ជាតិ
ក្រុមហ៊ុនអូស្ត្រាលី មានបំណងវិនិយោគលើដំណាំស្មៅផ្អែម នៅកម្ពុជា
05, Mar 2024 , 10:04 am        
រូបភាព
ក្រុមហ៊ុន Enserv Holding Australia ចង់វិនិយោគលើការកែច្នៃដំណាំស្មៅផ្អែម (Sorghum) នៅកម្ពុជា។ លោក Tanachat Pochana ប្រធានក្រុមហ៊ុននេះ បានប្រាប់ពីបំណងខ្លួន ទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ មីនា នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

 
អាជីវកម្មរបស់ក្រុមហ៊ុន Enserv Holding Australia ផ្ដោតលើការដាំស្មៅផ្អែម (Sorghum) ។ ក្រុមហ៊ុននេះ អាចមានសមត្ថភាពកែច្នៃស្មៅផ្អែម ទៅជាអង្ករមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ជាជីវៈឧស្ម័ន (Biogas) ទៀតផង។
 
ប្រធានក្រុមហ៊ុន Tanachat បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត បន្ថែមទៀតថា ដំណាំស្មៅផ្អែម (Sorghum) ជាដំណាំផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ 
 
ហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានស្រង់សម្តីលោកប្រធានក្រុមហ៊ុនរូបនេះ យ៉ាងដូច្នេះថា៖« ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជា ដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស»។
 
ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក៏មានមហិច្ជតាបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ប្រធានក្រុមហ៊ុន Enserv Holding Australia វិញថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជា។ 
 
នាយករដ្ឋមន្ត្រីកម្ពុជា ដែលចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើប​ និងថ្មីដើម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត»។ 
 
រាជរដ្ឋាភិបាល ក៏លែងអនុញ្ញាតឱ្យបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែមទៀតដែរ។ «ដូច្នេះការអភិវឌ្ឍវិស័យថាមពល តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មថាមពលនៅកម្ពុជា»។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ដែលបានលើកទឹកចិត្តឱ្យប្រធានក្រុមហ៊ុនអូស្រ្តាលីមួយនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគ តាមរយៈកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕

Tag:
 ហ៊ុន ម៉ាណែត
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com