ជាតិ
កម្ពុជា ទទួលបានពានរង្វាន់គោលដៅទេសចរណ៍នៅអាស៊ី ចំនួន២
28, Feb 2024 , 11:58 am        
រូបភាព
កម្ពុជា ទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍ចំនួន២ ។ ក្នុងនោះពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី 2023។ នេះបើតាមការវាយតម្លៃ និងការចុះផ្សាយរបស់ World Travel Awards ។

 
កម្ពុជា ទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០២៣។ កម្ពុជា និងប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ World Travel Awards ដែលបានជ្រើសរើសសម្រាប់ការវាយតម្លៃពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី ឆ្នាំ២០២៣។ ជាការសម្រេចចុងក្រោយ World Travel Awards សម្រេចប្រគល់ពាននេះ ដល់កម្ពុជា។
 
ជាមួយការអបអរនេះ ក្រសួងទេសចរណ៍ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៨ កុម្ភៈថា៖«សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌»។
 
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចេញសារដូច្នេះ៖«អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ី ពី World Travel Awards»។
 
ដោយឡែកពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី 2023 ក៏ត្រូវបាន World Travel Awards សម្រេចប្រគល់ជូនកម្ពុជាដែរ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស៣ទៀត រួមមាន ឡាវ ថៃ និងវៀតណាម ដែលត្រូវបាន World Travel Awards ជ្រើសរើស និងវាយតម្លៃ។
 
កម្ពុជា ឈ្នះពានរង្វាន់ជាគោលដៅទេសចរណ៍នេះ ២ឆ្នាំជាប់គ្នាតែម្ដង។ កាលពីឆ្នាំ២០២២ កម្ពុជា ទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីនេះដែរ។ ចំណែកឆ្នាំ ២០២១ បានទៅលើថៃ និង២០២០ និង២០១៩ វៀតណាម ជាអ្នកទទួលបានពាននេះ។
 
កាលពីឆ្នាំ២០២២ កម្ពុជា ក៏ទទួលបានពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី ដែរ។ ចំណែកថៃ ក្ដោបក្ដាប់ពាននេះ នៅឆ្នាំ ២០២១ និងឡាវ បានពាននេះ នៅឆ្នាំ២០២០ និង២០១៩៕

Tag:
 ទេសចរណ៍
  វប្បធម៌អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com