RFI
អន្តរជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20 ក្នុងបរិបទបាក់បែកគ្នាខ្លាំង ដោយសារសង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសក្រុមប្រទេសG20 ប្រជុំគ្នានៅ ទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ថ្ងៃទី២១ កុម្ភៈ ២០២៤ AP - Silvia Izquierdo
×
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
បន្ថែមពីព្យុះសង្ឃរាការទូត រវាងប្រេស៊ីល និងអ៊ីស្រាអែល គេសង្កេតឃើញថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសG20 ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ នៅទីក្រុងរីយ៉ូ គឺបានប្រព្រឹត្តិទៅក្នុងបរិយាកាស បាក់បែកឈ្លោះប្រកែកគ្នាខ្លាំងណាស់។ ក្រៅពីបញ្ហាសង្គ្រាមនៅហ្កាហ្សា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន គឺជាចំណុចដ៏ធំ ដែលបង្កឲ្យភាពតានតឹងខ្លាំង រវាងរុស្ស៊ី និងក្រុមប្រទេសលោកខាងលិច។ យ៉ាងណាមិញ នៅក្នុងឱកាសប្រជុំនៅវបប្រេស៊ីលនេះ លោកស៊ែរហ្កី ឡាវរ៉ូវ និងលោកអង់តូនី ប្លីងកិនមានវត្តមានដូចគ្នា ហើយដែលគេកំពុងតាមដានថា នឹងមានជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះដែរឬទេ។
លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira ដែលជាប្រធានកិច្ចប្រជុំ បានបើកអង្គប្រជុំ ជាមួយនឹងពាក្យសំដីរិះគន់ខ្លាំងៗ ទៅលើស្ថាប័នអន្តរជាតិ ជាពិសេសគឺទៅលើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ លោកបានលើកឡើងថា ស្ថាប័នអន្តរជាតិពហុភាគី គ្មានសមត្ថភាពគ្រប់គ្រាន់ទាល់តែសោះ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលកំពុងតែធ្វើបាបពិភពលោក តួយ៉ាងដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាសង្គ្រាមនៅហ្កាហ្សា។ លោកបន្តថា ជីវិតមនុស្សត្រូវស្លាប់មិនស្វាង ដោយតសារភាពអសកម្មរបស់ស្ថាប័នអន្តរជាតិកំពូលៗ។
គួរកត់សំគាល់ថា បរិយាកាសទូទៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅទីក្រុងរីយ៉ូ គឺមានភាពតានតឹង ពោរពេញដោយការបាក់បែងខ្វែងគំនិតគ្នា។ មុនពេលប្រជុំមួយថ្ងៃ លោកប្រធានាធិបតីប្រេស៊ីល បានថ្លែងចោទអ៊ីស្រាអែល ថាកំពុងធ្វើអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន មិនខុសពីរបបណាស៊ីសធ្វើទៅលើជនជាតិជ្វីហ្វ។ សំដីនេះ បានបង្កឲ្យមានព្យុះសង្ឃរាការទូត រវាងប្រេស៊ីល និងអ៊ីស្រាអែល។ ផ្អែកតាមប្រភពពីមន្ត្រីការទូតអាមេរិក ក្នុងពេលជួបជាមួយលោកលូឡា កាលពីថ្ងៃពុធ លោក អង់តូនី ប្លិងកិន បានប្រាប់ថា សហរដ្ឋមិនគាំទ្រសំដី និងការយល់ឃើញរបស់លោកប្រធានាធិបតីប្រេស៊ីលទេ។
គួរបញ្ជាក់ដែរថា ក្នុងឱកាសប្រជុំពេលនេះ គឺជាពេលដែលលោក អង់តូនី ប្លីងកិន និងលោកស៊ែរហ្កី ឡាវរ៉ូវ ត្រូវជួបឃើញមុខគ្នាដោយផ្ទាល់។ តែយ៉ាងណា គិតត្រឹមពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ ថានឹងមានជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះទេ។ ប្រសិនបើមានមែន វាអាចជាដំណឹងល្អមួយដែរ ព្រោះថាពេលនេះ សង្គ្រាមនៅអ៊ុយក្រែន កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីប្រឈមមុខគ្នាកាន់តែខ្លាំងឡើង។ ជាងនេះទៀត ក្រោយការស្លាប់របស់លោក អាឡិចសី ណាវ៉ាល់នី គឺសហរដ្ឋអាមេរិក បានចេញមុខខ្លាំង ចោទថាលោកពូទីន គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ លើការស្លាប់ដ៏អយុត្តិធម៌របស់លោកណាវ៉ាល់នី។
ដោយឡែក តាមការគ្រោងទុក លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នឹងជួបប្រជុំជាមួយលោកប្រធានាធិបតីប្រេស៊ីល។ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យកាសែតប្រេស៊ីល O Globo លោកស៊ែរហ្កី ឡាវរ៉ូវ បានថ្លែងរិះគន់ថា ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច គឺគ្មាននរណាមួយបង្ហាញជំហរ និងមានឆន្ទៈនយោបាយ ចង់ដោះស្រាយបញ្ហា ចរចាជាមួយរុស្ស៊ីទេ គឺពួកគេគិតតែពីចង់ធ្វើសង្គ្រាម។
ដោយសង្កេតឃើញ បរិយាកាសដ៏តានតឹងនៅក្នុងកិច្ចប្រជុំនៅរីយ៉ូនេះ ក្រុមមន្ត្រីការទូតបារាំង បានលើកឡើងថា សម្រាប់បារាំងវិញ គឺបារាំងគិតថា ការថ្លែងពាក្យសំដីអំណះអំណាង ស្តីបន្ទោសគ្នា នាំឲ្យមានការបាក់បែកកាន់តែខ្លាំង គឺវាមិនអាចទៅចូលរួមដោះស្រាយបញ្ហា និងឈានទៅកសាងសន្តិភាពនោះទេ។ ចំណែក លោក Josep Borrell ប្រមុខការទូតអឺរ៉ុបវិញ បានលើកឡើងថា វាជារឿងចាំបាច់ណាស់ ដែលG20 ត្រូវតែបង្ហាញថា យន្តការពហុភាគី អាចដំណើរការបាន ហើយអាចចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com