ជាតិ
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើជំរុញការលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ គណៈអធិបតីដើរទស្សនាស្ដង់ពិព័រណ៍សូត្រ។
× សៀមរាប៖ ផលិតផលខ្មែរក្នុងស្រុកចម្រុះ ទាំងតម្បាញ សូត្រ សិប្បកម្ម បន្លែ និងផ្លែឈើច្រើនមុខ បានដាក់តាំងបង្ហាញនៅតាមស្ដង់ជាច្រើន ក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានលើកឡើងថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតជាតិប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងបានចាប់ផ្តើមពីឆ្នាំ២០១០មក។ លោកបន្តថា ពិព័រណ៍នេះជាផ្នែកមួយ នៃយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងបំណងដាស់ស្មារតីឱ្យប្រជាជនខ្មែរ ជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបាន កាន់តែទូលំទូលាយ។
ថ្លែងក្នុងពិធីបើកពិព័រណ៍លើកទី១៧ នៅរសៀលថ្ងៃទី២២ កុម្ភៈ នៅបរិវេណសួនច្បារមាត់ស្ទឹងសៀមរាប លោក ម៉ៅ ថូរ៉ា បានសង្កេតឃើញថា ពិព័រណ៍នៅសៀមរាបពីមួយឆ្នាំទៅមួយឆ្នាំ បានជួយឱ្យខ្សែច្រវាក់ ផលិតកម្មក្នុងស្រុកមានភាពរឹងមាំ ហើយអ្នកផលិត ក៏មានចំណេះដឹងថ្មីលើការអភិវឌ្ឍផលិតផលរបស់ខ្លួន ក៏ដូចជាការផ្ដល់សេវានៅលើទីផ្សារ។ លោក ម៉ៅ ថូរ៉ា បន្ថែមថា ការតាំងពិព័រណ៍នេះ មិនត្រឹមឱ្យ អ្នកផលិត និងអ្នកទិញជួបគ្នាប៉ុណ្ណោះទេ ក៏ជួយឱ្យអ្នកផលិត និងកសិករ ស្វែងយល់ពីផលិតផលពីគ្នាទៅវិញទៅមក អភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឱ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកស្រី ខេង តារាស៊ី យល់ថា ពិព័រណ៍នេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ភាគីទាំងអស់ ក្នុងការស្វែងយល់ពីគ្នា ពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើង ព្រមទាំងជំរុញទៅកាន់ការនាំចេញ ជាបណ្ដើរៗ។ ក្នុងនោះលោកស្រីសង្កេតឃើញថា និន្នាការអ្នកហូបបន្លែនិងផ្លែឈើសុវត្ថិភាពមានការកើនឡើង ដែលជាសញ្ញាដ៏ល្អសម្រាប់ផលិតផលក្នុងស្រុក ជួយឱ្យកសិករពង្រីកការដាំដុះបន្ថែម។
ការលក់បន្លែនិងផ្លែក្នុងពិព័រណ៍លើកទី១៧
លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ កត់សម្គាល់ឃើញថា ពិព័រណ៍នៅឆ្នាំនេះ មានការចូលរួមពីអ្នកផលិតបន្លែ ផ្លែឈើពីខេត្តមួយចំនួនក្រៅពីសៀមរាប ហើយជាផលិតផលក្នុងស្រុកសុទ្ធសាធ។ យ៉ាងណា លោកសំណូមឱ្យកសិករ និងសមាគមអ្នកផលិតនៅខេត្តជិតៗ គួរចូលរួមកាន់តែច្រើន ដើម្បីជំរុញឱ្យការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងបន្លែឈើឱ្យកាន់តែទូលំទូលាយ។
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ រៀបចំរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី២២ ដល់២៥ ខែកុម្ភៈ ដែលមានស្ដង់ចូលរួមសរុបប្រមាណ១២០ស្ដង់។ ក្រៅពីបន្លែផ្លែឈើ ពិព័រណ៍ឆ្នាំនេះ ក៏មានការចូលរួមពីសិប្បកម្មសូត្រ និងតម្បាញចំនួន៩ ដែលមកពីបណ្ដាខេត្តៗនានាផងដែរ៕
Tag:
ផលិតផលខ្មែរ
បន្លែនិងផ្លែឈើក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com