ជាតិ
Nv na? nh jg nham! រដ្ឋមន្ត្រីអប់រំព្រួយបារម្ភ និងក្រើនរម្លឹកឱ្យរួមគ្នាលើកកម្ពស់ភាសាខ្មែរ
28, Feb 2024 , 4:38 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរម្លឹកដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងគ្រូបង្រៀន អង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យយកទុកដាក់លើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរនៅលើបណ្តាញសង្គម និងនៅតាមទីសាធារណៈ។ លោកក៏ព្រួយបារម្ភផងដែរចំពោះការនិយមសរសេរ កត់ត្រាអក្សរបរទេសជំនួសអក្សរខ្មែររបស់យុវជននាពេលពេលបច្ចុប្បន្ន។



តាមលិខិតដែលចុះហត្ថលេខាកាលពីថ្ងៃ២៣ ខែកុម្ភៈ លោក ហង់ជួន ណារ៉ុន បានណែនាំដល់គ្រប់អង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាលើកកម្ពស់ការប្រើប្រាស់សំណេរ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ វេយ្យាករណ៍ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស។

«ត្រូវលើកទឹកចិត្តកូនចៅ និងសិក្សានុសិស្សឱ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ ដោយចៀសវាងការប្រើប្រាស់អក្សរនៃភាសាដទៃជំនួសតួអក្សរខ្មែរ»។ នេះជាការក្រើនរម្លឹករបស់លោករដ្ឋមន្ត្រីអប់រំ ទៅកាន់មាតាបិតាអាណាព្យាបាល និងគ្រូបង្រៀន ខណៈទំនោរសរសេរអក្សរបរទេសជំនួសអក្សរខ្មែរក្នុងការសន្ទនាលើបណ្តាញសង្គម មានការផុសផុលយ៉ាងខ្លាំង។

Nv na? nh jg nham! នេះជាឧទាហរណ៍មួយដែលសារព័ត៌មានឌីជីថលថ្មីៗ ប្រទះឃើញក្នុងការសន្ទនាមួយលើបណ្តាញសង្គម ដោយអ្នកបញ្ចេញមតិយោបល់ ឆ្លើយឆ្លងគ្នាទៅវិញទៅមក តាមរយៈសំណេរអក្សរឡាតាំងជំនួសអក្សរខ្មែរ។

ក្រៅពីណែនាំទៅឪពុកម្តាយ និងអាណាព្យាបាល ឱ្យបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅក្នុងការអាន សរសេរ និងស្រាវជ្រាវដោយប្រើភាសាខ្មែរ លោក ហង់ជួន ណារ៉ុន បានសំដៅជាពិសេសទៅលើសិស្សានុសិស្ស និងយុវជន ដោយផ្ទាល់ឱ្យយកចិត្តទុកដាក់លើបញ្ហាទាំងនេះ។

រដ្ឋមន្ត្រីអប់រំ បានណែនាំទៅយុវជន និងពលរដ្ឋទូទៅថា៖ «ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ការសរសេរឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី»។

ចំពោះគ្រឹះស្ថានរដ្ឋ និងឯកជន លោកតម្រូវឱ្យត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណសាលារបស់ខ្លួន ហើយលោកជំរុញឱ្យមានការរៀបចំការប្រឡងប្រជែងអាន និងសរសេរដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

លិខិតរដ្ឋបាល ឬលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ក៏ត្រូវតែច្បាស់លាស់ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ខ្មែរផងដែរ។ នេះជាការណែនាំរបស់លោក ហង់ជួន ណារ៉ុន ទៅកាន់គ្រប់អង្គភាពអប់រំគ្រប់លំដាប់ថ្នាក់៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com