សង្គមអន្តរជាតិ
អន្តរជាតិ
វៀតណាម ចាប់ផ្តើមកាត់ទោសសេដ្ឋិនីអចលនទ្រព្យពីបទឆបោកទ្រង់ទ្រាយធំ លោកស្រី Truong My Lan នៅតុលាការប្រជាជនហូជីមិញព្រឹកថ្ងៃទី៥ ខែមីនា ។ រូបភាព ៖ VnExpress
× តុលាការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី៥ ខែមីនា បានចាប់ផ្តើមកាត់ទោសលោកស្រី Truong My Lan ដែលជាសេដ្ឋិនីអចលនព្រទ្យដ៏ធំមួយនៅវៀតណាម និងជនជាប់ចោទដទៃទៀតក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារ។
តុលាការប្រជាជនទីក្រុងហូជីមិញនៅថ្ងៃទី៥ ខែមីនា បានបើកសវនាការកាត់ទោសជនជាប់ចោទ Truong My Lan អាយុ៦៨ ឆ្នាំ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group និងអ្នកសមគំនិតចំនួន ៨៥នាក់ពាក់ព័ន្ធនឹងឆបោកទឹកប្រាក់ ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារពីធនាគារ Saigon Joint Stock Commercial Bank (SCB) និងអង្គភាពពាក់ព័ន្ធ។ ការកាត់ក្តីរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី២៩ ខែមេសា។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អយ្យការកំពូលបានចោទប្រកាន់លោកស្រី Lan ពីបទកេងបន្លំ, ផ្តល់សំណូក និងបំពានបទប្បញ្ញត្តិធនាគារដែលអាចប្រឈមនឹងទោសប្រហារជីវិត។
កន្លងមកបូលិសវៀតណាមបានចោទប្រកាន់ថា ទោះបីជាជនជាប់ចោទ Truong My Lan មិនបានកាន់តំណែងនៅធនាគារ SCB ក៏ដោយ ក៏លោកស្រីជាអ្នករៀបចំ និងគ្រប់គ្រងមេដឹកនាំជាបន្តបន្ទាប់នៃធនាគារនេះ ដើម្បីជួយពួកគេដកហូតប្រាក់ជាង ៣០៤ទ្រីលានដុង។
ដីកាចោទប្រកាន់របស់អយ្យការកំពូលបានចែងថា ចាប់ពីឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានទិញនិងកាន់កាប់ភាគហ៊ុន SCB ៨៥-៩១,៥ភាគរយ។ ចាប់ពីពេលនោះមក ចុងចោទបានក្លាយជាម្ចាស់ភាគហ៊ុនដែលមាន អំណាចដើម្បីដឹកនាំ ប្រតិបត្តិការ និងរៀបចំសកម្មភាពទាំងអស់របស់ SCB ដើម្បីមប្រើផលប្រយោជន៍បក្សពួកខ្លួន។
គួរបញ្ជាក់ថា មានជនជាប់ចោទ៨៥នាក់នៅសេសសល់ផ្សេងទៀតរួមមានអតីតមេដឹកនាំ និងមន្ត្រីធនាគារ SCB ៤៥ នាក់, អតីតមន្ត្រីធនាគាររដ្ឋ១៥នាក់, អតីតមន្ត្រីអធិការកិច្ចរដ្ឋាភិបាលចំនួន៣នាក់ និងអតីតមន្ត្រីសវនកម្មរដ្ឋ១នាក់ ត្រូវបានចោទពីបទកេងបន្លំទ្រព្យសម្បត្តិ ការសូកប៉ាន់ ការរំលោភលើមុខតំណែង និងអំណាចក្នុងពេលបំពេញមុខងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com