ការចូលរួមស្នើគ្នារវាងស្ត្រី និងបុរសជាកត្តាសំខាន់ក្នុងសន្តិសុខ និងស្ថិរភាពរបស់ប្រទេស ហើយការមិនរាប់បញ្ចូលស្ត្រីពីការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមអាចបង្កើនហានិភ័យនៃអស្ថិរភាព។ សមភាពយេនឌ័រមិនគ្រាន់តែអំពីការធ្វើអ្វីដែលត្រឹមត្រូវ ឬអំពីយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធាតុសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការព្យាករដ៏សំខាន់នៃស្ថិរភាព និងសន្តិសុខដែលអាចកែលម្អការងារលើការការពារជម្លោះ។
នៅលើសកលលោកនេះ ក៏កត់សម្គាល់ឃើញមានការចូលរួមរបស់ស្ត្រីក្នុងវិស័យការពារជាតិ ឬយោធាផងដែរដែលភាគច្រើនត្រូវបានគ្របដណ្ដប់ដោយបុរស។ យោងតាមការស្រាវជ្រាវសន្តិភាព និងសន្តិសុខផ្តល់នូវព័ស្តុតាងដ៏រ៉ឹងមាំដែលបង្ហាញថា ការពង្រឹងអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលប្រកបដោយសន្តិភាព និងស្ថិរភាព បន្ថែមទៀត។
ខាងក្រោមនេះ គឺជាការសង្ខេបខ្លីៗពីប្រវត្តិរូបរបស់រដ្ឋមន្ត្រីការពារជាតិស្ត្រីបច្ចុវប្បន្នមួយចំនួន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងសុខសន្តិភាព។
១. រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles
លោកស្រី Robles ត្រូវបានចូលកាន់តំណែងជាប្រមុខការពារជាតិអ៉េសស្បាញចាប់តាំងពីឆ្នាំ២០១៨មក ខណៈក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ លោកស្រីក៏បានបម្រើការ ជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសផងដែរ។ បញ្ចប់ការសិក្សាពីមុខជំនាញច្បាប់ និងនយោបាយ លោកស្រីRobles គឺជាស្ត្រីដំបូងគេដែលធ្លាប់ធ្វើជាប្រធានអង្គជំនុំជម្រះរដ្ឋបាល ជាស្ត្រីដំបូងដែលធ្លាប់ធ្វើជាប្រធានតុលាការ និងព្រមទាំងជាស្ត្រីដំបូងគេដែលឡើងដំណែង ដល់តុលាការកំពូលអេស្ប៉ាញផងដែរ។
២. រដ្ឋមន្ត្រីការពារជាតិស្វីស លោកស្រី Viola Amherd
ក្រោយបានបញ្ចប់ការសិក្សាច្បាប់នៅ
សកលវិទ្យាល័យ Fribourg លោកស្រី Amherd បានក្លាយជាមេធាវីឯករាជ្យ និងសារការី ហើយបានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ១៩៩២ ជាសមាជិកក្រុមប្រឹក្សាក្រុងBrig-Glis ។ ចាប់ពីឆ្នាំ ២០០៥ លោកស្រីបានបម្រើការងារនៅក្នុង ក្រុមប្រឹក្សាជាតិដែលជាកន្លែងដែលលោកស្រីបានកាន់តំណែងជាអនុប្រធាននៃក្រុមសភា
សហព័ន្ធនៃបក្សប្រជាជនប្រជាធិបតេយ្យគ្រីស្ទាន(CVP) ពីឆ្នាំ២០១១។ លោកស្រីបានកាន់ តំណែងជាប្រមុខការពារជាតិពីឆ្នាំ ២០១៩។
៣. រដ្ឋមន្ត្រីការពារជាតិអូទ្រីសលោកស្រី Klaudia Tanner
លោកស្រី Klaudia Tanner គឺជាអ្នកនយោបាយអូទ្រីសនៃបក្សប្រជាជន ដែលបានបម្រើការជា រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋាភិបាលអធិការបតីលោកSebastian Kurz ចាប់តាំងពីខែមករា ឆ្នាំ២០២០។ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ លោកស្រីបានធ្វើការជាអ្នកគ្រប់គ្រង ទូទៅនៃសមាគមកសិករនយោបាយអូទ្រីស។
៤. រដ្ឋមន្ត្រីការពារជាតិបែលហ្ស៊ិកលោកស្រី Ludivine Dedonder
លោកស្រី Dedonder បានបន្តការសិក្សាផ្នែកវិស្វកម្មគ្រប់គ្រងនៅសកលវិទ្យាល័យ Liège បន្ទាប់ពីការបោះឆ្នោតសហព័ន្ធឆ្នាំ២០១៩ លោកស្រីDedonder ត្រូវបានជ្រើសរើសជាសមាជិកសភា និងបានចូលរួមជាមួយសភាតំណាងរាស្រ្ត។ បន្ទាប់ពីនោះ លោកស្រីបានបន្ត ការវិនិយោគនៅក្នុងនយោបាយហើយបានក្លាយជាសហប្រធាននៃសហព័ន្ធសង្គមនិយម Wallonia Picardy។ ចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំ២០២០ លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏ជាស្ត្រីទីមួយដែលកាន់តំណែងនេះផងដែរ។
៥. រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren
បញ្ចប់ការសិក្សាក្នុងផ្នែកប្រវត្តិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ លោកស្រី Ollongren ទទួលបាន មុខតំណែងផ្សេងៗនៅក្រសួងសេដ្ឋកិច្ច។ មុននឹងក្លាយជាប្រមុខការពារជាតិនៅក្នុងឆ្នាំ ២០២២ លោកស្រីមានតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំនាក់ទំនងចាប់ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២។
ក្រៅពីនេះ ប្រទេសដែលមានរដ្ឋមន្ត្រីការពារជាតិជាស្ត្រីរួមមាន ណូវែលសេឡង់ ស៊ីលី សាធារណរដ្ឋឆែក ព័រទុយហ្កាល់ជាដើម៕