អន្តរជាតិ
ចិន ដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងទំហំ ៥ភាគរយនៅឆ្នាំ២០២៤
05, Mar 2024 , 9:29 pm        
រូបភាព
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន និងកិច្ចប្រជុំសភាប្រជាជនចិន នៅថ្ងៃទី៥ ខែមីនា។ រូបភាព Xinhua
លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន និងកិច្ចប្រជុំសភាប្រជាជនចិន នៅថ្ងៃទី៥ ខែមីនា។ រូបភាព Xinhua
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥ភាគរយ នៅឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលបានដាក់ទៅក្នុងកិច្ចប្រជុំសភាប្រជាជន នៅថ្ងៃទី៥ ខែកុម្ភៈ។ ទន្ទឹមនេះ ចិន ក៏បានបង្កើនថវិកាការពារជាតិរហូតដល់ ២៣១,៤ ពាន់លានដុល្លារផងដែរ។

 
កិច្ចប្រជុំសភាប្រជាជនចិន បានចាប់ផ្តើមហើយ នៅក្នុងថ្ងៃទី៥ ខែកុម្ភៈ ដើម្បីជជែកពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេស គោលដៅសេដ្ឋកិច្ច ថវិកាការពារជាតិ ការតែងតាំងមន្រ្តីរដ្ឋាភិបាល និងវិធានការជាច្រើនទៀត។ 
 
ស្របពេលប្រឈមនឹងបញ្ហាជាច្រើនដូចជា វិបត្តិអចលនទ្រព្យ អត្រាធ្លាក់ចុះកំណើត ភាពតានតឹងភូមិសាស្រ្តនយោបាយ ចិន បានដាក់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចប្រមាណ ៥ភាគរយនៅក្នុងឆ្នាំ២០២៤ ដែលមិនខុសគ្នាឡើយធៀបឆ្នាំ២០២៣។ 
 
«ចិនដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥ភាគរយនៅឆ្នាំ២០២៤»។ របាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ដាក់ទៅកាន់សភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា បានបញ្ជាក់បែបនេះ។ 
សុន្ទរកថារបស់លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ទៅកាន់សភានៅថ្ងៃដដែលបានបញ្ជាក់ថា ចិន ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់បញ្ហាប្រឈម និងរាល់ហានិភ័យទាំងអស់។

មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលចិន រំពឹងថា ចិននឹងអាចបង្កើតការងារថ្មី បានចំនួន ១២លានកន្លែង និងមានអត្រាគ្មានការងារធ្វើត្រឹម ៥,៥ភាគរយ។  
 
ចំណែកនៅលើវិស័យការពារជាតិវិញ នាយករដ្ឋមន្រ្តីចិន បានប្រកាសថា ចិននឹងបង្កើនការចំណាយរហូតដល់ ២៣១,៤ ពាន់លានដុល្លារ ដោយកើនឡើង ៧,២ភាគរយពីឆ្នាំ២០២៣។ ក្នុងទំហំដ៏ច្រើនបែបនេះ ចិន នៅតែបន្តជាប្រទេសចំណាយលើយោធាលំដាប់ទីពីរ បន្ទាប់ពីអាម៉េរិក។ នៅក្នុងឆ្នាំ២០២៣ អាម៉េរិក បានចំណាយថវិកាការពារជាតិប្រមាណ ៨១៦,៧ពាន់លានដុល្លារ។ 
 
ការចំណាយយោធាដ៏ច្រើន ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បន្តធ្វើទំនើបកម្មលើយោធារបស់ខ្លួន, ការបន្ថែមចំនួននាវា និងការបន្តដាក់សម្ពាធផ្នែកយោធាលើកោះតៃវ៉ាន់ជាដើម៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com