ជាតិ
សិល្បះ
អ្នកស្រី ប៊ុន ចាន់និមល នឹងនាំភាពយន្តខ្មែរទៅថៃទៀត ទោះ​រឿង “ម៉ែក្រឡាភ្លើង” បរាជ័យមុនប្រកួតក្ដី
07, Mar 2024 , 8:59 am        
រូបភាព
 រូបពីហ្វេសប៊ុក Bun Channimol
រូបពីហ្វេសប៊ុក Bun Channimol
ភ្នំពេញ៖ អ្នកស្រី ប៊ុន ចាន់និមល អះអាងថា ខ្លួនមិនបាក់ទឹកចិត្តឡើយ បើទោះបីជាភាពយន្តរឿង “ម៉ែក្រឡាភ្លើង” បរាជ័យក្នុងការចាក់បញ្ចាំង នៅប្រទេសថៃក្ដី។ អ្នកស្រីអះអាងថា ខ្លួននឹងនាំយកភាពយន្តខ្មែរ ដែល Sastra Film ផលិត ទៅចាក់បញ្ចាំងនៅប្រទសថៃ នៅពេលក្រោយៗទៀត រហូតដល់ប្រជាជនថៃគាំទ្រ។



ស្ថាបនិកាផលិតកម្ម Sastra Film អ្នកស្រី ប៊ុន ចាន់និមល បានបកស្រាយអំពី ភាពបរាជ័យរបស់ខ្លួន ក្នុងការចាក់បញ្ចាំងភាពយន្តរឿង “ម៉ែក្រឡាភ្លើង” នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ តាមរយៈក្នុងឃ្លីបវីដេអូ រយៈពេលជាង២១នាទីថា រឿង “ម៉ែក្រឡាភ្លើង” របស់ខ្លួន បរាជ័យមុនឡើងប្រកួត ព្រោះពុំមានទីតាំង និងម៉ោងចាក់បញ្ចាំងល្អ។ តែយ៉ាងណា អ្នកស្រី អះ អាងថា ខ្លួននឹងបន្តនាំយកភាពយន្តខ្មែរ ទៅចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសថៃ នៅពេលក្រោយទៀត រហូតដល់ថ្ងៃដែលជនជាតិថៃគាំទ្រភាពយន្តខ្មែរ។
 
និយាយដោយស្នាមញញឹម ហើយមានអារម្មណ៍ស្ងប់ អ្នកស្រី ប៊ុន ចាន់និមល លើកឡើងដូច្នេះ៖ «រឿងនេះ (រឿង“ម៉ែក្រឡាភ្លើង”) មិនមានអ្នកមើល រឿងក្រោយខ្ញុំនឹងនាំយកទៅទៀត ខ្ញុំនឹងនាំយកទៅរហូតដល់មានអ្នកមើល»។
 
បើទោះបីជា មានការប្ដេជ្ញាចិត្តដូច្នេះក៏ពិតមែន ប៉ុន្តែអ្នកស្រី ប៊ុន ចាន់និមល នៅមិនអស់ចិត្តដែលថៃ មិនឱ្យម៉ោង និងទីតាំងល្អៗ ដើម្បីចាក់បញ្ចាំងរឿង “ម៉ែក្រឡាភ្លើង” តាមទីតាំងដែលខ្លួនរំពឹងទុក។ ទង្វើបែបនេះ ធ្វើឱ្យអ្នកស្រី យល់ឃើញថា ថៃបានធ្វើជំនួញមិនស្មើភាព ក្នុងនាមជាប្រទេស មានកិច្ចសហប្រតិបត្តិការខាងភាពយន្តនឹងគ្នា។
  
 រូបពីហ្វេសប៊ុក Bun Channimol

និយាយទាំងហួសចិត្ត អ្នកស្រី និមល ពោលដូច្នេះ៖ «ការផ្ដល់ម៉ោងឱ្យចាក់បញ្ចាំងមានតិចខ្លាំង។ រោងភាពយន្តនៅថៃ មានជិត៣០០ទីតាំង ប៉ុន្តែគេផ្ដល់ឱ្យយើង តែប្រមាណ២០ទីតាំង ហើយជាតំបន់ដែលមិនសូវពេញនិយមមើលកុនខ្លាំងទៀត។ សូម្បីតែទីតាំងដែលយើងបានសម្ពោធរឿង ក៏គេមិនចាក់បញ្ចាំងរឿងយើងដែរ។ ខ្ញុំមិនដឹងថារោងភាពយន្ត គេមាននិន្នាការបែបណា?ឱ្យម៉ោង ឱ្យទីតាំងល្អយើងសិនទៅ មានអ្នកមើលឬមិនមាន ចាំគិតក្រោយទៀត»។ 
 
