អន្តរជាតិ
អត្រា​កំណើត​ធា្លក់​ទាប​បំផុត​នៅ​កូរ៉េខាង​ត្បូង​ និង​កាន់​តែ​តិច​ទៅ​ៗនៅ​ជប៉ុន
03, Mar 2024 , 8:30 am        
រូបភាព
អត្រា​កំណើត​ធា្លក់​ទាប​បំផុត​នៅ​កូរ៉េខាង​ត្បូង​ និង​កាន់​តែ​តិច​ទៅ​ៗនៅ​ជប៉ុន © iStock/interstid
អត្រា​កំណើត​ធា្លក់​ទាប​បំផុត​នៅ​កូរ៉េខាង​ត្បូង​ និង​កាន់​តែ​តិច​ទៅ​ៗនៅ​ជប៉ុន © iStock/interstid
ដោយ៖អៀង សុខម៉ិញ/RFI
 
បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​ពាន់​លាន​អឺរ៉ូ​ដើម្បី​លើក​ទឹក​ចិត្តឱ្យ​បង្កើ​តកូន​ក្តី ក៏​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​មិន​ចាប់​អារម្មណ៍​ដែរ។ អត្រាកំណើតនៅ​ប្រទេស​កូរ៉េខាង​ត្បូង បាន​ធ្លាក់​ចុះ​ដល់​កំរិតដែល​មិន​ធ្លាប់​មាន​សោះ​គិត​ចាប់​តាំង​ពីប្រទេសផ្តើម​ចុះ​​ស្ថិតិ​កំណើតនៅ​ឆ្នាំ​១៩៧០មក។ នេះ​បើ​តាមតួលេខ​ប្រកាសដោយ​​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​ទី២៨​កុម្ភៈ។

កូរ៉េខាង​ត្បូង​ជា​ប្រទេស​មាន​អត្រា​កំណើត​ទាប​ជាង​គេបំផុត​​នៅ​លើ​ពិភពលោក​​ស្រាប់ទៅ​ហើយ ហើយ​នៅ​ឆ្នាំ​២០២៣​នេះ​​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត អស់​៧,៧%​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០២២។ ពោល​គឺជាមធ្យមភាគ​ ​ស្ត្រី​ម្នាក់​មាន​កូនតែ​​០,៧២នាក់​ទល់​និង​០,៧៨​នាក់​កាលពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ស្ថិតិ​ផ្តល់​ដោយ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​ទី ២៨​កុម្ភៈ​២០២៤ ដោយ​បញ្ជាក់​ថា អត្រា​កំណើត​នៅ​កូរ៉េខាង​ត្បូង​បាន​ធ្លាក់​ចុះ​ចំណុច​ទាប​បំផុត​ គិត​ចាប់​តាំងពី​ប្រទេស​ផ្តើម​កត់​ត្រា​ធ្វើ​ស្ថិតិ​កំណើត​នៅឆ្នាំ​១៩៧០មក ហើយ​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​ដល់​០,៦៨​នៅឆ្នាំ​២០២៤។
 
ដើម្បី​រក្សា​ចំនួន​ប្រជាជន​ឱ្យ​នៅ​ថេរ (៥១លាន​នាក់) ស្ត្រីកូរ៉េខាង​ត្បូង​ត្រូវមាន​​កូនជាមធ្យម​២,១នាក់​។ តែ​បើ​ការ​បង្កើត​កូន​ស្ថិត​ក្នុង​ល្បឿន​នេះ នៅ​ឆ្នាំ​២១០០ ចំនួន​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​នឹង​ធ្លាក់​មក​នៅ​ត្រឹម​២៦,៨​លាន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​វិទ្យាស្ថាន​វាយតម្លៃ​សុខភាព​អាមេរិក។
 
