កីឡាអន្តរជាតិ
អន្តរជាតិ
អស់អនាគត! កីឡាករវៀតណាម៥រូប ត្រូវបញ្ចប់អាជីពបាល់ទាត់មួយជីវិត ដោយសារល្បែងភ្នាល់
28, Feb 2024 , 8:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បញ្ចប់អាជីពកីឡាករវៀតណាមចំនួន ៥ នាក់នៅក្នុងក្លិប Ba Ria Vung Tau FC (BRVT) នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម V-League1 អស់មួយជីវិត ជុំវិញការកំណត់លទ្ធផលប្រកួត។



កីឡាករ​ទាំង​៥​នាក់​ដែល​ត្រូវ​ VFF ​ពិន័យ​មួយជីវិតរួម​មាន Tran Ky Anh អាយុ​២០​ឆ្នាំ Nguyen Son Hai អាយុ​៣០​ឆ្នាំ Le Bang Gia Huy អាយុ​២២​ឆ្នាំ Nguyen Quang Huy អាយុ​២០​ឆ្នាំ និង Pham Van Phong អាយុ​២០​ឆ្នាំ។
 
បើតាមការផ្សាយរបស់កាសែត VN Express នៅថ្ងៃទី២៨ ខែកុម្ភៈ ចំណាត់ការដ៏ធ្ងន់ធ្ងរនេះ កើតឡើងក្រោយនគរបាល​ខេត្ត Ba Ria-Vung Tau បាន​បើក​ការ​ស៊ើប​អង្កេត​លើកីឡាករ​ទាំង ៥​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ពី​បទ​លេង​ល្បែង​ស៊ីសង។ មិនត្រឹមអ្នកទាំង៥នេះឡើយ មកទល់ពេលនេះ អាជ្ញាធរ​វៀតណាម​បន្ត​ពង្រីក​សំណុំរឿង​ដើម្បី​បញ្ជាក់​ពី​មុខសញ្ញា​ព្រហ្មទណ្ឌ​លើកីឡាករផ្សេង​ទៀត។ ក្រោយរកឃើញ​បទពិរុទ្ធនេះ ក្លិប BRVT បាន​បញ្ចប់​កិច្ច​សន្យា​របស់​កីឡាករ​ទាំង​៥​នាក់​តែម្តង។
 
ការស៊ើបអង្កេតរបស់មន្ត្រីប៉ូលីសវៀតណាម ក្នុងការប្រកួតរវាង BRVT និង Da Nang នៅកីឡដ្ឋាន Ba Ria នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៣ កីឡាករវៀតណាំទាំង៥នាក់ដែលបង្ហាញខ្លួននៅជម្រើសដំបូង បានព្រមព្រៀងគ្នាប្រកួតមិនសូវបានល្អ។ ពួកគេបានភ្នាល់ខាងក្រុម Da Nang ហើយជាលទ្ធផលក្រុម BRVT ចាញ់ ៣-១។
 
នៅក្នុងរដូវកាលនេះផងដែរ ក្រុម Dong Nai នៃលីគកំពូលវៀតណាម ក៏បានបញ្ចប់កិច្ចសន្យាកីឡាករ៤រូប ដែលលេងមិនសូវបានល្អ ក្រោយក្រុមចាញ់ BRVT ៤-០។ កីឡាករទាំង៤រូបនេះ មិនទាន់រកឃើញថាមានកំហុសកំណត់លទ្ធផល ឬក៏អត់នោះទេ។
 
នេះមិនមែនជាករណីថ្មីឡើយក្នុងវិស័យកីឡាបាល់ទាត់វៀតណាម។ VFF ធ្លាប់បានឃើញករណីកំណត់លទ្ធផលប្រកួតជាច្រើនលើក អំឡុងពេលកីឡាករ Nguyen Quoc Vuong និងមិត្តរួមក្រុមរបស់គេ លេងឱ្យវៀតណាម ក្នុងព្រឹត្តិការណកីឡាស៊ីហ្គេមឆ្នាំ ២០០៥ នៅហ្វីលីពីន៕

Tag:
 កំណត់លទ្ធផល
  BRVT
© រក្សាសិទ្ធិដោយ thmeythmey.com