ជាតិ
មន្ត្រីជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃនេះ
25, Feb 2024 , 10:51 am        
រូបភាព
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈការបោះឆ្នោតអសកល បានចាប់ផ្ដើមដំណើរការហើយ តាំងពីម៉ោង៦ព្រឹក។ សម្រាប់អង្គបោះឆ្នោត មានតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។

 
ការបោះឆ្នោតព្រឹទ្ធសភានេះ មានគណបក្ស៤ ចូលរួមប្រកួតប្រជែងគ្នា ក្នុងនោះគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ។ 
 
 
នាដំណើរការបោះឆ្នោតនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជន គ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់។  គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ គ.ជ.ប បានរៀបចំមណ្ឌលបោះឆ្នោតចំនួន៨ តាមភូមិភាគទាំង៨ ហើយមាន៣៣ការិយាល័យបោះឆ្នោត។
 
សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕

© រក្សាសិទ្ធិដោយ thmeythmey.com