កីឡាជាតិ
ជាតិ
វណ្ណា លីហ៊ាង ថា កីឡាករប្រឹងហាត់យ៉ាងណា ក៏នៅតែខ្សោយ បើមិនបានប្រកួតច្រើន
06, Mar 2024 , 3:39 pm        
រូបភាព
កីឡាករប្រដាល់សកល វណ្ណា លីហៀង
កីឡាករប្រដាល់សកល វណ្ណា លីហៀង
វណ្ណា លីហ៊ាង កីឡាករប្រដាល់សកល វ័យ ២៤ឆ្នាំ បាននិយាយថា ទោះជាអត្ដពលិកប្រឹងហ្វឹកហាត់ខ្លាំង ប៉ុន្ដែមិនបានប្រកួតជាក់ស្ដែង ក៏សមត្ថភាពមិនខ្លាំងឡើយ ជាពិសេសគ្មានជំនឿចិត្តពេលប្រកួតទៀតផង។ ជុំវិញបញ្ហានេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងពង្រីកទីផ្សារប្រកួតឱ្យបានច្រើន ដើម្បីឲ្យកីឡាករ-កីឡាការិនី បានពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍លើសង្វៀន។

 

ខណៈសង្វៀនប្រដាល់គុនខ្មែរ កំពុងបង្ហាញវត្តមានយ៉ាងគគ្រឹកគគ្រេង រៀងរាល់សប្ដាហ៍នោះ អ្នកគាំទ្រភាគច្រើនស្ទើបំភ្លេច កីឡាប្រដាល់សកលទៅហើយ។ សង្វៀនប្រកួតប្រដាល់សកល មិនសម្បូរឡើយ ក្នុងប្រទេសកម្ពុជា ។
 
វណ្ណា លីហៀង ដែលជាកីឡាករប្រដាល់សកល បានប្រកួតលើសង្វៀន តែ១ដងប៉ុណ្ណោះ ក្នុងចន្លោះ២ទៅ៣ខែ ។ សម្រាប់ លីហៀង ការប្រកួតតិចបែបនេះ នឹងធ្វើឲ្យសមត្ថភាពខ្លួន មិនរីកចម្រើន ថែមទាំងមិនមានជំនឿគ្រប់គ្រាន់ នៅពេលឡើងសង្វៀនទៀតផង។
 
«និយាយទៅកីឡាប្រដាល់សកល ទោះហាត់ខ្លាំងយ៉ាងមិចក៏ដោយ តែមិនបានប្រកួត មានអារម្មណ៍ថា ដូចយើងអត់ដែលប្រកួតអ៊ីចឹង ពេលឡើងវាយទៅដូចពិបាក ហើយយើងដូចជាអត់ទុកចិត្តខ្លួនឯង។ ប៉ុន្ដែបើយើង ប្រកួតញឹកញាប់ទៅ យើងទុកចិត្តខ្លួនឯង។»។ វណ្ណា លីហៀង បាននិយាយដូច្នេះ។ 
 
ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ កីឡាកររូបនេះ ជឿថា ប្រសិនជាប្រដាល់សកល មានទីផ្សារប្រកួតច្រើន នោះធនធានអត្ដពលិក និងសមត្ថភាពក៏កើនឡើង។ បើតាម លីហៀង ទីផ្សារប្រកួតច្រើន ជាការលើកទឹកចិត្ត និងជំរុញដល់ការហ្វឹកហាត់កីឡាករ-កីឡាការិនីផងដែរ ព្រោះពួកគេ នឹងមិនបារម្ភពីបញ្ហាជីវភាព ដោយសារតែមានចំណូលគ្រប់គ្រាន់ពីការប្រកួត។
 
«បើសិនជាចង់ល្អ ដូចកម្រិតអន្ដរជាតិ យើងត្រូវហាត់ជាប្រចាំរាល់ថ្ងៃ។ ហើយណាមួយទៀត ជីវភាពយើង ខ្វះខាតដែរ។ ដូច្នេះហើយ យើង ចេះតែហាត់ ចន្លោះៗ ដូចមួយអាទិត្យអី បាន ៣-៤ថ្ងៃ ព្រឹកល្ងាចៗ។ បើចង់ល្អដូចគេលុះត្រាតែ យើងគេង និងហាត់នៅក្លិបរហូត ហើយគួរតែមានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីឲ្យយើងអាចមានថវិកាទិញអីខ្លះហូប ដើម្បីសុខភាព។»។ នេះបើតាម វណ្ណា លីហៀង ដែលយល់ឃើញថា មូលហេតុខ្សត់ការប្រកួតនេះ មកពីបណ្ដាក្រុមហ៊ុន ឬក៏អ្នកឧបត្ថម្ភ មិនចាប់អារម្មណ៍លើប្រភេទកីឡានេះ៕

Tag:
 ប្រដាល់សកល
  វណ្ណា លីហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com