ជាតិ
វីដេអូ
ការ​ប្រឡង​ចូល​ក្រសួង​សាធារណការ ផ្ដល់​ឱកាស​ដល់​ស្រ្តី និង​ជនមាន​ពិការភាព​
04, Mar 2024 , 8:19 pm        
រូបភាព
នៅ​ថ្ងៃទី​៤ មីនានេះ ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តី​រាជការ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ ការ​ប្រឡ​ង​នៅ​ថ្ងៃនេះ មាន​បេក្ខជន​ចុះ​ឈ្មោះជាង ១៤០០អង្គ/នាក់ ក្នុង​នោះ ​មាន​ស្រ្តី​ប្រមាណ ៥០០នាក់។



ក្នុង​បទសម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​​ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍ថា ក្រសួង​តែង​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ឱកាស​ដល់​ស្រ្តី ​ជន​មាន​ពិការភាព រួម​ទាំង​មន្រ្តី​កិច្ច​សន្យា​ ឱ្យ​ចូល​ប្រឡង​ក្រប​ខណ្ឌ។ បើតាម​រដ្ឋលេខាធិការរូបនេះ ការ​ប្រឡងនេះ ជា​ការ​ប្រឡង​ដំបូង​របស់​ក្រសួង​សាធារណការ ក្នុង​នីតិកាលទី​៧។
 
 

ចំពោះ​ការ​រៀបចំ​ការ​ប្រឡងនេះ លោក ប៉ាល់ ចន្ទ​តារា មើល​ឃើញ​ថា​ប្រព្រឹត្ត​ទៅ​ដោយ​ល្អឈរ​លើ​គុណាធិបតេយ្យ តម្លាភាព និង​ប្រសិទ្ធភាព។ ការ​ប្រឡង​នា​រសៀលនេះ ជ្រើសរើស​យក​បេក្ខជន​តែ​៩៩នាក់​ប៉ុណ្ណោះ។ លោក ប៉ាល់ ចន្ទ​តារា បន្តថា បេក្ខជន​ដែល​ចេះ នឹង​ជាប់ ដោយ​ជាប់​ដោយ​មោទន ហើយ​អ្នក​ធ្លាក់ ធ្លាក់​ដោយ​អស់​ចិត្ត​ផងដែរ។ 
 
សូម​បញ្ជាក់ថា ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តី​រាជការ ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​៣វិញ្ញាសា គឺ​វិញ្ញាសា​ចំណេះដឹង​ទូទៅ, វិញ្ញាសា​ជំនាញ និង​វិញ្ញាសា​ភាសា​អង់គ្លេស។ ការ​ប្រឡង​នេះ មាន​ជំនាញ​រហូតដល់​ទៅ​១១ជំនាញ៕ 
 








Tag:
 ក្របខណ្ឌ
  ស្រ្តី
  ពិការភាព
  មុខងារសាធារណៈ
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com