កីឡាជាតិ
ជាតិ
លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅ IOC សិក្ខាកាម ៣០នាក់ មកពី២៩ប្រទេស ថតរូបជុំគ្នា រូបពី NOCC
× លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាគ្រូបង្គោល និងការអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅប្រទេសស្វីស។ វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាប្រទេសជាសមាជិក IOC។
សិក្ខាកាម៣០នាក់ មកពី២៩ប្រទេស នៃទ្វីបទាំង៥ បានចូលរួមក្នុងសិក្ខាសាលា ដែលរៀបចំដោយ IOC នៅទីស្នាក់ការកណ្តាលក្នុងក្រុង Lausanne ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល លើការរៀបចំផែនការ, ការរៀបចំកម្មវិធីសិក្សា, ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា និង ការវាយតម្លៃ គរុកោសល្យ នៃការបង្រៀន។
គោលបំណងនៃសិក្ខាសាលាដដែលនេះ IOC ចង់ពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាលប្រទេសជាសមាជិករបស់ខ្លួនផងដែរ។
ដោយឡែក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែអនុវត្តនូវផែកការអប់រំគុណតម្លៃអូឡាំពិក ដោយបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីតាមស្ថាប័នកីឡា និងសហព័ន្ធកីឡាជាតិរបស់ខ្លួន។ ជាពិសេសទៀតនោះ NOCC តែងមានវគ្គអប់រំគុណតម្លៃអូឡាំពិកនៅតាមបណ្ដាលសាលារៀនទូទាំងរាជធានី-ខេត្ត រៀងរាល់ឆ្នាំ ដើម្បីបញ្ច្រៀបដល់សិស្សានុសិស្ស និងយុវជន អំពីគុណតម្លៃស្នូលទាំង៣ របស់ទស្សនវិទ្យាអូឡាំពិក រួមមាន៖ ឧត្តមភាព, ការគោរព និងមិត្តភាព៕
លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ឈរនៅខាងស្ដាំដៃ រូបពី NOCC
Tag:
ប៊ុយ សុភ័ណ្ឌ
គុណតម្លៃអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com