ជាតិ
ក្រុមបច្ចេកទេសកំពុងបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅប្រាសាទអង្គរវត្ត
25, Feb 2024 , 6:59 pm        
រូបភាព
ថ្មនៅរាយប៉ាយដែលកំពុងរៀបចំបង់លេខឬចុះលេខឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ថ្មនៅរាយប៉ាយដែលកំពុងរៀបចំបង់លេខឬចុះលេខឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
 
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ជិត២ពាន់ដុំ ដែលនៅរាយប៉ាយជាប់កំពែងខាងក្រៅ ផ្នែកខាងត្បូង ​និងខាងជើងនៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ ការណ៍នេះ ដើម្បីកំណត់ទីតាំង និងប្រភពរបស់ថ្មឱ្យបានច្បាស់លាស់ ។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា ថ្មមួយចំនួនដែលកំពុងរៀបចំចុះលេខ​ ខ្លះជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក។ ក្រៅពីនោះ បំណែកមួយចំនួនទៀត អាច​ជាដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ នៅជំនាន់បារាំង គេធ្លាប់យកថ្មទាំងនោះមករក្សាទុកនៅទីនេះ។ នេះបើតាមការរៀបរាប់របស់ លោក អន សុភាព ជាបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា។


 ថ្មនៅរាយប៉ាយដែលកំពុងរៀបចំបង់លេខឬចុះលេខឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
 
លោកបុរាណវិទូ បន្ថែមថា ក្រោយបញ្ចប់ការចុះលេខ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើមនិងប្រភពរបស់វា។ លោកថា ការរើថ្មនេះមានភាពស្មុគស្មាញខ្លះៗ ព្រោះថ្មបានរលំគរចម្រុះគ្នាច្រើនទីតាំង។ ឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញ​ពីកន្លែងដើម​ម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំង និងប្រភពដើមឡើងវិញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com