ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ស្នើអភិបាលរាជធានី ខេត្ត ជួយសម្រួលក្នុងការចុះបញ្ជីដីធ្លីដល់ពលរដ្ឋ
06, Mar 2024 , 11:39 am        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅអភិបាលរាជធានី ខេត្ត ជួយសម្រួលជាមួយ រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ដល់ប្រជានពលរដ្ឋតាមមូលដ្ឋាន។ នេះបើតាមលិខិតជម្រាបទៅអភិបាលរាជធានី ខេត្តរបស់លោក ស សុខា ចេញថ្ងៃទី៥ មីនា។

 
រដ្ឋាភិបាលមានយុទ្ធសាស្ត្រ ធ្វើកំណែទម្រង់ដីធ្លី ពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នករៀបចំ។ ការងារចុះបញ្ជីដីធ្លីនៅតាមបណ្ដារាជធានី ខេត្ត មានប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជីនេះ។ នេះជាការពន្យល់របស់ លោក ស សុខា ទៅកាន់ អភិបាលរាជធានី ខេត្ត ឱ្យជួយជំរុញការអនុវត្តការចុះបញ្ជីដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យតាមផែនការ។ 
 
ដោយសារហេតុផលខាងលើ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដូច្នេះ៖ «ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ របស់ក្រុមការងារចុះបញ្ជីដីធ្លី ដែលមានប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ»។ 
 
ជាមួយគ្នានេះ លោក ស សុខា បានបញ្ជាក់ថា គោលបំណងនៃការធ្វើបញ្ជីកម្មសិទ្ធិ ដើម្បីឱ្យមានភាពច្បាស់លាស់ជាផ្លូវការ សម្រាប់ទប់ស្កាត់និងដោះស្រាយវិវាទដីធ្លី៕ 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com