អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកបន្តមានការិយាល័យការទូតនៅបរទេសតិចជាងចិន
27, Feb 2024 , 8:59 am        
រូបភាព
វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានបញ្ចេញសន្ទស្សន៍ការទូតសកល ដោយបង្ហាញថា ការិយាល័យទូតរបស់ចិនរួមមានស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យផ្សេងទៀត បាននាំមុខអាម៉េរិក ក្នុងទំហំតិចតួច នៅក្នុងពេលបច្ចុប្បន្ន។ ចិនមានច្រើនជាងអាម៉េរិកត្រឹម ៣ទីតាំងប៉ុណ្ណោះ។ 

 
នៅក្នុងសន្ទស្សន៍ការទូតដែលចេញផ្សាយដោយវិទ្យាសា្ថនស្រាវជ្រាវ Lowy នៅថ្ងៃទី២៦ ខែកុម្ភៈ អាម៉េរិក និងចិន​កំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងវិស័យការទូត។ ក្នុងនោះ ចិនមានស្ថានបេសកកម្មការទូតនៅបរទេសច្រើនជាងគេចំនួន ២៧៤ទីតាំង ខណៈអាម៉េរិកមានចំនួន ២៧១ទីតាំងនៅលើពិភពលោក។ ចិន បាននាំមុខអាម៉េរិកចាប់តាំងពីឆ្នាំ ២០១៩មក។ 
 
ចិនមានបេសកម្មការទូតច្រើននៅ អាហ្វ្រិក អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ខណៈអាម៉េរិកមាននៅតំបន់ទ្វីបអាម៉េរិក អឺរ៉ុប និងអាស៊ីខាងត្បូង។ 
 
គម្លាតបែបនេះ គឺមានការថយចុះច្រើន បើធៀបនឹងឆ្នាំ២០២១។ នៅក្នុងឆ្នាំនោះ ចិនបាននាំមុខអាម៉េរិករហូតដល់ ៨កន្លែងឯណោះ។ ការថយចុះនេះ ដោយសារអាម៉េរិក បានបើកស្ថានទូតនៅប្រជុំកោះក្នុងតំបន់ប៉ាស៊ីហ្វិកជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយ ស្របពេលចិនកំពុងពង្រីកឥទ្ធិពលខ្លួន។ 
 
ស្របគ្នាដែរ ប្រទេសមួយចំនួនក៏បានខំប្រឹងពង្រីកបេសកម្មការទូតរបស់ខ្លួនគួរឱ្យកត់សម្គាល់។ ក្នុងនោះតួកគីបានបង្កើនស្ថានបេសកម្មការទូតរបស់ខ្លួនរហូតដល់ ២៥២ការិយាល័យ ខណៈ​ឥណ្ឌា​មាន​ចំនួន ១៩៤។ ប្រទេសទាំងពីរនេះ កំពុងបានប្រជែងបន្ថែមទៀតនៅទ្វីបអាហ្វ្រិក។
 
ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បានបង្កើនទម្ងន់នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នៅឆ្នាំ២០២៣ មានបេសកកម្មការទូតថ្មីចំនួន ១៥ត្រូវបានបើកនៅក្នុងតំបន់នេះ។
 
នៅអាស៊ី ជប៉ុននៅតែជាប្រទេសមួយដែលមានបណ្តាញការិយាល័យការទូតដ៏ធំមួយ ដែលមានទីភ្នាក់ងារចំនួន ២៥១ទីតាំង។ ទន្ទឹមនេះ ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ីអាគ្នេយ៍ដែលមានបណ្តាញទីភ្នាក់ងារការទូតធំជាងគេក្នុងតំបន់ ដោយមានទីភ្នាក់ងារចំនួន ១៣០ការិយាល័យ។
 
ទន្ទឹមនឹងចំនួនភ្នាក់ងារការទូតចំនួន៤៣ នៅក្រៅប្រទេស កម្ពុជាជាប់ចំណាត់ថ្នាក់ទី៥៨ នៅពីក្រោយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ដោយនាំមុខតែ ប្រ៊ុយណេ និងឡាវប៉ុណ្ណោះ។
 
ចាប់តាំងពីឆ្នាំ២០១៦ វិទ្យាស្ថាន Lowy បានបោះពុម្ពផ្សាយសន្ទស្សន៍ការទូតសកល ដោយផ្អែកលើចំនួនស្ថានបេសកកម្មការទូតដែលប្រទេសនានាជុំវិញពិភពលោក។ ការលេចឡើងនៃភ្នាក់ងារតំណាងការទូតមិនមែនគ្រាន់តែជាចំនួនប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងមួយផ្នែកពីបណ្តាញទំនាក់ទំនងការទូត និងកម្រិតឥទ្ធិពលនៃប្រទេសមួយនៅក្នុងតំបន់ទាំងនេះ៕ 

Tag:
 ការទូត
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com