ជាតិ
សិល្បះ
ក្រសួងវប្បធម៌ព្រមានផលិតកម្មថោន ឱ្យលុបបទចម្រៀងរំលោភកម្មសិទ្ធិបញ្ញា សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាបន្ទាន់
07, Mar 2024 , 3:43 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានផលិតកម្មថោន អេនធើធេនមេន ដែលមានលោកស្រី ជួប មាន ជាអគ្គនាយិកាផលិតកម្ម ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលបានរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។



លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កត់ធ្ងន់ថា ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសីលធម៌ របស់អ្នកនិពន្ធ(សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេង ដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។
 
លោកស្រី ភឿង សកុណា បញ្ជាក់ដូច្នេះ៖«ផលិតកម្មថោន ត្រូវលុបចោលជាបន្ទាន់ នូវការបង្ហោះផ្សព្វផ្សាយ បទចម្រៀងខាងលើ តាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀង ដែលរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជន ចំពោះកំហុស ដែលបានកើតឡើងខាងលើ»។
 
ក្នុងនាមក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបានម៉ឺងម៉ាត់ នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ។
 
បទចម្រៀង Team ទឹកត្នោតជូរ ច្រៀងដោយលោក ម៉ៅ ហាជី , និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន ,និពន្ធបទភ្លេងដោយលោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ បទចម្រៀងមួយនេះ បានកែសម្រួលពីបទភ្លេង«ដែនដីខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ៕

Tag:
 សិល្បៈ
  វប្បធម៌
  ចម្រៀង
  ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com