អន្តរជាតិ
ក្រុងហាណូយ ជាប់ជាក្រុងបំពុលខ្លាំង ដែលបង្កដោយយានយន្ត និងសំណង់
05, Mar 2024 , 11:07 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដងផ្លូវទីក្រុងហាណូយ​ប្រទេសវៀតណាមត្រូវបានហ៊ុមព័ទ្ធដោយផ្សេងអ័ព្ទយ៉ាងក្រាស់ នៅថ្ងៃទី៤ ខែមីនា ដោយសារតែការបំពុលខ្យល់ដែលបង្កឡើងដោយកម្រិតខ្ពស់នៃភាគល្អិតចេញពីការបំភាយរបស់យានយន្ត និងធូលីទាក់ទងនឹងសំណង់។

 
តាមទិន្នន័យពីក្រុមហ៊ុនAirVisual ដែលផ្តល់ព័ត៌មានឯករាជ្យជុំវិញការបំពុលខ្យល់តាមរយៈកម្មវិធីទូរស័ព្ទ គិតត្រឹមថ្ងៃទី៤ ខែមីនា កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ PM2.5 ក្នុងខ្យល់ នៅរដ្ឋធានីហាណូយ គឺស្ថិតនៅកម្រិត ១៨៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតខ្ពស់​បំផុតក្នុងចំណោមបញ្ជីទីក្រុងអន្តរជាតិដែលបំពុលខ្លាំង។
 
« (កម្រិតខ្យល់) ​នេះ​ជាការបំផ្លាញដល់​សុខភាព​របស់ពួកយើង»។ ពលរដ្ឋម្នាក់ឈ្មោះ Duong Kim Oanh វ័យ​ ៥៨ ឆ្នាំ​រស់នៅ​ទីក្រុង​ហាណូយ​មានប្រសាសន៍បែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters រួចបន្តថា ការបំពុលរបស់ទីក្រុងហាណូយគឺបណ្តាលមកពីយានយន្តផ្ទាល់ខ្លួនមួយចំនួនធំ និងធូលីចេញពីសំណង់ទាំងអស់ បូករួមទាំងអាកាសធាតុត្រជាក់ផងដែរ។
 
តាមរបាយការណ៍ធនាគារពិភពលោកឆ្នាំ២០២១ ការបំភាយចេញពីយានជំនិះចំនួន​ ៨ លានគ្រឿងដែលបានចុះបញ្ជីរបស់ទីក្រុងហាណូយ ចូលរួម ៣០ភាគរយ ក្នុងការបំពុលបរិយាកាស ហើយការបំភាយឧស្ម័នក្នុងឧស្សាហកម្មចូលរួម ៣០ភាគរយផ្សេងទៀត។
 
ពលរដ្ឋម្នាក់ទៀត Pham Thi Phuong សម្គាល់ថា ការបំពុលនឹងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស ធ្វើឱ្យមនុស្សមានអារម្មណ៍ឈឺ ឬថប់ដង្ហើម។ 
 
គួររំលឹកថា ជើងហោះហើរជិត ១០០ជើងទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ហាណូយត្រូវបានពន្យារពេលឬបង្វែរទៅទីក្រុងផ្សេងទៀតកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយសារ អ័ព្ទខ្លាំង និងការបំពុលខ្យល់កាន់តែអាក្រក់ស្រដៀងគ្នានេះដែរ៕

Tag:
 ហាណូយ
  វៀតណាម
  ការបំពុល
© រក្សាសិទ្ធិដោយ thmeythmey.com