សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌាដាក់គ្រូបង្រៀនជាមនុស្សយន្ត AI លើកដំបូងនៅសាលារៀន
09, Mar 2024 , 9:29 am        
រូបភាព
រូបភាព ៖ NDTV
រូបភាព ៖ NDTV
អនុវិទ្យាល័យមួយក្នុងរដ្ឋ Kerala របស់ឥណ្ឌាបានដាក់ពង្រាយគ្រូបង្រៀនមនុស្សយន្តបញ្ញាសិប្បនិម្មិត (AI) ជាលើកដំបូងគេដែលមានឈ្មោះថា Iris ។ មនុស្សយន្ត AI នេះ មានរូបរាងជាស្រ្តី ព្រមទាំងចេះនិយាយបាន ៣ភាសា។

 
យោងតាមទូរទស្សន៍ឥណ្ឌា ​​NDTV  មនុស្សយន្ត Iris ជាគ្រូបង្រៀន AI ដំបូងគេនៅក្នុងរដ្ឋ Kerala ហើយអាចដាក់ដំណើរការទូទាំងប្រទេសនាពេលអនាគតដ៏ខ្លី។ 
 
Iris ជាគំនិតផ្តួចផ្តើមរបស់មូលនិធិសប្បុរសធម៌ Kaduvayil Thangal បង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ Makerlabs Edutech ។ គ្រូបង្រៀន AI នេះអាចឆ្លើយសំណួរស្មុគ្រស្មាញលើប្រធានបទជាច្រើន ព្រមទាំងចេះនិយាយបីភាសា។ 
 
មនុស្សយន្តនេះ បច្ចុប្បន្ននិយាយបានភាសាអង់គ្លេស ហិណ្ឌូ និងម៉ាឡាយ៉ាឡា ហើយគ្រោងនឹងអភិវឌ្ឍពង្រីកវាដល់ជាង ២០ភាសា។ លើសពីនេះ Iris ក៏មានសមត្ថភាពទប់ស្កាត់ខ្លឹមសារមិនសមរម្យដូចជាគ្រឿងញៀន និងអំពើហិង្សាជាដើម។
 
តាមពិត Iris បានបង្ហាញខ្លួនជាលើកដំបូងដល់សិស្សានុសិស្សកាលពីខែមុន ហើយមានប្រជាប្រិយភាពខ្លាំងនៅឥណ្ឌា។ វីដេអូចែករំលែកដោយ Makerlabs Edutech នៅលើបណ្តាញសង្គម Instagram បង្ហាញថា Iris ត្រូវបានបំពាក់ដោយកង់ដើម្បីបង្កើនភាពចល័តរបស់ខ្លួន។
 
បើតាម ​​NDTV ការដាក់គ្រូបង្រៀន AI ជារបត់មួយនៅក្នុងការងារអប់រំរបស់រដ្ឋ Kerala ។ Iris មានសមត្ថភាពក្នុងការកំណត់ការរៀនសូត្រផ្ទាល់ខ្លួន សម្របសម្រួលវិធីសាស្រ្តសិក្សាផ្សេងៗគ្នា និងធ្វើឱ្យការសិក្សាកាន់តែទាក់ទាញសម្រាប់សិស្ស៕ 

Tag:
 គ្រូបង្រៀន
  ឥណ្ឌា ​
  AI
  បញ្ញាសិប្បនិម្មិត
© រក្សាសិទ្ធិដោយ thmeythmey.com