កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag មិនខ្វល់តំណែង ស្របពេលម្ចាស់ Man Utd ថ្មី មិនទាន់បន្តកិច្ចសន្យា
28, Feb 2024 , 5:11 pm        
រូបភាព
លោក Erik ten Hag មិនខ្វល់ពីបញ្ហាអនាគតនៅក្លិប Manchester United ឡើយ ទោះបីជាម្ចាស់គ្រប់គ្រងថ្មីលោក Sir Jim Ratcliffe មិនទាន់បញ្ជាក់ពីការបន្តកិច្ចសន្យាថ្មី ឬក៏អត់។



អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ វ័យ ៥៤ឆ្នាំ មានកុងត្រាដឹកនាំក្រុមរហស្សនាមបិសាចក្រហមដល់ឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានគេមើលឃើញថាតំណែងអ្នកចាត់ការហាក់មានភាពរង្គោះរង្គើបន្តិច បន្ទាប់ពីដឹកនាំក្រុមធ្វើមិនបានល្អនៅដើមរដូវកាល ដល់ពាក់កណ្តាលរដូវកាល។ បច្ចុប្បន្ន Manchester United ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League។
 
កាលពីសប្តាហ៍មុនភាគហ៊ុន ២៧,៧ភាគរយ នៅក្នុងក្លិបរបស់លោក Ratcliffe ត្រូវបានបង្ហាញ ប៉ុន្តែមហាសេដ្ឋីអង់គ្លេសវ័យ ៧១ឆ្នាំ មិនមានការបញ្ជាក់អ្វីបន្ថែមឡើយទៅលើអនាគតរបស់លោក Erik ten Hag ថានឹងអាចបន្តដឹកនាំនៅរដូវកាលក្រោយ ឬក៏អត់នោះទេ។
 
យ៉ាងណាក៏ដោយ ទាក់ទងបញ្ហានេះ បុរសសញ្ជាតិហូឡង់ អះអាងថាខ្លួនមិនមានបញ្ហាអ្វីទាំងអស់លើអនាគតនៅ Old Trafford។ លោក Ten Hag ជឿជាក់លើផ្នែកគ្រប់គ្រងថ្មីរបស់ក្លិប ដែលថារូបលោកកំពុងតែដឹកនាំក្រុមធ្វើតាមផ្លូវមួយដ៏ត្រឹមត្រូវ។
 
«ខ្ញុំមានកុងត្រា ៣ឆ្នាំ ដូច្នេះខ្ញុំមិនខ្វល់នោះទេ។ ខ្ញុំកំពុងស្ថិតក្នុងដំណើរការគម្រោង ខ្ញុំផ្តោតលើតែគម្រោងតែប៉ុណ្ណោះ ដូច្នេះខ្ញុំមិនខ្វល់ឡើយថានឹងមានអ្វីកើតឡើងជុំវិញខ្លួនខ្ញុំ។ ខ្ញុំមានការជជែកជាច្រើនជាមួយលោក Jim Ratcliffe ដូចគ្នាជាមួយនឹងលោក Dave Brailsford ព្រមទាំងក្រុមការងារដទៃទៀត។ ដូច្នេះខ្ញុំដឹងថាយើងកំពុងតែនិយាយអំពីអ្វី ហើយខ្ញុំមានជំនឿចិត្តខ្លាំងថា ពួកគេគឺជឿជាក់មកលើខ្ញុំ។»។ លោក Ten Hag បាននិយាយក្នុងសន្នសីទកាសែតបែបនេះ។
 
បច្ចុប្បន្នក្លិបបិសាចក្រហមកំពុងត្រូវក្រុមការងាររបស់លោក Ratcliffe ផ្លាស់ប្តូរតំណែង និងតែងតាំងថ្នាក់ដឹកនាំថ្មីជាច្រើន ដើម្បីពង្រឹងក្លិបឡើងវិញ។ ការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងក្លិបកំពុងតែជំរុញឱ្យមានការតាមដានលើស្ថានភាពដឹកនាមក្រុមរបស់លោក Ten Hag ផងដែរ។
 
កាលសប្តាហ៍មុន Man Utd ប្រកួតចាញ់ក្រុម Fulham លទ្ធផល ២-១ នៅ Premier League ហើយនឹងត្រូវបន្តប្រជែងទល់នឹងក្រុម Nottingham Forest នាថ្ងៃ២៨ ខែកុម្ភៈ ពានរង្វាន់ FA Cup ជុំទី៥។ មុនការប្រកួតមកដល់ អ្នកចាត់ការសញ្ជាតិហូឡង់ អះអាងថាលោកនឹងរក្សាទម្រង់លេងនិងកីឡាករដដែល ដោយគ្មានបំណងផ្លាស់ប្តូរអ្វីឡើយ ទោះសប្តាហ៍មុនចាញ់ក៏ដោយក្តី៕

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com