កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករចិត្តធ្ងន់ Kante ទទួលបានកាតក្រហមលើកទី២ ក្នុងអាជីពបាល់ទាត់
× ខ្សែបម្រើ N’Golo Kante ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតជាលើកទីពីរក្នុងអាជីពបាល់ទាត់ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR រកឃើញមានកំហុស នាជំនួបដែល Al Ittihad រងបរាជ័យក្រោមថ្វីជើងក្រុម Al Hilal ពានរង្វាន់ AFC Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។
Al Hilal ក្រុមកំពូលតារាងលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានយកឈ្នះ Al Ittihad ក្រុមរបស់ Kante លទ្ធផល ២-០។ កីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ បានប្រជែងបាល់ ទល់កីឡាករ Al Hilal ក្នុងនាទី៦៦ បន្ទាប់មកការប៉ះទង្គិចត្រូវបានត្រួតពិនិត្យដោយ VAR ហើយក៏មានការសម្រេចចិត្តផ្តល់កាតក្រហមដល់ Kante ព្រោះតែពិនិត្យឃើញថាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់គូប្រជែង។
នេះជាកាតក្រហមទី២ របស់ Kante ក្នុងអាជីពជាកីឡាករបាល់ទាត់។ អំឡុងប្រកបអាជីពនៅទឹកដីអង់គ្លេស ក្របខណ្ឌ Premier League ជាមួយនឹងក្រុម Leicester City និងតោខៀវ Chelsea រូបគេមិនដែលបង្កកំហុសឆ្គងណាមួយរហូតទទួលបានកាតក្រហមម្តងឡើយ។
តែយ៉ាងណាលេងជាមួយ Al Ittihad កីឡាករវ័យ ៣២ឆ្នាំ មិនអាចគេចផុតពីទទួលបានកាតក្រហម ក្រោយការប៉ះទង្គិចនៅក្នុងជំនួបជើងទីមួយ AFC Champions League ចាញ់ Al Hilal។ កាតក្រហមលើកដំបូងនៅក្នុងអាជីពរបស់ Kante បានកើតឡើងអំឡុងឆ្នាំ ២០១៤-១៥ ដោយកាលនោះរូបគេបានលេងឱ្យក្លិប Caen របស់បារាំង។
២គ្រាប់របស់ Al Hilal ធ្វើបានដោយកីឡាករ Aleksandr Mitrovic ស៊ុតបាល់ពិន័យ ១១ម៉ែត្រ បើកឆាក នៅនាទី៤០ មុនពេលកីឡាករ Salem Aldawsari ស៊ុតគ្រាប់ទី២ នៅនាទី៤២។
បច្ចុប្បន្ន Al Hilal ជាក្រុមកំពូលតារាងនៃលីគកំពូល Saudi Pro League ជាមួយ ៦២ពិន្ទុក្នុងដៃ មានគម្លាតពិន្ទុពីក្រុមលេខ២ Al Nassr ចំនួន ៩ពិន្ទុ ខណៈក្រុមការពារជើងឯក Al Ittihad ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ជាមួយ ៣៧ពិន្ទុ៕
Tag:
N’Golo Kante
Al Ittihad
© រក្សាសិទ្ធិដោយ thmeythmey.com