អ្នកស្រីបន្ថែមទៀតថា៖ «ទីតាំងផ្សារទំនើបធំៗ ក៏មិនចាក់ភាពយន្តយើង។ រឿងថៃចូលមកស្រុកខ្មែរ មួយសប្ដាហ៍យ៉ាងហោចណាស់៣រឿង យើងឱ្យគ្រប់ទីតាំង ហើយយើងគាំទ្រគ្រប់ផ្នែក ទាំងការផ្សព្វផ្សាយ ប៉ុន្តែរឿង “ម៉ែក្រឡាភ្លើង” ហេតុអ្វីក៏មិនឱ្យទីតាំងយើង? ខ្ញុំមើលឃើញថាវាមិនស្មើភាព។ រឿងនេះបង្ហាញពីការរស់នៅ និងអត្តសញ្ញាណរបស់ខ្មែរ ប៉ុន្តែថៃគិតថា យើង​សំឡេងគេ ទើបគេព្យាយាមបញ្ចេញយោបល់ មិន​ឱ្យមានអ្នកទៅមើល​តែម្ដង»។ 
 
តាមពិតទៅ ស្ថាបនិកា Sastra Film បានដឹងហើយថា ការយកភាពយន្តខាងលើ ទៅចាក់បញ្ចាំងក្នុងប្រទេសថៃ អាចប្រឈមនឹងការរើសអើង ប៉ុន្តែអ្នកស្រីនៅតែនាំយកភាពយន្ត របស់ខ្លួនទៅទៀត ដោយសារមហិច្ឆតាខ្លួន ចង់រកវិធីបើកផ្លូវឱ្យភាពយន្តខ្មែរ ចូលទីផ្សារថៃជាថ្មី។ មូលហេតុនេះហើយ ទើបអ្នកស្រីសុខចិត្តវិនិយោគមុន ដោយចាយប្រាក់បញ្ចូលសំឡេង និងផ្សព្វផ្សាយផ្សេងៗ ទោះ​ភាគី​ថៃមិនបង់ប្រាក់ឱ្យភាពយន្តនេះមុនក្ដី។ 
 
យ៉ាងណាក៏ដោយ អ្នកស្រី និមល អះអាងថា អ្នកចែកចាយភាពយន្ត នៅប្រទេសថៃ ដែលជាជនជាតិថៃនោះ បានមើលភាពយន្ត “ម៉ែក្រឡាភ្លើង” រួចហើយ ដូច្នេះពួកគេនឹងមើលឃើញ​ថា រឿងនេះមានអត្ថន័យល្អ និងមិនមានចំណុចដូចភាពយន្ត​ថៃឡើយ។ 
 
«គាត់(អ្នកចែកចាយរឿង) បានមើលហើយ រឿងនេះមិនដូចជាភាពយន្តថៃ ដែលគេបានផលិតហើយនោះទេ។ គាត់មើលហើយ គាត់ស្ទើរតែយំទៀតផង។ នៅថ្ងៃដាក់សម្ពោធហ្នឹងទៀត មានបងប្អូនជនជាតិថៃ ដែលគាត់បានទៅមើល គាត់ក៏បានបញ្ចេញមតិល្អៗដែរ ប៉ុន្តែអ្នកទៅមើលបានតិច មិនឈ្នះអ្នករិះគន់ដែលមិនបានទៅមើលទេ»។ នេះបើតាមអ្នកស្រី និមល។ 
 
បើទោះបីជាប្រទេសថៃ មិនគាំទ្ររឿង “ម៉ែក្រឡាភ្លើង” ប៉ុន្តែអ្នកស្រី ប៊ុន ចាន់និមល អះអាងថា មានប្រទេសមួយចំនួន ដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ និងហ្វីលីពីនជាដើម បានគាំទ្រភាពយន្ត “ម៉ែក្រឡាភ្លើង” ខ្លាំង។ អ្នកស្រីថា ប្រទេសខ្លះ ក៏បានបង់ប្រាក់កម្រៃជើងសារមកកម្ពុជា មុនពេលរឿងនោះចាក់បញ្ចាំងទៅទៀត។
 
