ជាតិ
ក្រុមគ្រូពេទ្យខ្មែរ-សិង្ហបុរី ព្រួយបារម្ភចំពោះការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនបានត្រឹមត្រូវ
24, Feb 2024 , 8:59 pm        
រូបភាព
ក្រុមគ្រូពេទ្យខ្មែរ-សិង្ហបុរី ចូលរួមក្នុងសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ។
ក្រុមគ្រូពេទ្យខ្មែរ-សិង្ហបុរី ចូលរួមក្នុងសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ។
សៀមរាប៖ ក្រុមគ្រូពេទ្យខ្មែរ និងសិង្ហបុរី បានជួបពិភាក្សាគ្នាក្នុងសិក្ខាសាលាស្ដីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគ ក្នុងន័យកំណត់ការព្យាបាលអ្នកជំងឺឱ្យសមស្រប និងកុំឱ្យមានភាពសុំានឹងការប្រើឱសថប្រឆាំងមេរោគ។

នាយករងមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ថ្លែងថា ភាពសុំានៃឱសថប្រឆាំងនឹងមេរោគ (AMR) កំពុងគំរាមកំហែងជាសកលចំពោះសុខភាពសាធារណៈ និងសុវត្ថិភាពអ្នកជំងឺ។ លោកបន្តថា នៅឆ្នាំ២០៥០ ការគំរាមកំហែងនេះ នឹងអាចឱ្យ​មនុស្សស្លាប់១០លាននាក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រមាណ ១០០ពាន់លានដុល្លារអាមេរិក​ក្នុងមួយឆ្នាំ។ 
 
ក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅថ្ងៃទី២២ កុម្ភៈ នៅសណ្ឋាគារ សោមាទេវី អង្គរ លោក ង៉ែត ពិសេស បានសង្កត់ធ្ងន់ថា អ្នកជំងឺជាច្រើនដែលត្រូវបានសង្ស័យមានការឆ្លងមេរោគ ត្រូវបានព្យាបាលដោយថ្នាំ អង់ទីប៊ីយោទិចក្នុងវិសាលភាពទូលំទូលាយ គ្មានការវិនិច្ឆ័យ និងណែនាំអំពីមីក្រូជីវសាស្រ្តគ្រប់គ្រាន់។ លោកបន្ថែមថា ចំណុចនេះធ្វើឱ្យការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគមានភាពសុំា ហើយអត្រាអ្នកស្លាប់ ក៏មានការកើនខ្លាំង រួមទាំងខាតបង់សេដ្ឋកិច្ចមួយផ្នែកធំ។ 
 
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ កុយ វ៉ាន់នី លើកឡើងថា ភាពសុំានៃឱសថ​ប្រឆាំងមេរោគកើតឡើង ដោយសារការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនសមស្របតាមគោលការណ៍ណែនាំប្រតិបត្តិ និងការធ្វើរោគវិនិច្ឆ័យដោយមន្ទីរពិសោធន៍ មិនបានត្រឹមត្រូវ។ លោករំឭកថា ក្នុងកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅកម្ពុជា មន្ទីរពេទ្យកាល់ម៉ែតបានចុះកិច្ចសហការ ជាមួយសកលវិទ្យាល័យជាតិសិង្ហបុរីនៅឆ្នាំ២០១៨ ដើម្បីសិក្សាពីលទ្ធភាពក្នុងការអនុវត្តការងារនេះ ។ ក្នុងនោះមានការបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីទៅសិក្សានៅសិង្ហបុរី និងបានចែកចាយចំណេះដឹងនោះ ទៅបណ្ដាមន្ទីរពេទ្យជាតិនៅកម្ពុជា ចំនួន១៧ផងដែរ។ 
 

លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល

ជាមួយគ្នានេះ លោក កុយ វ៉ាន់នី រំពឹងថា សិក្ខាសាលារយៈពេល២ថ្ងៃ នឹងជួយឱ្យក្រុមគ្រូពេទ្យ ទទួលបានការសិក្សាថ្មីៗ និងការព្យាបាលឱ្យបានត្រឹមត្រូវ សំដៅចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់អ្នកជំងឺ ,កាត់បន្ថយភាពសុំានៃឱសថប្រឆាំងមេរោគ និងកាត់បន្ថយការចំណាយ​របស់អ្នកជំងឺជាដើម។ លោកសាស្រ្តាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ៕


 
 
 
 

Tag:
 សុខាភិបាល
  ឱសថប្រឆាំងនឹងមេរោគ
© រក្សាសិទ្ធិដោយ thmeythmey.com