កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham ជាប់បម្រាម La Liga ២ ប្រកួត ពីបទមិនគោរពអាជ្ញាកណ្តាល
07, Mar 2024 , 4:59 pm        
រូបភាព
កីឡាករ​ Jude Bellingham ជាប់បម្រាមការប្រកួតក្របខណ្ឌ La Liga ចំនួន ២ប្រកួត ចំពោះការស្រែកប្រើពាក្យមិនសមរម្យ និងមិនគោរពអាជ្ញាកណ្តាល ក្រោយពេលទទួលបានកាតក្រហមក្នុងជំនួប Real Madrid ស្មើ ២-២ ទល់នឹងក្រុម Valencia។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគបាល់ទាត់អេស្ប៉ាញ នាថ្ងៃទី៦ ខែមីនា។



ខ្សែបម្រើអន្តរជាតិអង់គ្លេស ទទួលបានកាតក្រហមនៅក្នុងការប្រកែកគ្នាមួយជាមួយនឹងក្រុមអាជ្ញាកណ្តាល ក្រោយពេលដែលកីឡាករវ័យ ២០ឆ្នាំ បានតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះ ស្របពេលត្រូវបានលោក Jesus Gil Manzano ផ្លុំកញ្ចែបញ្ចប់ការប្រកួត។ 
 
ក្រោយរឿងហេតុ ក្រុមមន្ត្រីអាជ្ញាកណ្តាលបានរាយការណ៍ថា Bellingham ប្រើកាយវិការមិនសមរម្យ និងបានស្រែកដាក់អាជ្ញាកណ្តាលប្រើពាក្យថា «វាគឺជាគ្រាប់បាល់ចូលទីបានសម្រេច (It’s F…ing Goal)»។
 
ដល់ពេលនេះគណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានដាក់បម្រាមទៅលើ Bellingham ដោយមិនឱ្យចូលលេងចំនួន ២ប្រកួត សម្រាប់ទង្វើរមិនគោរព ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល ហើយក៏នឹងត្រូវពិន័យជាប្រាក់ ៧០០អឺរ៉ូ(៧៦៣ដុល្លារទៅក្លិប) និង ៦០០អឺរ៉ូ (៦៥៤ដុល្លារ) ទៅលើកីឡាករ។
 
ក្លិប Real Madrid បានបង្ហាញភស្តុតាំងចំពោះកម្មាធិការ ដោយប្រកែកថា Bellingham មិនបានបង្ហាញអាកប្បកិរិយាឆេវឆាវឡើយ ដោយកីឡាករបានត្រឹមតែនិយាយចំពោះអាជ្ញាកណ្តាល ហើយព្រមទាំងបានច្រានចោលពាក្យសម្តីដែលកីឡាករអង់គ្លេសនិយាយ ថាមិនបានប្រមាថ ឬប្រមាថលើអាជ្ញាកណ្តាលឡើយ។
 
Bellingham នឹងខកខានជួយ Real Madrid ក្នុងជំនួបក្របខណ្ឌ La Liga ចំនួន ២ប្រកួត ដោយត្រូវលេងទល់នឹងក្រុម Celta Vigo ក្នុងសប្តាហ៍នេះ និងនៅថ្ងៃទី១៦ ខែមីនា​ ជំនួបទល់នឹងក្រុម Osasuna។ ជំនួបទល់នឹងក្រុម Athletic Cup ថ្ងៃទី៣១ ខែមីនា កីឡាករវ័យ ២០ឆ្នាំ នឹងត្រូវវិលត្រឡប់មកវិញ៕

Tag:
 Jude Bellingham
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com