ជាតិ
UN ជំរុញឱ្យពិភពលោកត្រូវតែធ្វើសកម្មភាពបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃសំរាម
29, Feb 2024 , 10:09 am        
រូបភាព
រូបភាព AFP
រូបភាព AFP
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៨ ខែកុម្ភៈ បានលើកឡើងថា ពិភពលោកបានបង្កើត កាកសំណល់ក្រុងចំនួន ២,៣ ពាន់លានតោនកាលពីឆ្នាំមុន ហើយគំនរសំរាមត្រូវបានកំណត់ នឹងកើនឡើងពីរភាគបីនៅឆ្នាំ ២០៥០ ដែលជាការព្រមានអំពីការចំណាយសម្រាប់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។

 
ការព្យាករណ៍បង្ហាញថា កំណើនសំរាមដ៏ធំបំផុតនឹងស្ថិតនៅក្នុងតំបន់មួយចំនួន ដែលបច្ចុប្បន្នពឹងផ្អែកលើការចោល​ និងការដុត ដែលជាការអនុវត្តបង្កជាឧស្ម័នផ្ទះកញ្ចក់ និងព្រមទាំងសារធាតុគីមីពុលចូលទៅក្នុងដី ផ្លូវទឹក និងខ្យល់។ នេះបើតាមការស្រាវជ្រាវថ្មីដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP)។
 
បើគ្មានវិធានការបន្ទាន់ទេ ភ្នំសំណល់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៨ពាន់លាន តោននៅពាក់កណ្តាលសតវត្សន៍នេះ។ 
 
ទិន្នន័យដដែល ក៏បង្ហាញផងដែរថា បន្ទុកសេដ្ឋកិច្ចនឹងកើនឡើងស្ទើរតែទ្វេដងនៅពេល ដែលការចំណាយលាក់កំបាំងដែលភ្ជាប់ទៅនឹង ការចោលកាកសំណល់មិនត្រឹមត្រូវពីការ បំពុលសុខភាពមិនល្អនិងការប្រែប្រួលអាកាសធាតុត្រូវបានគេយកមកពិចារណាដែលឈានដល់ប្រហែល​ ៦៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០៥០ ពីប្រហែល ៣៦១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
 
«ការបង្កើតកាកសំណល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលិតផលក្នុងស្រុកសរុប ហើយសេដ្ឋ កិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សជាច្រើនកំពុងតស៊ូនៅក្រោមបន្ទុកនៃកំណើនកាកសំណល់យ៉ាងឆាប់រហ័ស»។ នាយកប្រតិបត្តិរបស់ UNEP លោកស្រី Inger Andersen មានប្រសាសន៍ បែបនេះរួចបន្តថា របាយការណ៍នេះអាចជួយរដ្ឋាភិបាលក្នុងកិច្ចខិតខំរបស់ពួកគេក្នុងការ បង្កើតសង្គមប្រកបដោយនិរន្តរភាពបន្ថែមទៀត និងដើម្បីធានាបាននូវភពដែលអាចរស់ នៅបានសម្រាប់មនុស្សជំនាន់ក្រោយ។
 
របាយការណ៍របស់ UNEP និងសមាគមកាកសំណល់រឹងអន្តរជាតិ (ISWA) ត្រូវបាន ដាក់ឱ្យដំណើរការនៅឯសន្និបាតបរិស្ថានរបស់ UN ដែលត្រូវបានរៀបចំឡើងក្នុងសប្តាហ៍ នេះនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ISWA សម្គាល់ថា វាគឺជា ការណែនាំ និងការអំពាវនាវឱ្យមានសកម្មភាពដើម្បីរកដំណោះស្រាយ។
 
ដំណោះស្រាយទាំងនោះរួមមាន ការការពារសំរាមពីការបង្កើតឡើងដំបូង ក៏ដូចជាវិធីសាស្រ្ត ក្នុងការបោះចោល និងការគ្រប់គ្រងកាន់តែប្រសើរ ដែលអាចកំណត់ការចំណាយប្រចាំឆ្នាំ សុទ្ធនៅឆ្នាំ ២០៥០ ដល់ប្រហែល ២៧០ ពាន់លានដុល្លារ។ ការសម្រេចបាននេះអាចពាក់ ព័ន្ធនឹងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងសំរាមពេញលេញបន្ថែម ទៀត ដែលអាចមើលឃើញប្រាក់ចំណេញសុទ្ធជាង ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំផងដែរ ៕

© រក្សាសិទ្ធិដោយ thmeythmey.com