RFI
អន្តរជាតិ
វៀតណាម ចាប់​ខ្លួន​សកម្មជន​​នយោបាយ​ប្រឆាំង ៣ នាក់
08, Mar 2024 , 7:59 am        
រូបភាព
វៀតណាម ចាប់ខ្លួនសកម្មជននយោបាយប្រឆាំង ៣ នាក់។ © Human Rights Watch
វៀតណាម ចាប់ខ្លួនសកម្មជននយោបាយប្រឆាំង ៣ នាក់។ © Human Rights Watch
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ថ្មីៗនេះ នគរបាល​វៀតណាម បាន​ចាប់​ឃុំ​ខ្លួនសកម្មជន​នយោបាយ​ ៣ នាក់ ដែលតែងតែ​​រិះគន់​ប្រឆាំង​រដ្ឋអំណាច​សង្គមនិយម​វៀតណាម។​ នេះបើតាម​អង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch ដែល​បាន​ចេញផ្សាយ​របាយ​ការណ៍ថ្មី​ នៅ​ថ្ងៃពុធ ទី​៦មីនា។ ​រដ្ឋអំណាច​វៀតណាម បដិសេធថា គ្មាន​ចាប់​ខ្លួន​នរណាម្នាក់​ឡើយ។​



សកម្មជន​នយោយបាយ​ប្រឆាំង​ ៣រូប ​ដ៏លេចធ្លោ ដែល​តែងតែឧស្សាហ៍​រិះគន់​ថ្កោលទោសរដ្ឋាភិបាល​វៀតណាម​ ត្រូវ​រដ្ឋអំណាច​ ចាប់ខ្លួន​ឃុំ​ខ្លួន កាលពីពេល​ថ្មីៗ​។  ​អង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch តាមរយៈ អ្នក​តំណាង​នៅ​តំបន់​អាស៊ី ​លោក ផីល រ៉ូប៊ឺតស៊ុន​ បាន​អះអាងថា «ជន​ទាំង៣នាក់ គ្មានបាន​ធ្វើ​អ្វី​ខុស​ឡើង។ ពួក​គេ​គ្រាន់តែ​បាន​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ក្នុងនាម​ជា​ពលរដ្ឋ​តែប៉ុណ្ណោះ»។
 
បើតាម​ ​​​អង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch ប្រចាំ​​តំបន់​អាស៊ី សកម្ម​ជន ២ ត្រូវ​ចាប់ខ្លួន​នៅ​រដ្ឋធានីហាណូយ ហើយ​ម្នាក់ទៀត នៅ​ប៉ែកកណ្តាល​នៃផ្ទៃប្រទេស។​  ពួក​គេ ៣ ​សុទ្ធតែ​ជាអ្នកជើងខ្លាំង​ខាង​និយាយ​និង​ខាង​សរសេរ​រិះគន់​ក្នុង​បណ្តាញ​សង្គ​ម និងធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ផង​​។
 
លោក ង្វៀន ជី ទុយៀន អាយុ ៤៩ឆ្នាំ ត្រូវនគរបាល​ចាប់ខ្លួន ​នៅសប្តាហ៍មុន ថ្ងៃទី​២៩កុម្ភៈ​។ លោកនេះ ប្រើ​បណ្តាញ​សង្គម​ហ្វេសបុក​និង​យូធូប​ដើម្បី​រិះគន់​ផ្នែក​នយោបាយ។  លោកមាន​យូធូប២។ ១ មាន​វីដេអូ ១ ៦០០ ហើយ​អ្នក​តាមដាន​មើល ៩៨ ០០០គណនី។ យូធូប​១ទៀត ផ្សាយ​វីដេអូ​១ពាន់ មាន​អ្នក​តាមដាន​មើល ៦ ម៉ឺន​គណនី។ មុនពេល​ចាប់ខ្លួន​ លោក ង្វៀន ជី ទុយៀន ធ្លាប់​ចេញមុខ​ធ្វើ​បាតុកម្ម​គាំទ្រ​បរិស្ថាន​ ហើយ​​ត្រូវ​ប៉ូលិស​វៀតណាម​ចាប់សួរ​ចម្លើយ និង​ធ្វើ​ទុក្ខ​បុកម្នេញ​ជាច្រើន រួច​ទៅហើយ។​
 
សកម្មជន​មួយ​រូបទៀតដែលត្រូវចាប់ខ្លួន​ក្នុងថ្ងៃ​ដដែល​ គឺ លោក ង្វៀន វូ ប៊ិញ  ​ អាយុ ៥៥ ឆ្នាំ ធ្លាប់ធ្វើ​ជាអ្នក​កាសែត​បម្រើ​រដ្ឋាភិបាល​វៀតណាម​ ប្រមាណ ១ទសវត្សរ៍ ក៏ប៉ុន្តែ​ក្រោយ​មក រូបលោកត្រូវ​​​​តុលាការ​ចាប់ឃុំខ្លួន ព្រោះតែបាន​បង្ហាញ​សកម្មភាព​ចូលរួម​ចលនា​ប្រឆាំង​រដ្ឋ​អំណាច​។ នៅឆ្នាំ២០០៣ តុលាការ​បាន​កាត់ទោស​លោក ង្វៀន វូ ប៊ិញ ឲ្យ​ជាប់ពន្ធនាគារ​ ៣ ឆ្នាំ ពីបទ​ចារកម្ម​​។ ចន្លោះឆ្នាំ២០១៥ដល់​២០២៤ លោក ង្វៀន វូ ប៊ិញ  បាន​បម្រើ​ការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី Radio Free Asia ។
 
បុរសទី៣ គឺលោក ហ័ង វៀត កាញ ​វ័យ ៤១ឆ្នាំ ត្រូវចាប់ខ្លួន ថ្ងៃទី១មីនា​ នៅ​ប៉ែកកណ្តាល​ប្រទេស​។ លោកនេះ ប្រើ​ហ្វេសបុក​តាំងពីឆ្នាំ​២០១៨ ដើម្បី​និយាយ​បញ្ចេញមតិ​រិះគន់​សង្គម​និងនយោបាយ​វៀតណាម​។
 
ដំណឹង​ជុំវិញ​ការ​ចាប់ខ្លួន​បុរស​ទាំង​នេះ ត្រូវ​រដ្ឋាភិបាល​សង្គមនិយម​វៀតណាម បដិសេធ​ច្រាន​ចោល និង​ថា​គ្មាន​បាន​ចាប់​ឃាត់ខ្លួន​នរណា​ម្នាក់ឡើយ។
 
យោង​តាម​​​អង្គការ​ការពារសិទ្ធិមនុស្ស​នៅក្នុង​ស្រុក​វៀតណាម ហើយ​និង​ Human Rights Watch នៅវៀតណាម មាន​អ្នក​ទោស​មនសិការ​ប្រមាណ ជា ១៦០ -១៧០ នាក់ ​កំពុងតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ អង្គការ​សិទ្ធិ​មនុស្ស​ ទាំងក្នុង​និងក្រៅស្រុក កំពុង​តែ​ផុសផុល​ផ្សាយ​ច្រើន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និងការ​ធ្វើ​ទុក្ខបុកម្នេញ​ពីសំណាក់​រដ្ឋអំណាច​របប​ក្រុង​ហាណូយ​នេះ ក៏ពីព្រោះតែ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម បានអំពាវនាវ​និង​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ ឲ្យ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​​វៀតណាម ជា​សមាជិក​ប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ សម្រាប់អាណត្តិថ្មី ២០២៦-២០២៨៕​

© រក្សាសិទ្ធិដោយ thmeythmey.com