ជាតិ
ព្រះរាជពិធីថ្វាយព្រះភ្លើងសម្ដេចមហាសង្ឃរាជ ទេព វង្ស ប្រព្រឹត្តទៅ​នៅថ្ងៃទី៣ ខែមិថុនា
29, Feb 2024 , 3:39 pm        
រូបភាព
ភ្នំពេញ៖ ព្រះរាជពិធីថ្វាយព្រះភ្លើង សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។




សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ព្រះរាជពិធីដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរាម ដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង នឹងធ្វើឡើង នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៦:០០នាទីព្រឹក។
 
សូមបញ្ជាក់ថា នៅថ្ងៃទី១ នៃព្រះរាជដំណើរយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃសិស្សគណបង្សុកូល ឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ។ 
 
នៅថ្ងៃដដែលនោះ នាម៉ោង ០៧:២២នាទីយប់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ បូជាទៀន ធូប ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ និងដឹកនាំកិច្ចប្រជុំ បង្កើតគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព។ ហើយនៅម៉ោង ០៩:២២ នាទីយប់ និមន្តព្រះសង្ឃចំនួន០៤ព្រះអង្គ ស្វាធ្យាយព្រះអភិធម្ម។
 

ចាប់ពីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យព្រះសព ដែលត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ នៃព្រះរាជពិធីបុណ្យព្រះសព ដែលត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ព្រះរាជពិធីបុណ្យ មានកម្មវិធីផ្សេងៗជាច្រើន ដើម្បីថ្វាយព្រះរាជកុសល ដល់សម្ដេចព្រះមហាសង្ឃរាជ។
 
សម្ដេច ឃឹម សន បានមានព្រះបន្ទូលបន្ថែមដូច្នេះ៖«ចាប់ពីថ្ងៃទី៥ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ បង្សុកូលតាមវេនជាប្រចាំ រហូតដល់ព្រះរាជពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ»។ 
 
សូមរំលឹកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Tag:
 សាសនា
  ព្រះសព
  ព្រះសង្ឃ
  ពុទ្ធសាសនា
  ព្រះរាជពិធីបុណ្យ
  ព្រះភ្លើង
  សម្ដេច ទេព វង្ស
 
© រក្សាសិទ្ធិដោយ thmeythmey.com