RFI
អន្តរជាតិ
អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន​បង្ហោះ​​​ផ្កាយ​រណបព័ត៌មាន​​ឯករាជ្យ​នៅរុស្ស៊ី
07, Mar 2024 , 7:39 pm        
រូបភាព
អង្គការ​ក្រៅ​រដ្ឋាភិបាល RSF បាន​ប្រកាស​ បង្ហោះ​​បណ្តាញ​ព័ត៌មាន​ផ្កាយ​រណប​ ប្រកប​ដោយ​ជោគជ័យ សម្រាប់​ផ្តល់​ព័ត៌មាន​បែប​ឯករាជ្យ​ដល់​ប្រជាពលរដ្ឋ​រុស្ស៊ី​ © RFI khmer
អង្គការ​ក្រៅ​រដ្ឋាភិបាល RSF បាន​ប្រកាស​ បង្ហោះ​​បណ្តាញ​ព័ត៌មាន​ផ្កាយ​រណប​ ប្រកប​ដោយ​ជោគជ័យ សម្រាប់​ផ្តល់​ព័ត៌មាន​បែប​ឯករាជ្យ​ដល់​ប្រជាពលរដ្ឋ​រុស្ស៊ី​ © RFI khmer
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
អង្គការ​ក្រៅ​រដ្ឋាភិបាល RSF បាន​ប្រកាស​ នៅ​ថ្ងៃទី​៥មីនា​ បង្ហោះ​​បណ្តាញ​ព័ត៌មាន​ផ្កាយ​រណប​ ប្រកប​ដោយ​ជោគជ័យ សម្រាប់​ផ្តល់​ព័ត៌មាន​បែប​ឯករាជ្យ​ដល់​ប្រជាពលរដ្ឋ​រុស្ស៊ី​។ បច្ចុប្បន្នភាព​ផ្តល់​ដោយ​បណ្តាញ​ផ្កាយរណប​Svoboda ស្វូបូដា ​មួយ​ភាគ​ធំផលិត​ឡើង​ដោយ​អ្នក​កាសែត​ជាតិ​រុស្ស៊ី​ដែល​បានបង្ខំ​ចិត្ត​​និរទេសខ្លួន​​ចាក​ចេញ​ពី​ប្រទេស​នៅពេលរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។

 
សម្រាប់​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន​ RSF បណ្តាញ​ព័ត៌មាន​ផ្កាយរណប “Svoboda” (មាន​ន័យ​ថា​ ​សេរីភាព​ ជា​ភាសារុស្ស៊ី) ជា​ភស្តុតាង​បញ្ជាក់​ថា​លទ្ធិប្រជាធិបតេយ្យ​អាច​នាំ​ចេញ​ដោយ​ឯករាជ្យ និង​អាច​បត់​ប្តូរ​និន្នាការឃោសនា​ពង្វក់​ព័ត៌មាន​របស់​​បណ្តាញ​សារព័ត៌មានរុស្ស៊ី​ដែល​ត្រួតត្រា​ដោយ​​រដ្ឋ​រុស្ស៊ី។ មាន​ន័យ​ថា​ ចាប់ពីពេល​នេះទៅ​ពលរដ្ឋ​រុស្ស៊ី​អាច​ស្តាប់​និង​តាម​ដាន​ព័ត៌មាន​និយាយ​អំពី​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន មិនមែន​ឮ​ត្រឹម​ពាក្យ​ថា ប្រតិបត្តិការយោធា​ពិសេស​ ដូច​អ្វី​ដែល​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ប្រើ​នោះ​ទេ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់RSF ជា​​ម្ចាស់​គម្រោង។
 
គម្រោង​ផ្កាយ​រណប​បាន​ចាប់ដំណើរការ​​ជា​ផ្លូវ​ការ​ ​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អនុប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី  Veera Jourova ដែល​ចាត់​ទុក​Svoboda ជា​ឧបករណ៍​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ អឺរ៉ុប​មិន​បាន​ត្រៀម​ប្រឈម​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​វាយលុក​យ៉ាង​សាហាវ និង​មិន​នឹក​ស្មាន​ថា​រុស្ស៊ី​មាន​សមត្ថភាព​ឃោសនា​បំផ្លើស​ព័ត៌មាន​សម្រប​តាម​ស្ថានភាព​ប្រទេស​នីមួយៗ​ជាស​មាជិកសហភាព​អឺរ៉ុប​ដូច្នេះ​សោះ។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រីអនុប្រធាន​គណៈកម្មការ​អឺរ៉ុបដដែល។
 
បណ្តាញផ្កាយរណប​​ថ្មី​នេះ មានផ្សាយវិទ្យុ​​​និង​ ទូរទស្សន៍​៩​ប៉ុស្តិ៍​ សម្រាប់ពេល​ចាប់​ផ្តើម​ដំបូង និង​អាច​ឡើងដល់​២៥​ប៉ុស្តិ៍​នៅ​ថ្ងៃ​ក្រោយ ហើយនិយាយ​​ជា​ភាសា​រុស្ស៊ី សម្រាប់​ទូរទស្សនិកជន​រុស្ស៊ី​ និង​ទូរទស្សនិកជន​និយាយ​ភាសា​រុស្ស៊ី រស់​នៅ​ជាប់​ប្រទេស​រុស្ស៊ី ដូច​យ៉ាង​ប្រទេស​បេឡារុស​ ឬ​ដែន​ដី​អ៊ុយក្រែន​ក្រោម​ការ​​កាន់កាប់​របស់​យោធា​រុស្ស៊ី។
 
អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង ជា​អ្នក​ផ្គត់ផ្គង់​​ថវិកា​លើ​គម្រោង​ផ្សាយ​តាមផ្កាយ​រណប​នេះ ដោយ​ប្រើ​ប្រព័ន្ធផ្សព្វផ្សាយតាម​ផ្កាយរណប​​ជាមួយ​ក្រុម​Eutelsat ជាមួយ Horbird។ ដូច្នេះបើ​តាម​ការ​ពន្យល់​លម្អិត​របស់​លោក Christophe Deloire អគ្គលេខា​អង្គការ​RSF​ពលរដ្ឋ​រុស្ស៊ីប្រមាណ​៤លាន​កន្លះ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ប៉ារ៉ាបូល​នៅ​តាម​ផ្ទះ​ស្រេច​ទៅហើយ​​ ​​នឹង​អាចមើល​ទូរទស្សន៍ ​តាម​ដាន​ព័ត៌មាន បច្ចុប្បន្នភាព និង​កម្មវិធី​ផ្សេងៗ​ទៀត​តាម​​បណ្តាញ​Svoboda បន្ថែម​ពីលើ​បណ្តាញ​ដែល​មាន​ស្រាប់ បាន​ដោយ​សុវត្ថិភាព​ និង​ជា​ទី​ទុក​​ចិត្ត៕

© រក្សាសិទ្ធិដោយ thmeythmey.com