ជាតិ
មហាកុដិក្នុងវត្តគិរីសាលវ័ន ដែលរងការរិះគន់ នឹងដូរកំពូលវត្ត ឱ្យទៅជារចនាប័ទ្មខ្មែរវិញ
05, Mar 2024 , 2:00 pm        
រូបភាព
 រូបជាន់ទី២ កន្លែងតម្កល់ព្រះសារីរិកធាតុ (រូបពីលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម)
រូបជាន់ទី២ កន្លែងតម្កល់ព្រះសារីរិកធាតុ (រូបពីលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម)
ភ្នំពេញ៖ ក្រោយរងការរិះគន់ច្រើនពីមហាជន ពេលនេះសាមីវត្តគិរីសាលវ័ន សម្រេចដូរកំពូលមហាកុដិ ឱ្យទៅជារចនាប័ទ្មខ្មែរវិញ ហើយនឹងចេញសេចក្ដីប្រកាសព័ត៌មាន សូមការអភ័យទោសពីមហាជន។



លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានចុះទៅត្រួតពិនិត្យមើល មហាកុដិដែលស្ថិតក្នុងវត្តគិរីសាលវ័ន ហៅ(វត្តថ្មី) ដែលស្ថិតនៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាមរួចហើយ។ ជាលទ្ធផលនៃការប្រជុំ សាមីវត្តនិងមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឯកភាពគ្នា​ថា វត្តយល់ព្រមកែលម្អកំពូលមហាកុដិ ឱ្យមានលក្ខណៈជាខ្មែរវិញ ។ បើតាមលោក សារ៉ាត វត្តក៏នឹងចេញសេចក្ដីប្រកាសព័ត៌មាន ដោយសូមការអភ័យទោសពីសាធារណជន អំពីការសង់មហាកុដិនេះដែរ។

មហាកុដិមើលពីមុខ (រូបពីហ្វេសប៊ុក Srey Roth)

ថ្លែងប្រាប់សារពត៌មានថ្មីៗថា លោក រ៉េត សារ៉ាត បានបញ្ជាក់ថា៖«មើលពីមុខមក មានលក្ខណៈទំនើប ប៉ុន្តែចូលមកដល់ទីខាងក្នុង ព្រះអង្គលោករៀបជាលក្ខណៈ បែបបទព្រះពុទ្ធសាសនា និងរចនាបទខ្មែរទាំងអស់។ ជាន់ទី១ លោកមានតាំងព្រះពុទ្ធរូប រហូតទៅដល់១០៨អង្គ។ ជាន់ទី២លោករៀបជាកន្លែងបណ្ណាល័យ និងស្ទូឌីយោសម្រាប់ផ្សាយព្រះធម៌ និងកន្លែងតម្កល់ព្រះសារីរិកធាតុ​ និងព្រះអរហន្តធាតុ។ ជាន់ទី៣ជាកន្លែងធ្វើសមាធិ»។
 
ទោះជាយ៉ាងណា លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ទទួលស្គាល់ថា មហាកុដិនេះ បើមើលពីខាងក្រៅ និងមើលពីមុខ ពិតជាមានលក្ខណៈទំទើបពិតប្រាកដមែន។ លោក រ៉េត សារ៉ាត ពុំអាចបញ្ចាក់កាលបរិច្ឆេទ នៃការកែលម្អកំពូលមហាកុដិ ថាចាប់ផ្ដើមនៅពេលណា ហើយនឹងបញ្ចប់នៅពេលណាឡើយ។

 រូបនៅជាន់ទី១ (រូបពីលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម)

សូមបញ្ជាក់ថា មហាកុដិនេះមានទំហំ១៤x១៦ ដោយទទឹងធំជាងបណ្ដោយ ហើយមានកម្ពស់៣ជាន់។ មហាកុដិដែលរងការរររិះគន់ ថាដូចជាផ្ទះវីឡានេះ ស្ថិតក្នុងវត្តគិរីសាលវ័ន ហៅ (វត្តថ្មី) ក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មហាកុដិនេះ ចំណាយពេលកសាងប្រមាណ៦ឆ្នាំ ដែលចាប់ផ្ដើមកសាងក្នុងអំឡុងឆ្នាំ២០១៨។ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ វត្តទើបតែធ្វើពិធីបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់៕ 
 

Tag:
 សាសនា
  កុដិ
  វត្ត
  អារាម
  រចនាបទ
© រក្សាសិទ្ធិដោយ thmeythmey.com