ទីមួយ ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះត្រូវបានត្រៀមទុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្ម។ វិមានក្រឹមឡាំងបានស៊ាំនឹងការដាក់ទណ្ឌកម្មជិតមួយទស្សវត្សមកហើយ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤។
ហេតុផលទីពីរ គឺរុស្ស៊ីនៅតែមានប្រាក់ចំណូលយ៉ាងច្រើនពីការនាំចេញប្រេង និងឧស្ម័ន។ តម្លៃប្រេងបានហក់ឡើងថ្លៃបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើង។ ទន្ទឹមនេះ ប្រទេសលោកខាងលិចមានភាពយឺតយ៉ាវក្នុងការដាក់ចេញនូវគោលនយោបាយដាក់ទណ្ឌកម្ម។ នេះមានន័យថា ពាណិជ្ជករដឹកជញ្ជូន និងក្រុមហ៊ុនប្រេងរបស់រុស្ស៊ីមានពេលជាច្រើនខែដើម្បីរៀបចំទប់ទល់ស្ថានភាពនេះ។
ទីបំផុតការរឹតបន្តឹងរបស់លោកខាងលិចលើការនាំចេញទៅកាន់ប្រទេសរុស្ស៊ីមិនមានប្រសិទ្ធភាពគ្រប់គ្រាន់នោះទេ។ រុស្ស៊ីនៅតែអាចទិញផលិតផលចាំបាច់តាមរយៈប្រទេសទី៣។
ទន្ទឹមនេះ សេដ្ឋកិច្ចរបស់រុស្ស៊ីមានភាពរស់រវើក ដោយសារប្រទេសនេះដឹងពីរបៀបដោះស្រាយទណ្ឌកម្ម។ អស់រយៈពេលជិតមួយឆ្នាំហើយ ដែលរុស្ស៊ីនៅតែអាចលក់ប្រេងបានក្នុងតម្លៃធម្មតា ជំនួសឱ្យតម្លៃក្រោម ៦០ដុល្លារក្នុងមួយបារ៉ែល។ ក្រុមពាណិជ្ជកររុស្ស៊ីបានប្រមូលកប៉ាល់ចាស់ៗ និងក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់ចូលទីផ្សារ រុស្ស៊ីអាចបញ្ជូនប្រេងទៅកាន់ប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌា និងប៉ាគីស្ថាន ដោយមិនចាំបាច់គោរពតាមតម្លៃកំណត់របស់សហភាពអឺរ៉ុប។
លើសពីនេះ នៅពេលខ្សែច្រវាក់ផលិតកម្មលោកខាងលិចបានបិទ រុស្ស៊ីបានធ្វើឱ្យការនាំចូលស្របច្បាប់ដោយអ្នកលក់រាយក្នុងស្រុក។ គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកមានទំនិញគ្រប់ប្រភេទដែលពួកគេផ្សាយពាណិជ្ជកម្មថានាំមកពីបរទេស។ Coca Cola, Zara ឬ IKEA បានចាកចេញពីរុស្ស៊ីតាំងពីឆ្នាំ២០២២ ប៉ុន្តែផលិតផលទាំងនេះនៅតែត្រូវនបានលក់នៅក្នុងប្រទេស។
ធនធានធម្មជាតិជាប្រភពជម្រកដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចរុស្ស៊ី។ ប្រេង ឧស្ម័ន និងទំនិញដូចជា អ៊ុយរ៉ាញ៉ូម នៅតែមានសារៈសំខាន់ជាសកល។ អាម៉េរិកនៅតែទិញអ៊ុយរ៉ាញ៉ូមក្នុងបរិមាណយ៉ាងច្រើនពីរុស្ស៊ី។
រុស្ស៊ីអាចប្រឈមបញ្ហាសេដ្ឋកិច្ចបែបណា?