ដើម្បី​បញ្ចៀស​វិបត្តិ​ “រលត់​ផុតពូជជាតិ” អត្រា​កំណើតបាន​ក្លាយ​​ជាអាទិភាព​ជាតិ​ ដែល​រដ្ឋាភិបាលសេអ៊ូល​​បាន​សន្យា​កាលពី​ខែ​ធ្នូ​ ចាត់​វិធានការ​ពិសេស​ និង​​ក្លាយ​ជា​ប្រធានបទ​របស់​គ្រប់​​គណបក្ស​នយោបាយ​កូរ៉េខាងត្បូង​សម្រាប់​​កា​របោះឆ្នោត​នៅ​ខែ​មេសា​ខាង​មុខ។ គណបក្ស​នីមួយៗ​បានប្តេជ្ញា​បង្កើន​ចំនួន​លំនៅដ្ឋាន​រដ្ឋ សម្រួល​ការ​ខ្ចី​ប្រាក់ ។ល។ និង​។ល។​
 
តាំងពី​ឆ្នាំ​២០០៦​មក​ កូរ៉េខាង​ត្បូង​មាន​ផែនការ​​​លើក​តម្កើង​ចំនួន​​ប្រជាពលរដ្ឋ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ផ្តល់​សេវា​ថែទាំ​ទារក​ និង​ជួយ​ព្យាបាល​រោគ​អារ ក្នុង​​ទំហំ​ដល់​ទៅ​២៤៩​ពាន់លាន​អឺរ៉ូ ប៉ុន្តែ​មិន​អាច​ស្តារ​អត្រា​កំណើត​ឱ្យ​ស្ទុះ​ឡើង​វិញ​បាន​ទេ ព្រោះបើតាមអ្នក​វិភាគ ​ផ្ទះ​ថ្លៃ ជីវិតក៏​​ថ្លៃ ចិញ្ចឹម​កូនត្រូវការ​ថវិកា​ច្រើន ហើយ​ការងារ​មាន​លក្ខណៈប្រកួត​ប្រជែង​ខ្លាំង​​ទើប​បាន​​បា្រក់​ខែ​ខ្ពស់។ ជាង​នេះទៅទៀត​ស្ត្រី​មាន​បន្ទុកទ្វេ ត្រូវ​ធ្វើការ​ផង​ មើលថែអប់រំ​កូន​ផង​និង​កិច្ចការផ្ទះ​ទៀត។
 
​កូរ៉េខា​ងត្បូង មិន​មែនជា​ប្រទេសតែមួយ​ក្នុង​តំបន់​ដែល​មាន​វិបត្តិ​ប្រជាសាស្ត្រ​ទេ។ ជប៉ុន​ជិត​ខាង ក៏​កំពុងបន្ត​មាន​អត្រា​កំណើត​ធ្លាក់​ចុះ​ជា​គម្រប់​ឆ្នាំ​ទី​៨​ជាប់​គ្នា។ នៅ​ឆ្នាំ​២០២៣ ជប៉ុន​មាន​កំណើត​ទារក​៥,១%​តិច​ជាង​ឆ្នាំ​២០២២ ឬ​ជាមធ្យម​ស្ត្រី​ម្នាក់​បង្កើត​កូន​តែ​១,២៦នាក់ ពោលគឺ​ប្រមាណ​៧សែន​នាក់​កន្លះ​តែ​ប៉ុណ្ណោះ ក្នុង​ខណៈ​ដែល​ចំនួនមរណៈ​របស់​មនុស្ស​ចាស់មាន​ដល់​ទៅ​ជាង​មួយ​លាន​នាក់​កន្លះ។ មួយភាគ​១០នៃ​ពលរដ្ឋ​ជប៉ុន មាន​អាយុ​លើស​ពី​៨០ឆ្នាំ។ មាន​ប្រពៃណីមាន​កូន​ក្រោយ​​រៀបការ​ ចំនួន​អាពាហ៍ពិពាហ៍នៅ​ជប៉ុន​បាន​ធ្លាក់​ចុះ​៥,៩% នៅ​ឆ្នាំ​២០២៣។ គឺ​ទាប​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំងពី​ឆ្នាំ​១៩៣៣​មក សម្រាប់​ជប៉ុន។ អត្រាកំណើត​ក៏​ទាប​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ដែរ​នៅក្នុង​ប្រទេស​ចិន ដោយមាន​អត្រាកំណើត​តែ​១,០៩​តែប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com