អន្តរជាតិ
ស្ត្រីហ្គ្រោអង់ឡង់​ប្ដឹងដាណឺម៉ាក​ជុំវិញ​ការកម្រិតឱ្យ​ពន្យារកំណើត​ដោយ​មិនស្ម័គ្រចិត្ត
05, Mar 2024 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ស្ត្រីជនជាតិភាគតិចមួយក្រុមមកពីហ្គ្រោអង់ឡង់ បានសម្រេចដាក់ពាក្យ បណ្ដឹងទៅតុលាការដោយចោទអតីតមេដឹកនាំអាណានិគមដាណឺម៉ាកជុំវិញយុទ្ធនាការពន្យារកំណើតដោយគ្មានការស្ម័គ្រចិត្តដែលបានកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។

 
យុទ្ធនាការពន្យារកំណើតលេចឡើងនៅពេលដែលទូរទស្សន៍ដាណឺម៉ាក DR ក្នុងឆ្នាំ ២០២២ បានរាយការណ៍ពីកំណត់ត្រាដែលបានបង្ហាញថា នៅចន្លោះឆ្នាំ ១៩៦៦ និង ១៨៧០ កងពន្យារកំណើតចំនួន ៤៥០០ ត្រូវបានបំពាក់ឱ្យស្ត្រី និងក្មេងស្រីដែលមានអាយុចាប់ពី ១៣ឆ្នាំ ដោយគ្មានចំណេះដឹង ឬការយល់ព្រមពីពួកគេឡើយ។ 
 
ករណីនេះជារឿងមួយក្នុង ចំណោមករណីជាច្រើនដែលបានលេចឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាមួយនឹងការចោទប្រកាន់ពីបទប្រព្រឹត្តខុសដោយអាជ្ញាធរដាណឺម៉ាកប្រឆាំងនឹងប្រជាជននៃអតីតអាណានិគមរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ ស្រ្តីជនជាតិភាគតិចយ៉ាងហោចណាស់ ១៤៣នាក់ បានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ក្រោយគ្មានការឆ្លើយតបពីអាជ្ញាធរ។ 
 
«កូនក្តីរបស់ខ្ញុំជឿថាពួកគេទទួលរងការរំលោភសិទ្ធិមនុស្ស ដោយសារតែពួកគេត្រូវបាន​បញ្ចូលកងពន្យារកំណើត IUD ប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយក្នុងករណីភាគច្រើនពួកគេនៅក្មេង»។ មេធាវីរបស់ក្រុមស្ត្រីខាងលើ លោក Mads Pramming បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ហើយការកោះហៅត្រូវបានដាក់ជាផ្លូវការប្រឆាំងនឹងក្រសួងសុខាភិបាលដាណឺម៉ាក។
 
រដ្ឋមន្ត្រីសុខាភិបាលដាណឺម៉ាក លោកស្រី Sophie Lohde លើកឡើងក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិច(Email) ថា នេះជារឿងករណីអកុសលយ៉ាងធ្ងន់ធ្ងរ ហើយការស៊ើបអង្កេតឯករាជ្យក៏ត្រូវបានចាប់ផ្តើមផងដែរ។
 
កន្លងមក ដាណឺម៉ាក ធ្លាប់ទទួលស្គាល់ថា ស្រ្តីរហូតដល់ ៤៥០០នាក់ ត្រូវបានបង្ខំឱ្យដាក់កងពន្យារកំណើតនៅចន្លោះឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ ទន្ទឹមនេះ ដាណឺម៉ាក និងហ្គ្រោអង់ឡង់ បានចាប់ផ្តើមការស៊ើបអង្កេតជុំវិញករណីនេះ នៅឆ្នាំ២០២២ ហើយការសន្និដ្ឋានអាចនឹងបង្ហាញនៅឆ្នាំក្រោយ៕ 

Tag:
 ហ្គ្រោអង់ឡង់
  ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com