សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ាន
អូស្ត្រាលី​​ប្រកាស​បន្ត​គាំទ្រ​អាស៊ានលើវិស័យពាណិជ្ជកម្ម វិនិយោគ
07, Mar 2024 , 1:59 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
អូស្រ្តាលីប្រកាសបន្តការគាំទ្រដល់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការនានាដូចជា ការបង្កើតថ្មី សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនេះ អូស្រ្តាលីក៏បានផ្តល់ជំនួយ ២ពាន់លានដុល្លារអូស្រ្តាលីដើម្បីជំរុញពាណិជ្ជកម្មជាមួយអាស៊ាន និងទឹកប្រាក់ ២២២,៥លានដុល្លារអូស្រ្តាលីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ។

 
អូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាននៅ ឆ្នាំ២០២១។ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អូស្រ្តាលីរយៈពេល៣ថ្ងៃនៅទីក្រុងមែលប៊ន អូស្រាលីប្តេជ្ញាបន្តគាំទ្រអាស៊ានលើកិច្ចសហប្រតិបត្តិការច្រើន ជាពិសេសលើវិស័យវិនិយោគ។ 
 
ជុំវិញការពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពនឹងខិតខំប្រឹងប្រែងបង្កើតការផ្លាស់ប្តូរយ៉ាងរឹងមាំក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ជំរុញធ្វើឱ្យប្រសើរឡើងសារជាថ្មី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
 
ទន្ទឹមនេះ អូស្រ្តាលីនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗជាមួយអាស៊ានដូចជា ការបង្កើតថ្មី សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងពាណិជ្ជកម្មអេឡិចត្រូនិកដើម្បីក្លាយជាម៉ាស៊ីនកំណើនថ្មីសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។
 
លើសពីនេះ អាស៊ាន បានស្វាគមន៍ការប្រកាសរបស់អូស្ត្រាលីនូវទឹកប្រាក់បន្ថែមចំនួន ២២២,៥លានដុល្លារអូស្រ្តាលីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ និងមូលនិធិវិនិយោគដែលមានតម្លៃ ២ពាន់លានដុល្លារអូស្រ្តាលីដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។
 
បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ការពារជាតិ កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងក្របខ័ណ្ឌនៃយន្តការ និងវេទិកានានាដែលផ្តួចផ្តើម និងដឹកនាំដោយអាស៊ាន។
 
ជាងនេះទៀត អូស្ត្រាលីក៏បានប្រកាសបន្ថែមនូវទឹកប្រាក់ ៤០លានដុល្លារអូស្រ្តាលីសម្រាប់កម្មវិធីភាពជាដៃគូដែនសមុទ្រអាស៊ីអាគ្នេយ៍ដែលធ្វើឲ្យមូលនិធិសរុបកើនដល់ ៦៤លានអូស្រ្តាលី សម្រាប់រយៈពេល ៤ឆ្នាំខាងមុខ។
 
ក្រៅពីនេះ អូស្រ្តាលីក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតចំនួន៥៥កន្លែង និងអាហារូបករណ៍និស្សិតសិក្សាស្រាវជ្រាវចំនួន៥៥ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម«អូស្ត្រាលីសម្រាប់អនាគតអាស៊ាន» ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងភាគីទាំងពីរ៕ 

Tag:
 អាស៊ាន​
  អូស្រ្តាលី
 
© រក្សាសិទ្ធិដោយ thmeythmey.com