អន្តរជាតិ
ឧបការីរដ្ឋមន្រ្តីការបរទេសរម្លឹកពីក្តីបារម្ភនៅមូលដ្ឋានទ័ពរាមប្រាប់សម្តេចហ៊ុន ម៉ាណែត
07, Mar 2024 , 9:29 pm        
រូបភាព
លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីប៉ូព៌ា (ឆ្វេង) ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ រូបភាព STPM
លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីប៉ូព៌ា (ឆ្វេង) ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ រូបភាព STPM
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា លោក Daniel Kritenbrink បានរម្លឹកពីជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីចុងខែកុម្ភៈ ដោយលោកបានលើពីក្តីបារម្ភលើមូលដ្ឋានទ័ពរាម។ មន្រ្តីអាម៉េរិករូបនេះ បានបញ្ជាក់ថា កិច្ចពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត គឺប្រកបដោយលទ្ធផលវិជ្ជមាន និងស្មោះត្រង់

 
មូលដ្ឋានទ័ពរាម នៅតែជាក្តីបារម្ភរបស់អាម៉េរិក ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត និងឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា លោក Daniel Kritenbrink នៅចុងខែកុម្ភៈ កន្លងមក។ 
 
«ខ្ញុំគិតថាអាម៉េរិកបានបញ្ជាក់ពីតម្លាភាពពីមុនមកហើយ ដែលអាម៉េរិក និងបណ្តាប្រទេសជាច្រើនក្នុងតំបន់បានបង្ហាញពីក្តីបារម្ភពីការសាងសង់កំពង់ផែរាម ក៏ដូចជាតួនាទីយោធាចិននៅពេលអនាគត»។ លោក Kritenbrink បានរម្លឹកបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី៧ ខែមីនា (ពេលនៅកម្ពុជា)។  
 
យ៉ាងណាមិញ មន្រ្តីក្រសួងការបរទេសរូបនេះ បានចាត់ទុកកិច្ចពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត ប្រកបដោយលទ្ធផលវិជ្ជមាន និងស្មោះត្រង់។ លើសពីនេះ លោក Kritenbrink បានអះអាងថា គោលនយោបាយរបស់អាម៉េរិកមកក្នុងតំបន់ គឺធានាដៃគូរបស់ខ្លួន អាចមានជម្រើស និងបន្តមានអធិបតេយ្យភាពរបស់ខ្លួន។ 
 
កន្លងមក អាម៉េរិក បានចោទកម្ពុជាថា អនុញ្ញាតឱ្យយោធាចិនប្រើមូលដ្ឋានទ័ពរបស់ខ្លួន។ យ៉ាងណាមិញ កម្ពុជា បានបដិសេធ ហើយថាកំពង់ផែនោះ ចាំទទួលនាវាយោធាមកពីគ្រប់ប្រទេស។ លើសពីនេះ លោក Kritenbrink បន្តបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អាម៉េរិក នៅបន្តប្តេជ្ញាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិ»។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ អាម៉េរិកចាត់ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាតំបន់ដែលប្រវត្តិសាស្រ្តនៃសតវត្សរ៍ទី២១ ត្រូវកត់ត្រាទុក។ 
 
លោក Kritenbrink បានយល់ឃើញថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ជាអនាគតនៃសន្តិសុខ និងវិបុលរបស់អាម៉េរិក ដែលត្រូវបានកំណត់ទុកផងដែរ។ កន្លងមក ចិន បានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងផ្នែកសេដ្ឋកិច្ច វិនិយោគ និងយោធា។ ទន្ទឹមនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់យ៉ាងខ្លាំង៕

Tag:
 អាម៉េរិក
  ឥណ្ឌូ-ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com