អន្តរជាតិ
អ្នកជំនាញថា ក្រុមហ៊ុនMeta អាចបាត់ចំណូល ១០០លានដុល្លារ ពេលមានបញ្ហា២ម៉ោង
06, Mar 2024 , 2:00 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ករណីគាំងបណ្តាញសង្គម Facebook, Instagram និងMessenger នៅយប់ថ្ងៃទី៥ ខែមីនា បានរំខានដល់អ្នកប្រើប្រាស់ជាច្រើនលាននាក់ នៅទូទាំងពិភពលោក។ ពាក់ព័ន្ធនឹងបញ្ហារអាក់រអួលនៃបណ្តាញសង្គមនេះ ក្រុមហ៊ុន Meta អាចបាត់ចំណូលរហូតដល់ប្រមាណ ១០០លានដុល្លារ។ នេះបើតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញផ្នែកភាគហ៊ុន។

 
បណ្តាញសង្គម Facebook, Instagram និងMessenger បានជួបបញ្ហារអាក់រអួលទ្រង់ទ្រាយធំ ដោយគណនីជាច្រើនលាន មិនអាចប្រើប្រាស់បាន។ បញ្ហាដែលបានអូសបន្លាយប្រមាណ២ម៉ោងនេះ បានធ្វើឱ្យបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ធ្លាក់ចុះចំណូល តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។
 
«ក្រុមហ៊ុន Meta អាចនឹងបាត់បង់ចំណូលប្រមាណ ១០០លានដុល្លារ ដោយសារតែបញ្ហាបច្ចេកទេសនៅទូទាំងសកលលោក»។ លោក Dan Ives នាយកគ្រប់គ្រងនៅទីផ្សារហ៊ុន Wedbush ក្នុងក្រុង New York បានវាយតម្លៃបែបនេះ។ 
 
ចំណែកតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta គិតត្រឹមម៉ោង ១១ព្រឹក នៅថ្ងៃទី៦ ខែមីនា បានធ្លាក់ចុះប្រមាណ១,៦ ភាគរយ បើធៀបនឹងថ្ងៃម្សិលមិញ។ តម្លៃភាគហ៊ុន Meta មួយហ៊ុនមានតម្លៃ ៤៩០,២២ដុល្លារ។ ហេតុនេះ វាធ្វើឱ្យតម្លៃភាគហ៊ុនក្រុមហ៊ុន Meta ធ្លាក់ចុះសរុបប្រមាណ ១៨ពាន់លានដុល្លារ។ មកទល់ពេលនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះ បានចាប់ផ្តើមកើនឡើងវិញហើយ។ 
 
ជាការពិត ការគាំងបណ្តាញសង្គម Facebook នៅយប់ថ្ងៃទី៥ ខែមីនា មិនមែនទើបតែកើតមានលើកទីមួយឡើយ។ កាលពីឆ្នាំ២០២១ Facebook មានបញ្ហារហូតដល់ប្រមាណ​៧ម៉ោង និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនលាននាក់។ ក្រុមហ៊ុនMeta បានលើកឡើងថា បញ្ហាលើបណ្តាញសង្គមរបស់ខ្លួន កើតមានដោយសារបញ្ហាបច្ចេកទេស៕ 

Tag:
 Facebook
  Meta
© រក្សាសិទ្ធិដោយ thmeythmey.com