កន្លងមក សហភាពអឺរ៉ុបនិយាយថា សេដ្ឋកិច្ចរុស្ស៊ីនឹងមិនដួលរលំនៅឆ្នាំ ២០២២ និង២០២៣ទេ ប៉ុន្តែនឹងធ្លាក់ចុះនៅឆ្នាំ ២០២៤ ដោយសារតែការចំណាយខាងយោធាច្រើន។ ប៉ុន្តែនោះគ្រាន់តែជាការពិភាក្សានយោបាយ។ នោះហើយជាអ្វីដែលពួកគេចង់ឱ្យកើតឡើង។
តាមពិត ការចំណាយខាងយោធាកំពុងជំរុញសេដ្ឋកិច្ចរុស្ស៊ី។ ចាប់តាំងពីឆ្នាំ ២០២១ ទំហំនៃការចំណាយនេះបានកើនឡើង៣ដង។ រុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនលើការផលិតអាវុធ។
យ៉ាងណាមិញ ការចាក់លុយចូលទៅក្នុងទំនិញប្រើប្រាស់ជំនួសឱ្យការវិនិយោគក្នុងឧស្សាហកម្មអាចបណ្តាលឱ្យមានផលវិបាកអវិជ្ជមានជាច្រើនក្នុងរយៈពេលវែង។ ការធ្វើបែបនេះ វាអាចឲ្យបាត់បង់ទុនបំរុងជាបណ្តើរៗ។ នៅពេលដែលជម្លោះបញ្ចប់ សេដ្ឋកិច្ចនឹងរងការខូចខាតកាន់តែច្រើន។ រុស្ស៊ីនឹងឈឺក្បាលក្នុងការគិតអំពីអ្វីដែលគួរត្រូវធ្វើបន្ទាប់ ។
បញ្ហាមួយទៀតគឺថាទីផ្សារការងាររបស់រុស្ស៊ីកំពុងផ្លាស់ប្តូរ។ បច្ចុប្បន្នរុស្ស៊ីខ្វះធនធានមនុស្សក្នុងវិស័យជាច្រើន។ ភាពអត់ការងារធ្វើមានកម្រិតទាប ប៉ុន្តែប្រាក់ឈ្នួលក៏បានកើនឡើងគួរឱ្យកត់សម្គាល់ពេញមួយឆ្នាំ២០២៣។
រុស្ស៊ីក៏កំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ផងដែរជាមួយនឹង ៧,៤ភាគរយក្នុងឆ្នាំ ២០២៣។ កាលពីឆ្នាំមុន ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីត្រូវដំឡើងអត្រាការប្រាក់យោងយ៉ាងខ្លាំងដល់ ១៦ភាគរយ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនៃតម្លៃ។
ថ្មីៗនេះបណ្តាប្រទេសលោកខាងលិចក៏បានស្វែងរកមធ្យោបាយថ្មីដើម្បីកាត់បន្ថយអំណាចហិរញ្ញវត្ថុរបស់រុស្ស៊ី។ អាមេរិកបានបង្កើនទណ្ឌកម្មលើកប៉ាល់ និងអង្គភាពដែលបំពានលើទណ្ឌកម្មដើម្បីចូលរួមក្នុងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។
កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិនក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ទណ្ឌកម្មធនាគារបរទេសដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដើម្បីជួយរុស្ស៊ីមានហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។
យ៉ាងណាមិញ កម្លាំងហិរញ្ញវត្ថុរបស់រុស្ស៊ី ទំនងជាមិនធ្លាក់ចុះយ៉ាងឆាប់រហ័សនោះទេ ប្រសិនបើតម្លៃប្រេងនៅតែលើសពី ៦០ដុល្លារក្នុងមួយបារ៉ែល។ បច្ចុប្បន្ន ប្រេងរុស្ស៊ីអាចលក់បានក្នុងតម្លៃជុំវិញ ៨០ដុល្លារក្នុងមួួយបារ៉ែល។ ប្រេង ជាប្រភពធនធានយ៉ាងសំខាន់ដែលជួយសេដ្ឋកិច្ចរុស្ស៊ីទប់ទល់វិបត្តិ៕