អន្តរជាតិ
ឥណ្ឌាសង់មូលដ្ឋានទ័ពជើងទឹកក្បែរកោះម៉ាល់ឌីវ ដែលកាន់តែខិតទៅរកចិន
06, Mar 2024 , 8:29 am        
រូបភាព
កងទ័ពជើងទឹកឥណ្ឌា។ រូបភាព AFP
កងទ័ពជើងទឹកឥណ្ឌា។ រូបភាព AFP
អត្ថបទដោយ៖ ម៉ី មិនិត្យ
 
ឥណ្ឌាប្រកាសផែនការសង់មូលដ្ឋានទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគនិរតី ជិតកោះម៉ាល់ឌីវ ខណៈពេលដែលភាពតានតឹងរវាងភាគីទាំងពីរ កាន់តែកើនឡើង។ ចាប់តាំងពីឆ្នាំមុនមក ម៉ាល់ឌីវ ចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយចិន ដែលជាប្រទេសមួយមានទំនាក់ទំនងមិនសូវល្អជាមួយឥណ្ឌាឡើយ។

 
កងទ័ពជើងទឹកឥណ្ឌា នៅថ្ងៃទី២ ខែមីនា បានប្រកាសគម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹក INS Jatayu នៅលើកោះ Minicoy នៃប្រជុំកោះLakshadweep ចម្ងាយតែ១៣០គីឡូម៉ែត្រ នៅភាគខាងជើងកោះម៉ាល់ឌីវ។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលកោះម៉ាល់ឌីវ ស្នើឱ្យឥណ្ឌាជំនួសទាហានឥណ្ឌា ជាមន្រ្តីស៊ីវិលវិញ។ 
 
«មូលដ្ឋានទ័ពជើងទឹកនេះ ជាផ្នែកមួយនៃគោលនយោបាយ ដើម្បី បង្កើនហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនៅកោះសំខាន់ៗជាយុទ្ធសាស្ត្រ»។ កងទ័ពជើងទឹកឥណ្ឌាបានបញ្ជាក់បែបនេះ។ 
 
ទំនាក់ទំនងឥណ្ឌា និងម៉ាល់ឌីវមានភាពល្អក់កករខ្លាំង ចាប់តាំងពីប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Muizzu បានឡើងកាន់អំណាចមកម្លេះ។ មេដឹកនាំរូបនេះ បានប្រកាន់ជំហរលំអៀងទៅរកចិន។ 
 
តាមរយៈក្រសួងការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី ២ ខែមករាកន្លងមក មន្ត្រីប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ហើយបានព្រមព្រៀងគ្នាថា ឥណ្ឌានឹងចាប់ផ្តើមដកកងកម្លាំងរបស់ខ្លួនចេញពីម៉ាល់ឌីវនៅថ្ងៃទី១០ ខែមីនា និងបញ្ចប់ដំណើរការនៅថ្ងៃទី១០ ខែឧសភា។ យ៉ាងហោចណាស់ បុគ្គលិកយោធាឥណ្ឌា ៧៥នាក់ ស្ថិតនៅក្នុងប្រទេសម៉ាល់ឌីវ ដែលជួយដឹកជញ្ជូនអ្នកជំងឺពីកោះដាច់ស្រយាល និងសង្គ្រោះមនុស្សនៅសមុទ្រ។
 
លើសពីនេះ លោក Muizzu  ធ្លាប់បានបំពេញទស្សនកិច្ចនៅចិនរយៈពេល៥ថ្ងៃ ដោយបានលើកឡើងថា ទោះបីជាម៉ាល់ឌីវតូចមែនក្តី ក៏មិនអនុញ្ញាតឱ្យជាន់ឈ្លីបានឡើយ។ 
 
សំដីធ្ងន់ពីសំណាក់លោកប្រធានាធិបតីបែបនេះ សំដៅលើបណ្តាញសង្គមឥណ្ឌា ដែលផ្សព្វផ្សាយឱ្យទេសចរធ្វើពហិការមិនឱ្យទៅលេងនៅម៉ាល់ឌីវ។ ការផ្សព្វផ្សាយនេះធ្វើឡើងក្រោយ មន្ត្រីម៉ាល់ឌីវ៣រូប បានប្រមាទមើលងាយនាយករដ្ឋមន្ត្រីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី។ ក្រោយមក មន្ត្រីទាំងនោះត្រូវបានគេព្យូរការងារ។
 
ឥណ្ឌា​ក៏បារម្ភ​ពី​កំណើនពីឥទ្ធិពល​របស់​ចិន​ក្នុង​​ប្រជុំ​កោះ​ ដែលមាន​ផ្លូវទឹក​ដឹកជញ្ជូន​អន្តរជាតិ​សំខាន់ៗនៅភាគ​ខាងកើត​ខាងលិចផងដែរ​។
 
តាមសេចក្តីថ្លែងការរបស់កងទ័ពជើងទឹកឥណ្ឌា ការពង្រីកមូលដ្ឋានថ្មីនេះដោយសារចង់ «ឃ្លាំមើលប្រតិបត្តិការ» ក្នុងតំបន់ប្រជុំកោះ និងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹកឥណ្ឌា ចំពោះការប្រឆាំងចោរសមុទ្រ និងប្រឆាំងគ្រឿងញៀននៅសមុទ្រអារ៉ាប់ខាងលិច។ 
 
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមានមូលដ្ឋានរួចហើយនៅប្រជុំកោះ Lakshadweeps ឈ្មោះ INS Dweeprakshak នៅលើកោះKavaratti។ ការសង់មូលដ្ឋានថ្មី គឺដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ពជើងទឹក​ឥណ្ឌា​ក្នុង​នាម​ជា​អ្នក​សង្គ្រោះ និងការពារ​ក្នុង​តំបន់ ព្រមទាំងមាន​ការតភ្ជាប់​ជាមួយ​ដីគោក​ផងដែរ​៕ 

Tag:
 ឥណ្ឌា
  ម៉ាល់ឌីវ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com