RFI
អន្តរជាតិ
ឥណ្ឌាចាប់បណ្តាញក្រុមឆបោកមនុស្សបញ្ចូនឲ្យរុស្ស៊ីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន
×
ដោយ៖ហេង ឧត្តម/ខេមរភាសា
មនុស្សជាច្រើននាក់ត្រូវនគបាលឥណ្ឌាចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញក្រុមឆបោកមនុស្ស។ គោលដៅរបស់ក្រុមជនឆបោកនេះ គឺបញ្ជូនមនុស្សឲ្យរុស្ស៊ី ដើម្បីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប៉ូលិសស៊ើបអង្កេតឥណ្ឌា ដែលប្រកាសឲ្យដឹង ក្រោយពីបានចុះឆែកឆេរទីតាំងសង្ស័យ ចំនួន១៣កន្លែង នៅក្រុងញូវដេលី និង ក្រុងបុមបៃ។ ព័ត៌មានបឋមពីសមរភូមិអ៊ុយក្រែន ទាហានជនជាតិឥណ្ឌា យ៉ាងហោចម្នាក់ទៅពីរនាក់ហើយ បានស្លាប់បាត់បង់ជីវិត។
នៅសមរភូមិអ៊ុយក្រែន មានជនជាតិឥណ្ឌា មិនតិចជាង ៣៥ នាក់ឡើយ ដែលកំពុងតែធ្វើទាហានក្នុងជួរកងទ័ពរុស្ស៊ី។ នេះបើតាមការប៉ាន់ស្មានចំនួនជាបឋមរបស់ក្រសួងការបរទេសឥណ្ឌា។ អ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌា ប្រកាសថាមន្ត្រីទូតឥណ្ឌានឹងសហការជាមួយរដ្ឋាភិបាលរុស្ស៊ី ដើម្បីរកដំណោះស្រាយបញ្ចូនជនរងគ្រោះត្រឡប់ចូលស្រុកវិញ។
ក្នុងសប្តាហ៍នេះ នគរបាលឥណ្ឌា បានធ្វើប្រតិបត្តិការបង្ក្រាបទីតាងសង្ស័យ ចំនួន១៣កន្លែង នៅ ក្រុងញូវដេលី និង ក្រុងបុមបៃ។ តាមរយៈប្រតិបត្តិការនេះ នគរបាលឥណ្ឌា បានចាប់ឃាត់ខ្លួនមនុស្សជាច្រើននាក់ រួមនឹងវត្ថុតាំងជាសំណុំឯកសារសន្ធឹក និងលុយសុទ្ធ ៥០លានរូពី ស្មើប្រមាណជា ៥៥ ម៉ឺនអឺរ៉ូ។ ការិយាល័យប៉ូលិសស៊ើបអង្កេតឥណ្ឌា ប្រកាសឲ្យដឹងដែរពីឈ្មោះបុគ្គល ហ្វៃសាន់ ខាន់ ជាជនសង្ស័យសំខាន់១ក្នុងបណ្តាញឆបោកមនុស្ស និងបានបញ្ចូនជនជាតិឥណ្ឌា ១៦នាក់ ទៅប្រទេសរុស្ស៊ី ក្នុងចន្លោះខែវិច្ឆិកា និងធ្នូ ចុងឆ្នាំ២០២៣។
ជាការកត់សម្គាល់ ប្រតិបត្តិការរបស់ប៉ូលិសឥណ្ឌាបង្ក្រាបបណ្តាញឆបោកមនុស្សនេះ ធ្វើឡើងក្រោយពីមានលេចដំណឹងក្នុងខែកុម្ភៈ តាមរយៈទីភ្នាក់ងារសារព័ត៌មានបារាំងអាអេហ្វប៉េ។
អាអេហ្វប៉េបានសម្ភាសទាហានឥណ្ឌាមួយចំនួន ដែលនិយាយថាចូលរួមច្បាំងខាងរុស្ស៊ី ព្រោះតែត្រូវគេល្បួងសន្យាឲ្យប្រាក់ខែច្រើន និងលិខិតឆ្លងដែនរុស្ស៊ី ទៀតផង។ ក្នុងវីដេអូផ្សេងទៀតដែលអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាលឥណ្ឌា ជនជាតិឥណ្ឌា ៧ នាក់ រៀបរាប់ថា បានទៅដល់ប្រទេសរុស្ស៊ីដោយសារទិដ្ឋាការទេសចរណ៍ មិនទិដ្ឋាការការងារទេ ហើយក៏ស្រាប់តែត្រូវគេបញ្ជូនទាំងបង្ខំ ទៅសមរភូមិច្បាំងនៅអ៊ុយក្រែនតែម្តង។
ជុំវិញការឆបោកមនុស្សឲ្យចូលធ្វើទាហានក្នុងជួរទ័ពរុស្ស៊ី ដើម្បីទៅច្បាំងនៅអ៊ុយក្រែននេះ កាលនៅថ្ងៃសុក្រ សារព័ត៌មានបរទេស តួយ៉ាង អាអេហ្វប៉េ និង រឺយទ័រ្ស បានសុំការបំភ្លឺពីក្រសួងការបរទេសរុស្ស៊ីដែរ តែគ្មានចម្លើយតបទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com