FIFA
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
FIFA Series៖ ​កម្ពុជា មានតែ២ប្រកួតប៉ុណ្ណោះ ទល់នឹងហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន
28, Feb 2024 , 2:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតប្រជែងត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតមិត្តភាពអន្តរជាតិព្រឹត្តិការណ៍ FIFA Series ដោយត្រូវជួបហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ខណៈមិនមានជំនួបទល់កាប់វែរឡើយ។ កម្ពុជាស្ថិតក្នុងក្រុម A ជាមួយ កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន។



​កម្ពុជានឹងត្រូវប្រកួតប្រជែងជំនួបមិត្តភាពអន្តរជាតិ FIFA Series នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះទោះបីជាមិនចូលរួមប្រកួតក៏ដោយ។ ក្រៅពីក្រុម A ដែលមានកម្ពុជា កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ក៏រៀបចំការប្រកួតសម្រាប់ក្រុម B បន្ថែមទៀត ដោយរួមមានប្រទេស ប័រម៊ូដា (Concacaf), ព្រុយណេ (AFC), ហ្គីណេ (CAF) និង វ៉ានូទូ (OFC)។ ទាំងក្រុម A និង B តម្រូវឱ្យមានការប្រកួតតែពីរលើកប៉ុណ្ណោះ ដោយក្រុមខ្លះមិនបានប៉ះគ្នាឡើយ។
 
តាមរយៈការបង្ហោះលើផេកផ្លូវការបណ្តាញសង្គមហ្វេសបុករបស់សហព័ន្ធបាល់ទាត់ FFC ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រលេខ៧៩ពិភពលោក មកពីទ្វិបអាហ្រ្វិកនៅថ្ងៃទី២២ ខែមីនា និងប៉ះហ្គីយ៉ាន លេខ១៥៧ពិភពលោក មកពីទ្វីបអាម៉េរិកខាងត្បូង នៅ៤ថ្ងៃបន្ទាប់។
  


តាមរយៈការប្រកាសនេះ ទោះបីជាស្ថិតក្នុងក្រុម A មានក្រុមដល់ទៅ៤ រួមទាំងកម្ពុជាក្នុងនោះ ប៉ុន្តែក្រុមរហស្សនាមគោព្រៃមិនបានជួបក្រុមកាប់វែរឡើយ។ កាប់វែរ ជាក្រុមខ្លាំងមកពីអាហ្វ្រិក ដោយបច្ចុប្បន្នពួកគេមានចំណាត់ថ្នាក់លេខ១៣ ក្នុងតំបន់ និងលេខ ៦៥ ពិភពលោក ដែលទើបធ្វើព្យុះភ្លៀងនៅក្នុងពានរង្វាន់ African Cup of Nations ឆ្នាំ ២០២៣ រួចមក។
 
បើតាមការបញ្ជាក់របស់លោក កែវ សារ៉េត មកកាន់សារព័ត៌មានថ្មីៗ មូលហេតុដែលតាមពូលនិមួយៗមានតែពីរប្រកួត ដែលធ្វើឱ្យក្រុមខ្លះមិនបានជួបគ្នា ទំនងដោយសារពួកគេមានគម្លាតចំណាត់ថ្នាក់ពិភពលោក FIFA Ranking ខុសគ្នាច្រើនពេក ខណៈ FIFA Series បង្កើតឡើងក្នុងគោលបំណងឱ្យក្រុមក្នុងទ្វីបផ្សេងគ្នាអាចមានឱកាសជួបគ្នា ដើម្បីសាកល្បងសមត្ថភាពប៉ុណ្ណោះ។



​FIFA Series បានបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ 
 
FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងក្រុមថ្នាក់ទាបដទៃទៀត អាចប្រកួតជាអន្តរទ្វីប។
 
គួររំលឹកថាការប្រកួតមិត្តភាពអន្តរទ្វីបថ្មី FIFA នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាខ្លាំង ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិជាថ្មី៕
 

Tag:
 កម្ពុជា
  FIFA Series
© រក្សាសិទ្ធិដោយ thmeythmey.com