ជាតិ
មន្ត្រីកសិកម្ម៖ របាំងអួននៅផាត់សណ្ដាយ គឺស្របច្បាប់ ព្រោះពលរដ្ឋពឹងផ្អែករបរនេសាទ
29, Feb 2024 , 1:57 pm        
រូបភាព
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល (រូបទី១ រាប់ពីឆ្វេង)
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល (រូបទី១ រាប់ពីឆ្វេង)
ភ្នំពេញ៖ មន្ត្រីជលផល និងអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា របាំងសាច់អួន នៅតំបន់ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមើលតាមរូបថតឃើញដូចសញ្ញាព្រួញត្រៀបត្រានោះ ជាឧបករណ៍ស្របច្បាប់ ខណៈពលរដ្ឋនៅតំបន់នោះ ជាង៩០ភាគរយពឹងផ្អែកលើការនេសាទ។

 
លោក ពុំ សុថា បានបញ្ជាក់ថា ទម្រង់នៃឧបករណ៍នេសាទរបាំងសាច់អួននេះ មានតាំងពីយូរលង់មកហើយ ដោយកាលពីមុនគេប្រើឫស្សី ហើយបច្ចុប្បន្ន ប្រជានេសាទយកសាច់អួនមកច្នៃធ្វើវិញ។ ប្រធានរដ្ឋបាលជលផលរូបនេះ បកស្រាយ ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៅតំបន់ឃុំផាត់សណ្ដាយ ទៀតថា ឧបករណ៍របាំងសាច់អួន ខុសច្បាប់លុះត្រាតែក្រឡាញឹក។ ប៉ុន្តែបើក្រឡាអួននោះ មានទំហំចាប់ពី៣សង់ទីម៉ែត្រឡើង ទៅគឺស្របច្បាប់។ បើតាមលោក សុថា នៅឆ្នាំ២០១០ សហគមន៍ នៅក្នុងឃុំផាត់សណ្ដាយ ចាប់ផ្ដើមប្រើប្រាស់ឧបករណ៍របាំងសាច់អួននេះ ច្រើនឡើងៗ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទឡូនេសាទធំៗ។ 
  
ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម អះអាងថា ឧបករណ៍នេសាទរបាំងសាច់អួននេះ ស្ថិតនៅមួយផ្នែកនៃបឹងទន្លេសាបប៉ុណ្ណោះ ហើយតំបន់ដែលមានរបាំងសាច់អួនស្អេកស្កះតាមរូបភាពនោះ មិនមែនជាផ្លូវចរាចរណ៍របស់ត្រីឡើយ។ 
 
អ្នកនាំពាក្យវ័យក្មេងរូបនេះ ពន្យល់លម្អិតថា ពលរដ្ឋក្នុងតំបន់ផាត់សណ្ដាយមានប្រមាណ៦០០០នាក់ ក្នុងនោះ៩០ភាគរយជាអ្នកនេសាទ។ ដូច្នេះ លោកសង្កត់ធ្ងន់ថា ពលរដ្ឋតំបន់នោះ អាស្រ័យលើរបរនេសាទ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ។ លោក ហ្វីណង់ បញ្ជាក់ថា រូបភាពដែលឃើញមានរបាំងសាច់អួនពាសពេញផ្ទៃទឹកនោះ ដោយសាររដូវប្រាំង ហើយផ្ទៃទឹករួមតូច។
 
«មិនមានការដាក់ឧបករណ៍ខុសច្បាប់ក្នុងទ្រង់ទ្រាយពាណិជ្ជាកម្មទេ! អ្វីដែលមាន គឺការប្រើប្រាស់ឧបករណ៍ស្របច្បាប់ក្នុងទំហំតូច ត្រឹមមួយគ្រួសារមួយឧបករណ៍ ដើម្បីគ្រាន់តែបានត្រីបរិភោគ និងយកត្រីទៅលក់ដើម្បីបានប្រាក់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ»។ លោក ហ្វីណង់ បានពន្យល់យ៉ាងដូច្នេះ ហើយបន្តថា ពលរដ្ឋតំបន់នោះ ភាគច្រើនរកចំណូលពីការនេសាទ ។ 
  
ទាក់ទិននឹងមតិរបស់មហាជន ដែលបារម្ភពីធនធានធម្មជាតិជុំវិញបឹងទន្លេសាបនាពេលថ្មីៗនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រីករាយក្នុងការទទួលយក និងបកស្រាយ។ លើសពីនេះ ក្រុមការងារក្រសួង នឹងរៀបចំឱ្យអ្នកសារព័ត៌មានចុះរាយការណ៍ជុំវិញបឹងទន្លេសាប ដើម្បីបញ្ជ្រាបចំណេះដឹង ក៏ដូចជាបង្ហាញទិដ្ឋភាព និងផ្សព្វផ្សាយឱ្យមហាជន ចូលរួមការពារនិងឈឺឆ្អាល លើបញ្ហាបឹងទន្លសាបឱ្យកាន់តែផុសផុល៕ 
 

Tag:
 ទន្លេសាប
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com