សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីបង្ហាញផែនការវិនិយោគ ១,៣ពាន់លានដុល្លានៅអាស៊ាន
05, Mar 2024 , 5:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នាថ្ងៃទី៥ ខែមីនា ។ រូបភាព ៖ AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នាថ្ងៃទី៥ ខែមីនា ។ រូបភាព ៖ AFP
រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី៥ ខែមីនា បានប្រកាសអំពីផែនការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយកញ្ចប់មូលនិធិ ១,៣ពាន់លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់នេះឲ្យកាន់តែប្រសើរឡើង។

 
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស បានប្រកាស
ប្រកាសពីផែនការវិនិយោគក្នុងតម្លៃ ១,៣ពាន់លានដុល្លារដល់សមាជិកអាស៊ាននៅក្នុងជំនួបកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ននាថ្ងៃទី៥ ខែមីនា។ 
 
មូលនិធិនេះនឹងផ្តោតលើថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ ប្រាក់កម្ចី សមធម៌ និងការធានារ៉ាប់រង។ ក្នុងនេះ កញ្ចប់ថវិកា ៩០លានដុល្លារនឹងត្រូវប្រើប្រាស់ដើម្បីកសាងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងគោលនយោបាយគាំទ្រដល់អាជីវកម្មអូស្ត្រាលីដែលកំពុងវិនិយោគនៅវៀតណាម និងឥណ្ឌូណេស៊ី។ 
 
«ច្រើនជាងតំបន់ផ្សេងទៀត អាស៊ីអាគ្នេយ៍ ជាអនាគតរបស់អូស្ត្រាលី»។ នាយករដ្ឋមន្រ្តីអូស្ដ្រាលីបានថ្លែងបែបនេះនៅក្នុងវេទិកាធុរកិច្ចជាមួយថ្នាក់ដឹកនាំកំពូលអាស៊ានទាំង១០។
 
ប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានសង្កត់ធ្ងន់ថា មូលនិធិនេះនឹងធ្វើឱ្យប្រសើរឡើងចំពោះការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងអំឡុងកិច្ចប្រជុំដ៏ធំមួយនេះ។
 
កិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ធ្វើឡើងក្នងបរិបទប្រទេសនេះកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យមានតុល្យភាពរវាងអាម៉េរិកដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ និងចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។
 
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងអាស៊ានបានឡើងដល់ ១៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលធំជាងជប៉ុន និងអាម៉េរិក។ នេះបើតាមសារព័ត៌មាន​ The Straits Times៕

Tag:
 អូស្រ្តាលី
  អាស៊ាន
 
© រក្សាសិទ្ធិដោយ thmeythmey.com