អ្នកស្រីអះអាងដូច្នេះ៖ «ភាពយន្តរបស់យើង មិនមែនដើរផ្ញើគេលក់ ឬក៏ដើរសុំគេចាក់ដែរ គឺភាពយន្តខ្មែរ ចូលទៅដល់កម្រិតមួយ ដែលគេទទួលស្គាល់ហើយគេហ៊ានបង់ប្រាក់ឱ្យយើងមុនទៀត។ ខ្ញុំមិនបានបាក់ទឹកចិត្តទេ ទោះថៃមិនគាំទ្រ ព្រោះយើងមានប្រទេសច្រើនគាំទ្រ។ ម្យ៉ាងមិនមែនខ្ញុំមិនធ្លាប់បរាជ័យទេ»។
 
អ្នកស្រី និមល ថា ភាពយន្ត “ម៉ែក្រឡាភ្លើង” បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០២៣ និងប្រចាំប្រទេស ក្នុងចំណោមភាពយន្តពេញនិយមបំផុតទាំង១០ ដែលចាក់បញ្ចាំងក្នុងរោងភាពយន្តនៅ​កម្ពុជា រួមបញ្ចូលទាំងភាពយន្តហូលីវូដផង។ អ្នកស្រី ចាត់ទុក នេះគឺជាសញ្ញាមួយ ដែលបង្ហាញថា ភាពយន្តខ្មែររីកចម្រើនខាងគុណភាព និងការគាំទ្ររបស់ប្រជាជនក្នុងស្រុក។
 
ស្ត្រីដែលរួមចំណែក ធ្វើឱ្យភាពយន្តកម្ពុជា កាន់តែមានគុណភាព ប៊ុន ចាន់និមល បានសំណូមពរដល់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលនៃប្រទេសថៃ សូមឱ្យមានការសិក្សា ពីករណីការធ្វើជំនួញមិនស្មើភាព លើករណីភាពយន្ត “ម៉ែក្រឡាភ្លើង” ឡើងវិញ ក្នុងនាមជាប្រទេស មានកិច្ចសហប្រតិបត្តិការជាមួយគ្នា និងក្នុងនាមជាប្រទេស ដែលធ្វើអាជីវកម្មបែបសេរី។ ពិសេស​អ្នកស្រីស្នើឱ្យ ខាងភាគីថៃ ស្វាគមន៍ភាពយន្តខ្មែរ ដែលបង្ហាញពីវប្បធម៌ ដូចដែលភាគីខ្មែរ ស្វាគមន៍ភាពយន្តថៃគ្រប់ទម្រង់ដែរ។
 
អ្នកស្រីក៏សំណូមពរដល់ប្រជាជនខ្មែរ សូមកុំឱ្យមានការបញ្ចេញមតិ ជាភាសាហិង្សា ទៅវិញទៅមកក្នុងករណីរឿង “ម៉ែក្រឡាភ្លើង” នេះ។ សម្រាប់អ្នកស្រី និមល អ្នកដែលរិះគន់ថា រឿងនេះបានចម្លងពីថៃ មកពីពួកគេមិនទាន់បានមើលភាពយន្តទាំងស្រុង។
 
ម្ចាស់ Sastra Film រូបនេះ អះអាងថា ខ្លួនមានគម្រោងចាក់បញ្ចាំងរឿង “ម៉ែក្រឡាភ្លើង” វគ្គ១ឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ ដោយមានការធ្វើឱ្យប្រសើរឡើង ជាងមុនលើឈុតឆាកមួយចំនួន ក្នុងបំណង ឱ្យភាពយន្តនេះកាន់តែល្អ។ ចំណែកភាពយន្ត “ម៉ែក្រឡាភ្លើង”វគ្គ២ កំពុងតែដំណើរការ ការផលិតហើយ។ ទោះជាយ៉ាងណា អ្នកនាងក៏បានប្ដេជ្ញាចិត្ត ថានឹង​នាំ​យកភាពយន្ត និយាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ទៅកាន់ពិភពលោកស្គាល់ ដូចដែលពិភពលោក នាំយកវប្បធម៌របស់គេ មកឱ្យខ្មែរស្គាល់ដូចគ្នា៕
 

Tag:
 សិល្បៈ
  ភាពយន្ត
  រឿង
  កុន
 
© រក្សាសិទ្ធិដោយ thmeythmey.com