កីឡាជាតិ
ជាតិ
អគ្គលេខាធិការ E-sport៖ យើង ផ្សព្វផ្សាយកីឡា មិនមែនផ្សាយល្បែងបំពុលសង្គមទេ
06, Mar 2024 , 11:15 am        
រូបភាព
លោក លន់ សាមឌី អង្គុយជាប់ទង់ជាតិកម្ពុជា
លោក លន់ សាមឌី អង្គុយជាប់ទង់ជាតិកម្ពុជា
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងដកសិទ្ធផ្សាយផ្ទាល់ពីការប្រកួត ឬសកម្មភាពប្រកួតទាំងឡាយណា ដែលបង្ហាញពីការផ្សព្វផ្សាយល្បែងស៊ីសង និងមិនគោរពលក្ខខណ្ឌរបស់សហព័ន្ធ។



សហព័ន្ធកីឡាអេឡិចត្រូនិក បានដាក់លិខិតអញ្ជើញផេកហ្វេសប៊ុក E-Football Cambodian League កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ចំពោះការផ្សព្វផ្សាយ E-Football មិនមានការស្នើរសុំពីសហព័ន្ធ ហើយថែមទាំងដាក់ផ្ទាំងពាណិជ្ជកម្មល្បែងផ្នាល់អនឡាញថែមទៀត។ យោងតាមលិខិតនោះ សហព័ន្ធកីឡាជាតិនេះ ទុកពេលឲ្យ១សប្ដាហ៍ក្នុងការស្រាយបំភ្លឺ។ ក្នុងករណីមិនចូលខ្លួនដោះស្រាយទេ សហព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់។
 
លោក លន់ សាមឌី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ជារឿងល្អ ដែលមានការចូលរួមផ្សព្វផ្សាយច្រើនពីកីឡាអេឡិចត្រូនិក ប៉ុន្ដែសូមឲ្យការផ្សព្វផ្សាយទាំងនោះ ត្រឹមតែជាសកម្មភាពកីឡា ហើយត្រូវគោរពតាមលក្ខខណ្ឌរបស់សហព័ន្ធ ដែលនៅក្រោមការគ្រប់គ្រងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា សហព័ន្ធ នឹងមិនអនុញ្ញាតឲ្យដៃគូសហការណា ឬក្រុមហ៊ុនឯកជនណា ប្រើឈ្មោះកីឡាអេឡិចត្រូនិក យកទៅផ្សព្វផ្សាយល្បែងស៊ីសងឡើយ ព្រោះប៉ះពាល់ដល់ក្មេងៗ និងសង្គម។
 
«នៅពេលអាណាព្យាបាលក្មេងៗ គេឃើញសកម្មភាពផ្សាយល្បែងនោះ គេមិនមែនថាក្រុមហ៊ុនឯកជនទេ គេថាឲ្យសហព័ន្ធហើយ។ ដូច្នេះ យើង នឹងមិនអនុញ្ញាតឲ្យ គេយកកីឡាអេឡិចត្រូនិកទៅផ្សព្វផ្សាយខុសលក្ខខណ្ឌរបស់សហព័ន្ធទេ។ យើង ត្រូវបង្ហាញឲ្យច្បាស់ថា សកម្មភាពកីឡា មិនជាប់ពាក់ព័ន្ធនិងសកម្មភាពល្បែងស៊ីសងឡើយ។»។ លោក លន់ សាមឌី បាននិយាយដូច្នេះ៕

Tag:
 កីឡាអេឡិចត្រូនិក
  លន់ សាមឌី
© រក្សាសិទ្ធិដោយ thmeythmey.com