ជាតិ
សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុនអូស្រ្តាលី វិនិយោគលើឧស្សាហកម្មចំណីអាហារ
05, Mar 2024 , 4:29 pm        
រូបភាព
កិច្ចពិភាក្សារវាងលោក Neil Brimacombe នាយកប្រតិបត្តិក្រុមហ៊ុន SPC Group និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៥ ខែមីនា។ រូបភាព៖ STPM
កិច្ចពិភាក្សារវាងលោក Neil Brimacombe នាយកប្រតិបត្តិក្រុមហ៊ុន SPC Group និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៥ ខែមីនា។ រូបភាព៖ STPM
ភ្នំពេញ៖ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុន SPC Group វិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ ក្រុមហ៊ុនមានមូលដ្ឋាននៅអូស្ត្រាលីមួយនេះ មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន។



ក្រុមហ៊ុន SPC ផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី និងពិភពលោក។ ក្រុមហ៊ុន ក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ 
 
នាឱកាសនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៥ ខែមីនា លោក Neil Brimacombe នាយកប្រតិបត្តិក្រុមហ៊ុន SPC Group បានជួបពិភាក្សាជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងនោះ លោក បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ 
 
សម្ដេច ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះបំណងវិនិយោគនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ 
 
ថ្នាក់ដឹកនាំកម្ពុជារូបនេះ បានប្រាប់ទៅកាន់លោក Neil Brimacombe ថា កសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម រួមមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមានយន្តការក្នុងការគាំទ្រដល់កសិករ ការបង្កើតសមាគមកសិករទំនើប ការលើកកម្ពស់គុណភាពផលិតផល ដើម្បីពង្រឹងផលិតភាព និងគុណភាពផលិតផលកសិកម្ម។  
 
លើសពីនេះ កម្ពុជាក៏មានគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យកសិកម្ម រួមមាន ការលើកលែងពន្ធលើដីកសិកម្ម, ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងទីផ្សារ៕

Tag:
 កសិកម្ម
  ហ៊ុន ម៉ាណែត
  ឧស្សាហកម្មចំណីអាហារ
  SPC Group
© រក្សាសិទ្ធិដោយ thmeythmey.com