អន្តរជាតិ
Lao Airlines នឹងចាប់ផ្តើមជើងហោះហើររវាងក្រុងវៀងចន្ទន៍ និងភ្នំពេញឡើងវិញ រូបភាព Lao Airlines
× ក្រុមហ៊ុន Lao Airlines នឹងចាប់ផ្តើមជើងហោះហើររវាងក្រុងវៀងចន្ទន៍ និងក្រុងភ្នំពេញឡើងវិញ នៅថ្ងៃទី១៩ ខែមីនា ដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅឡាវ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Lao Airlines លោក Khamla Phommavanh នៅថ្ងៃទី៤ ខែមីនា។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ មក ក្រុមហ៊ុនLao Airlines បានផ្អាកជើងហោះហើររវាងឡាវ និងកម្ពុជា ដោយសារតែបញ្ហាទីផ្សារ។ បន្ទាប់ពីមានតម្រូវការខ្ពស់ ក្រុមហ៊ុនមួយនេះ បានសម្រេចជើងហោះហើររវាងក្រុងវៀងចន្ទន៍ និងក្រុងភ្នំពេញឡើងវិញពីថ្ងៃទី១៩ ខែមីនាតទៅ។
«ការធ្វើដំណើរបានកើនឡើងនៅជុំវិញពិភពលោក ជាពិសេសតាមផ្លូវអាកាស»។ លោក Khamla Phommavanh ប្រធានក្រុមហ៊ុន Lao Airlines បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែមីនា ដោយបន្តថា ជើងហោះហើរ បានក្លាយជាជម្រើសទីមួយរបស់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឡាវ។
ក្រុមហ៊ុន Lao Airlines នឹងមានជើងហោះហើរចំនួន ៣លើក ក្នុងមួយសប្តាហ៍ ដោយក្នុងនោះមានដូចជា ថ្ងៃអង្គារ៍, ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ប្រសិនបើតម្រូវការខ្ពស់ ក្រុមហ៊ុននឹងបន្ថែមជើងហោះហើររវាងក្រុងវៀងចន្ទន៍ និងក្រុងភ្នំពេញ។
ការសម្រេចចាប់ផ្តើមជើងហោះហើរនេះ ធ្វើឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅឡាវ។
ការហោះហើរនឹងចំណាយពេលប្រមាណ ១ម៉ោង និង២០នាទី តាមរយៈយន្តហោះប្រភេទ A320៕
© រក្សាសិទ្ធិដោយ thmeythmey.com